(សៀមរាប)៖ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប សហការជាមួយនឹងអាជ្ញាធរខេត្តសៀមរាប បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន អ្នកចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ជូនដល់គណៈអភិបាលក្រុង-ស្រុក អធិកានគរបាលក្រុង-ស្រក មេឃុំ-ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ និងស្មៀនឃុំ-សង្កាត់ទូទាំងខេត្តសៀមរាប។
លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានជំរុញបន្ថែមមេឃុំ-ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទូទាំងខេត្ត ត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការងារស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន និងត្រូវទទួលខុសត្រូវខ្ពស់ ដោយផ្អែកលើសេចក្តីជូនដំណឹងលេខ ១០៦៣ ស.ជ.ណ ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៤ របស់ក្រសួងមហាផ្ទៃស្តីពីការផ្តល់អាទិភាពដល់ការងារពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតជូនប្រជាពលរដ្ឋនៅតាមឃុំ-សង្កាត់តាមប្រតិទិនរបស់ គ.ជ.ប។
លោក នឹម វ៉ាន់សំ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត បានស្នើសុំឱ្យការចុះស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន ត្រូវមានការឯកភាពគ្នារវាងមេឃុំ-ចៅសង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ និងបានបញ្ជាក់ឱ្យភាគីពាក់ព័ន្ធទាំងអស់ អនុវត្តការងារចុះស្រង់ស្ថិតិនេះដោយផ្អែកលើសេចក្តីណែនាំលេខ ០០១ គ.ជ.ប សណន ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ស្តីពីការស្រង់ស្ថិតិប៉ាន់ស្មានអ្នកចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០។
លោកប្រធានបានសង្កត់ធ្ងន់លើ៖
* ប្រមូលទិន្នន័យប្រជាពលរដ្ឋរួម (អ្នកមានអាយុ១៨ឆ្នាំឡើងទៅ និងអ្នកមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី)
* ប៉ាន់ស្មានចំនួនប្រជាពលរដ្ឋដែលត្រូវចុះឈ្មោះ និងធ្វើផែនការចុះឈ្មោះ ឆ្នាំ២០២០
* ប៉ាន់ស្មានចំនួនការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត
* ប៉ាន់ស្មានចំនួនមន្ត្រីដែលប្រើប្រាស់ពេលចុះឈ្មោះបោះឆ្នោត និងពេលបោះឆ្នោត
* ប៉ាន់ស្មានថវិកា សម្ភារឯកសារ សម្រាប់ចុះឈ្មោះ និងការបោះឆ្នោត
* ចុះឈ្មោះបោះឆ្នោតទទួលបានភាគរយខ្ពស់
* ការរៀបចំបញ្ជីបោះឆ្នោតមួយដែលមានភាពត្រឹមត្រូវ បច្ចុប្បន្នភាព និងភាពពេញលេញ។
វគ្គបណ្តុះបណ្តាលនេះមានប្រធានបទចំនួន២ មានផែនការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានអ្នកចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ និងនីតិវិធីការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន អ្នកចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០។
ការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានអ្នកចុះឈ្មោះបោះឆ្នោត គឺជាការអនុវត្តការងាររៀបចំត្រៀមបម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ដែល គ.ជ.ប តែងតែធ្វើជាទៀតទាត់ ដោយមានកិច្ចសហការអនុវត្តផ្ទាល់ពីអាជ្ញាធរឃុំ-សង្កាត់ និងការសម្របសម្រួលពីអាជ្ញាធរខេត្ត ក្រុង-ស្រុក។
សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលស្តីពីការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន អ្នកចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ នេះប្រព្រឹត្តទៅរយៈពេលមួយព្រឹក នៅសាលាខេត្តសៀមរាម នាថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០ ដែលមានអ្នកចូលរួមសរុប ៣១៤នាក់ (ស្រី ២៦នាក់)៕