Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត៖ ការព្យាបាលជំងឺតាមរយៈវិស័យអន្តរាគមន៍វិទ្យុសាស្ត្រ មិនមានការប៉ះពាល់ដល់សុខភាព និងទទួលបានប្រសិទ្ធិភាពខ្ពស់

30-01-2020 18:07

(ភ្នំពេញ)៖ លោក គង់ សន្យា អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត បញ្ជាក់ថា វិស័យអន្តរាគមន៍វិទ្យុសាស្ត្រ មិនត្រូវការការវះកាត់ឡើយ ហើយការព្យាបាល គឺមានប្រសិទ្ធិភាពខ្ពស់ និងកាត់បន្ថយការសម្រាកព្យាបាលយូរ ជាពិសេសព្យាបាលជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺមហារីករួមទាំងជំងឺផ្សេងទៀត។

ការលើកឡើងបែបនេះរបស់លោក ធ្វើឡើងក្នុងកម្មវិធីសិក្ខាសាលាស្តីអំពី «អន្តរាគមន៍វិទ្យុសាស្ត្រ និងតួនាទីក្នុងវិស័យវេជ្ជសាស្ត្រទំនើប» នៅមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ។

សិក្ខាសិលានេះរៀបចំឡើង ដើម្បីចែករំលែកពីការអភិវឌ្ឍន៍នៃវិស័យអន្តរាគមន៍វិទ្យុសាស្ត្រ ព្រមទាំងលើកកំពស់ ការយល់ដឹងពីសារសំខាន់ និងប្រសិទ្ធភាពរបស់បច្ចេកទេសថ្មី ក្នុងការព្យាបាលជំងឺផ្សេងៗ។

ការព្យាបាលតាមរយៈការអន្តរាគមន៍វិទ្យុសាស្ត្រនេះ មិនមានការប៉ះពាល់ដល់សុខភាពទេ ហើយក្រុមវេជ្ជបណ្ឌិតឯកទេស មន្ទីរពេទ្យកាល់ម៉ែតបានត្រៀមខ្លួន និងពាំនាំយកបច្ចេកទេស អន្តរាគមន៍វិទ្យុសាស្ត្រទាំងអស់នេះមកអនុវត្ត ដើម្បីលើកកំពស់គុណភាពថែទាំ និងព្យាបាលជូនប្រជាជនកម្ពុជា ស្របទៅតាមស្តង់ដារអន្តរជាតិ។

លោកបានឲ្យដឹងថា វិស័យអន្តរាគមន៍វិទ្យុសាស្ត្រ គឺជាឯកទេសមួយ ក្នុងផ្នែកវេជ្ជសាស្ត្រ ដែលមានការរីកចម្រើនយ៉ាងខ្លាំងក្លា ក្នុងរយៈពេល២ទសវត្សន៍ចុងក្រោយនេះ ព្រោះរបកគំហើញថ្មីៗ ក្នុងវិស័យវិទ្យុសាស្ត្រនេះ បានរួមចំណែកយ៉ាងសកម្ម ក្នុងការជួយឲ្យព្យាបាលជំងឺជាច្រើន ដោយមិនត្រូវការការវះកាត់ ឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ប្រកបដោយហានិភ័យទាប និងការឈឺចាប់តិចតួច។

លោក គង់ សន្យា បានបន្ដថា ការអន្តរាគមន៍វិទ្យុសាស្ត្រនេះ អាចជួយព្យាបាល អ្នកជំងឺដាច់សរសៃឈាមខួរក្បាល, ជំងឺមហារីកមួយចំនួនធំ និងជំងឺជាច្រើនទៀត ប្រកបដោយប្រសិទ្ធិភាព ប្រសិនបើអ្នកជំងឺមកទទួលការព្យាបាលទាន់ពេលវេលា៕