(ព្រះសីហនុ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីវិធានការក្នុងទប់ស្កាត់ និងកាត់បន្ថយការធ្វើកូដកម្ម បាតុកម្មខុសច្បាប់។
អង្គសិក្ខាសាលានេះ បានធ្វើឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នៅសាលាខេត្តព្រះសីហនុ ក្រោមអធិបតីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងមានការចូលរួមដោយម្ចាស់សហគ្រាស ក្រុមហ៊ុន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់។ ក្នុងនោះវិធានការដោះស្រាយ និងយន្តការសម្របសម្រួលផ្សះផ្សា និងដោះស្រាយវិវាទនានា ត្រូវបានបង្ហាញយ៉ាច្បាស់លាស់ផងដែរដល់សិក្ខាកាមទាំងឡាយ។
លោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា នៅពេលកើតវិវាទការងារអាជ្ញាធរដែនដី មេឃុំ ចៅសង្កាត់ ក៏អាចជួយសម្របសម្រួលបឋមបានដែរមុន នឹងមន្រ្តីរបស់ក្រសួង ឬមន្ទីរការទៅដល់។ អ្នកសម្របសម្រួលវិវាទនេះត្រូវតែឈរលើគោលការឯករាជ្យអព្យាក្រឹត្យ។
លោក យ៉ូវ ខេមរា បានឲ្យដឹងថា ឆ្នាំ២០១៩កន្លងទៅនេះ នៅខេត្តព្រះសីហនុមានវិវាទរួម៥២ សម្របសម្រួលបានទាំងអស់, វិវាទបុគ្គលមាន២៣ សះជា ២២ករណី, បាតុកម្ម និងកូដកម្មមាន១៥ករណី។ បច្ចុប្បន្នបន្ទាប់ពីមានការបិទកាស៊ីណូអនឡាញនាំឲ្យមានវិបត្តិការងារខ្លះដែរ។ ជាមួយគ្នានោះ កាស៊ីណូមួយចំនួនធំបានកាត់បន្ថយបុគ្គលិក កន្លែងខ្លះត្រូវថៅកែរត់ចោលផងដែរ។ រីឯការដ្ឋានសំណង់ខ្លះក៏មានបញ្ហាដែរដូចជា កម្មករមិនបានប្រើប្រដាប់ការពារសុវត្ថិភាព ថៅកែរត់ចោល អ្នកម៉ៅការបានម៉ៅការតៗគ្នាច្រើននាក់ និងមិនបើកលុយឲ្យកម្មករជាដើម។
លោកបន្តទៀតថា ការលំបាកមួយទៀតនោះ ករណីថៅកែរត់ចោលពិតជាមានការលំបាកក្នុងការសម្របសម្រួលដោះស្រាយណាស់។ ដើម្បីចៀសវាងថៅកែរត់ចោល មានមធ្យោបាយមួយ គួរដកលិខិតឆ្លងដែន របស់ពួកគាត់ទុកជាបណ្តោះអាសន្ន។ តាមច្បាប់អ្នកមានសិទ្ធិដកហូតលិខិតឆ្លងដែន មានតែនគរបាលអន្តោប្រវេសន៍ ប៉ុណ្ណោះ។ កន្លងមកមន្ទីរការងារជួបការលំបាកខ្លះដែរ ដោយសារការសហការរបស់នគរបាលអន្តោប្រវេសន៍នៅមានមានកំរិតដោយនៅរងចាំបទបញ្ជាពីថ្នាក់ដឹកនាំជាដើម។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា «កុំយកបញ្ហាបង្កើតបញ្ហា ត្រូវរកដំណោះស្រាយល្អដើម្បីប្រយោជន៍រួមជាអាទិភាព។ ការដុតកង់ឡាន បិតផ្លូវក្នុងការតវ៉ាមិនមែនជាមធ្យោបាយល្អនោះទេ»។
លោកបានបន្ថែមទៀតថា «ការលំបាកពិតជាមានតែយើងត្រូវរួមគ្នាដោះស្រាយ យើងត្រូវរួមគ្នាដោះស្រាយ រឿងធំធ្វើឲ្យតូច រឿងតូចធ្វើអត់រឿង។ ការពន្យល់គ្នាតាមព័ត៌មាន យើងពិតជាអាចធ្វើរឿងធំ ទៅជារឿតតូច បើយើងយល់គ្នា ប៉ុន្តែទន្ទឹមនោះក៏អាចធ្វើឲ្យកាន់តែរីកធំដែរ ចំពោះការផ្សាយព័ត៌មានក្លែងក្លាយ ដែលមានក្រុមបំពុលសង្គមមួយចំនួនតូច»។
លោកស្នើសុំអ្នកសារព័ត៌មានមួយចំនួនតូច ដែលបានផ្សាយព័ត៌មានមិនពិត ឬផ្សាយញុះញង់គួរតែកែប្រែឥរិយាបថឡើងវិញ ដើម្បីផលប្រយោជន៍សង្គមយើងចៀសវាងសង្គមមានចលាចល។
ចំពោះបុរសជនជាតិចិនម្នាក់ ដែលមានផ្ទុកវីរុសកូរ៉ូណា កំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នៅមានផ្ទុកវីរុសកូរ៉ូណាក្នុងខ្លួននៅឡើយ បន្ទាប់ពីបានយកសំណាករបស់គាត់ ទៅពិនិត្យជាថ្មីកាលពីពេលថ្មីៗនេះ ប៉ុន្តែស្ថានភាពរបស់គាត់មានភាពល្អប្រសើរ។
លោកអភិបាលខេត្តបានបន្តទៀតថា ការបិទ ការផ្អាកការដ្ឋាន ឬទីតាំងអាជីវកម្ម ពិតជាបានប៉ះពាល់ដល់អ្នកបម្រើការងារ ក្នុងនោះយើងគួរពិភាក្សាគ្នាដើម្បីរកដំណោះស្រាយជូនពួកគាត់ សមស្របតាមអ្វីដែលត្រូវទទួលបាន ហើយករណីនេះមន្ត្រីជាប់ពាក់ព័ន្ធ នឹងត្រូវប្រជុំពិភាក្សាដោះស្រាយដើម្បីជាប្រយោជន៍ដល់អ្នកគ្មានកំហុស៕