(ព្រះសីហនុ)៖ សិក្ខាកាមប្រមាណជាង ៣០០នាក់ ទទួលបណ្តុះបណ្តាលស្តីពីវិធានការក្នុងការទប់ស្កាត់ និងការកាត់បន្ថយការធ្វើកូដកម្ម-បាតុកម្មខុសច្បាប់ ខណៈលោក អ៉ិត សំហេងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា នេះជាបទពិសោធន៍ និងការយល់ដឹងបន្ថែមទៀតដែលជាមូលដ្ឋានដ៏រឹងមាំក្នុងការចាត់វិធានការទប់ស្កាត់ និងការកាត់បន្ថយការធ្វើកូដកម្ម-បាតុកម្មខុសច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
លោករដ្ឋមន្ត្រីបានក៏បានផ្តល់ជាអនុសាសន៍បន្ថែមទៀតដល់គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម-បាតុកម្មនៅតាមគ្រប់មុខសញ្ញា ទាំងនៅថ្នាក់ជាតិ និងរាជធានី-ខេត្ត ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីបន្តខិតខំទប់ស្កាត់ និងដោះស្រាយរាល់ករណីកូដកម្ម-បាតុកម្ម ដាច់ខាតមិនទុកឱ្យរាលដាលពីតូចទៅធំក្លាយទៅជាបដិវត្តពណ៌បំផ្លាញសន្តិសុខសណ្ដាប់ធ្នាប់សង្គម បំផ្លាញស្ថិរភាពជាតិបានជាដាច់ខាត៖
១៖ ក្តាប់សភាពការណ៍ប្រមូលព័ត៌មាន តាមដានរាល់ផែនការសកម្មភាពក្រុមជ្រុលនិយមជ្រកក្រោមស្លាកគណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងមជ្ឈដ្ឋានអមិត្តដែលប៉ុនប៉ងបំផុសកូដកម្ម បាតុកម្ម កុបកម្ម បដិវត្តពណ៌។
២៖ ទប់ស្កាត់ និងដោះស្រាយរាល់ករណីកូដកម្មបាតុកម្មតាំងពីកន្លែងកើតហេតុនៅរោងចក្រសហគ្រាស នៅតាមមូលដ្ឋានមិនទុកឱ្យប្រមូលផ្តុំទៅជាកម្លាំងធំ។
៣៖ អនុវត្តវិធានការច្បាប់ វិធានការរដ្ឋបាល និងវិធានការជំនាញចំពោះពួកមេក្លោង ជនដៃដល់ និងសកម្មជន ដោយមិនលើកលែង។
៤៖ បង្កើនកិច្ចសហការជាមួយអង្គការសហជីព សមាគមនិយោជក អង្គការមិនមែនរដ្ឋាភិបាលសង្គមស៊ីវិលផ្សេងៗទៀត កសាងទំនាក់ទំនងល្អដើម្បីគ្រប់គ្រងទប់ស្កាត់ និងដោះស្រាយបញ្ហាកូដកម្មបាតុកម្ម។
៥៖ ពង្រឹងការគ្រប់គ្រងវិន័យផ្ទៃក្នុងក្រសួងស្ថាប័ន អង្គភាពនៃរដ្ឋបាលថ្នាក់ក្រោមជាតិអង្គភាពកងកម្លាំង ប្រដាប់អាវុធ ពង្រឹងធ្លុងសាមគ្គីឯកភាព គោរព និងអនុវត្តច្បាប់ បទបញ្ជា ប្តេជ្ញាចូលរួមប្រឆាំងកូដកម្ម បាតុកម្ម ប្រឆាំងបដិវត្តពណ៌ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ។
៦៖ ពង្រឹងសមត្ថភាព និងប្រសិទ្ធភាពនៃប្រតិបត្តិការទប់ស្កាត់ និងដោះស្រាយរាល់ករណីកូដកម្ម បាតុកម្ម បដិវត្តពណ៌នៃយន្តការគណៈកម្មការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មគ្រប់ថ្នាក់ ពង្រឹងការសហការរវាងគ្រប់កម្លាំងមានសមត្ថកិច្ចគណៈបញ្ជាការឯកភាពគ្រប់ជាន់ថ្នាក់។
៧៖ បណ្តុះបណ្តាលមន្រ្តី គ.ក.ប និងមន្រ្តីមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់អំពីការគ្រប់គ្រងការទប់ស្កាត់ និងដោះស្រាយរាល់ករណីកូដកម្ម បាតុកម្ម បដិវត្តពណ៌។
៨៖ រៀបចំកម្លាំងត្រៀមបម្រុង និងកសាងផែនការគ្រប់គ្រងការទប់ស្កាត់ និងដោះស្រាយរាល់ករណីកូដកម្ម បាតុកម្ម បដិវត្តពណ៌គ្រប់ភូមិសាស្រ្ត។
៩៖ ពង្រឹងការងារព័ត៌មានបំភ្លឺសាធារណមតិជាតិ-អន្តរជាតិចំពោះរាល់ករណីកូដកម្ម-បាតុកម្ម និងសកម្មភាពល្មើសច្បាប់របស់ក្រុមជ្រុលនិយម ដោយប្រើប្រាស់គ្រប់មធ្យោបាយ តាមរយៈអាជ្ញាធរមូលដ្ឋានភូមិ ឃុំ-សង្កាត់ អង្គការសហជីព អង្គការមិនមែនរដ្ឋាភិបាល បណ្តាញទំនាក់ទំនងសង្គម ប្រព័ន្ធឃោសនា និងអ្នកការទូត។
១០៖ ត្រូវគ្រប់គ្រងករណីឧបទ្ទវហេតុផ្សេងៗ ដូចជា ឃាតកម្មនយោបាយ ឃាតកម្មលើសកម្មជនល្បីៗ សិល្បករល្បីៗ ព្រឹត្តិការណ៍កីឡា បុណ្យជាតិ អន្តរជាតិ និងហានិភ័យជាយថាហេតុ។ ត្រូវមានផែនការទប់ស្កាត់ និងដោះស្រាយការបំផុសចលាចលបង្កើតបដិវត្តពណ៌តាមករណីនីមួយៗ៕