(ភ្នំពេញ)៖ ក្រុមហ៊ុន Starbucks នៅកម្ពុជាបានប្រកាសថា គ្រប់សាខាហាងទាំងអស់ បានលុបបំបាត់ការប្រើប្រាស់បំពង់បឺតជ័រ ដែលប្រើបានតែម្តងហើយបោះចោល ដោយផ្តល់ឲ្យអតិថិជននូវជម្រើសថ្មី គឺបំពង់បឺតធ្វើពីក្រដាស។

បំពង់បឺតធ្វើពីក្រដាស ត្រូវបានផលិតឡើងពី ផលិតផលក្រដាសដែលមានគុណភាពខ្ពស់ និងមិនធ្វើឲ្យប៉ះពាល់ដល់សុខភាព ដែលត្រូវបានធានា ដោយក្រុមប្រឹក្សាគ្រប់គ្រងព្រៃឈើ (Forest Stewardship Council®)។

សូមបញ្ជាក់ថា បំពង់បឺតក្រដាសមានច្រើនប្រភេទ ទាំងសម្រាប់កែវដាក់ភេសជ្ជៈទំហំស្តង់ដារ និងសម្រាប់កែវធំ សម្រាប់ភេសជ្ជៈប្រភេទហ្វ្រាបពូឈីណូ។ បំពង់បឺតនេះដាក់ឲ្យប្រើប្រាស់ នៅគ្រប់សាខាហាង Starbucks ទាំងអស់នៅកម្ពុជា។

លោក ប៉ោ លីម នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Starbucks នៅកម្ពុជាឲ្យដឹងថា «Starbucks តែងតែព្យាយាមនាំយកបទពិសោធន៍ថ្មី ក្នុងការបំពេញតម្រូវការអតិថិជន ដើម្បីឲ្យពួកគាត់បន្តក្រេបភេសជ្ជៈ ដែលចូលចិត្តដោយមិនប៉ះពាល់ ដល់បរិស្ថាន»។

លោកបន្ថែមថា «និរន្តរភាពជាចំណុចចម្បងដែល Starbucks គិតដល់មុនគេ ហើយដៃគូឆុងកាហ្វេរ តែងតែលើកទឹកចិត្តឲ្យអតិថិជន ចូលរួមចំណែកជួយបរិស្ថាន ដោយការដាក់ភេសជ្ជៈ សម្រាប់ទទួលទានក្នុងកែវ របស់ហាងផ្ទាល់ ក៏ដូចជាបញ្ចុះតម្លៃជូនអតិថិជនចំនួន១,៣០០រៀល ($0.30 ) សម្រាប់អ្នកដែលប្រើប្រាស់កែវផ្ទាល់ខ្លួន សម្រាប់ច្រកភេសជ្ជៈ»។

កាលពីខែមេសា ឆ្នាំ២០១៩ កន្លងទៅក្រុមហ៊ុន Starbucks ទូទាំងសកលលោក បាននាំគ្នាធ្វើអំពើសប្បុរសធម៌ ជួយដល់សង្គម ដោយក្រុមហ៊ុន Starbucks កម្ពុជា មានការគាំទ្រពីអង្គការ Asia Foundation Cambodia បានរួមគ្នាធ្វើសិក្ខាសាលា ក្នុងគោលបំណងបង្កើន ការយល់ដឹងពីបរិស្ថាន ទៅកាន់សិស្សានុសិស្សថ្នាក់បឋមសិក្សា ក្នុងខេត្តកណ្តាល ដែលធ្វើឡើងក្នុងគោលបំណងបង្កើនការយល់ដឹង របស់សិស្សានុសិស្សពី ឥទ្ធិពលអាក្រក់នៃសម្រាមចំពោះពួកគេផ្ទាល់ និងសង្គមជាតិទាំងមូល និងណែនាំពីដំណោះស្រាយមួយចំនួន ទៅនឹងបញ្ហានេះដែលមានដូចជា ចូលរួមកាត់បន្ថយការបង្កើតសម្រាម កែច្នៃសម្រាមឡើងវិញ ព្រមទាំងការដាំដើមឈើទៀតផង។

លោក Kevin Johnson នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Starbucks ជាសកល បានប្រកាសកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នូវការប្តេជ្ញាចិត្តជាច្រើនទសវត្សរបស់ Starbucks ក្នុងការក្លាយខ្លួនជា ក្រុមហ៊ុនដែលផ្តល់ជូននូវធនធានវិជ្ជមាន ដោយការធ្វើជាចំណែកមួយ ជួយដល់ផែនដីជាជាងការទាញយកប្រយោជន៍តែពីផែនដី។

លោកបានលើកឡើងពី គោលដៅបឋមដែលផ្អែកលើវិទ្យាសាស្ត្រ ក្នុងការកាត់បន្ថយការបញ្ចេញកាបូន ការប្រើប្រាស់ទឹក និងការគ្រប់គ្រងកាកសំណល់ត្រឹមឆ្នាំ ២០៣០។ លោកក៏បានគូសបញ្ជាក់ នូវយុទ្ធសាស្ត្រចំនួន៥ ដែលក្រុមហ៊ុនបានកំណត់ ដើម្បីសម្រេចបានផងដែរ៕