(ភ្នំពេញ)៖ លោក ម៉ម ប៊ុមហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រាប់នាយកប្រតិបត្តិបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ថា ស្ថានភាពជនជាតិចិនដែលមានជំងឺផ្លូវដង្ហើមថ្មីបង្កឡើងដោយវីរុសកូរ៉ូណា ដែលបានសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុនោះ គិតរហូតដល់ល្ងាចថ្ងៃនេះ (ល្ងាចថ្ងៃទី៣០ ខែមករានេះ) មានសុខភាពល្អជាធម្មតា ដោយពុំមានបញ្ហាអ្វីគួរឱ្យកត់សម្គាល់ទេ។
«គិតរហូតដល់ល្ងាចថ្ងៃនេះសុខភាពគាត់នៅល្អធម្មតាទេ មិនមានអ្វីគួរឲ្យកត់សម្គាល់» នេះបើតាមការបញ្ជាក់របស់លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល។
ជនជាតិចិនម្នាក់ដែលឆ្លងជំងឺនេះ មានឈ្មោះ ចា ជិនហូរ (Jia Jianhua) ភេទប្រុស អាយុ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ជាមួយក្រុមគ្រួសារ៣នាក់ទៀត ចេញពីក្រុងវូហាន ប្រទេសចិន មកដល់ខេត្តសៀមរាប ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ រហូតដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានរកឃើញថា ជនជាតិចិនម្នាក់នេះ មានផ្ទុកមេរោគកូរ៉ូណាប្រភេទថ្មី ព្រមទាំងបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ដោយស្នាក់នៅបន្ទប់ដាច់ដោយឡែកពីគេ។
ជាមួយនោះដែរ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានបន្តក្រើនរំលឹកជូនដល់ប្រជាពលរដ្ឋទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់លើការបង្ការការចម្លង ជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី ដោយអនុវត្តនូវវិធានការដូចតទៅ៖
១៖ ចៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកមានជំងឺផ្លូវដង្ហើមស្រួច ឬអ្នកជំងឺដែលសង្ស័យ។
២៖ លាងដៃឲ្យបានញឹកញាប់ (ជាមួយសាប៊ូ និងទឹកស្អាត) ជាពិសេសបន្ទាប់ពីប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺ ឬបរិស្ថានជុំវិញគាត់។
៣៖ ចៀសវាងប៉ះពាល់ជិតស្និទ្ធ ឬទៅទីផ្សារ ឬកសិដ្ឋានដែលមានសត្វរស់ ឬសត្វព្រៃ ឬកន្លែងដែលគេដឹងថាមានវីរុសកំពុងចរាចរ។ ចាំបាច់ ត្រូវលាងដៃឲ្យបានទៀងទាត់មុនពេល និងបន្ទាប់ពីការប៉ះពាល់សត្វ ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគ។
៤៖ ប្រកាន់ខ្ជាប់នូវការអនុវត្តន៍អនាម័យស្អាត និងសុវត្ថិភាពម្ហូបអាហារល្អ ដូចជា ពិសារអាហារដែលចំអិនឆ្អិនល្អ ជាពិសេស សាច់ និងស៊ុត។
៥៖ អ្នកមានរោគសញ្ញាជំងឺផ្លូវដង្ហើមស្រួច ត្រូវខ្ទប់មាត់និងច្រមុះនៅពេលក្អកឬកណ្តាស់ ដោយកន្សែង ក្រម៉ា ឬក្រដាសជូតមាត់។
៦៖ ត្រូវប្រកាន់យកនូវអនាម័យដៃស្អាត និងអនាម័យផ្លូវដង្ហើម (ខ្ទប់មាត់និងច្រមុះនៅពេលក្អកឬកណ្តាស់, លាងដៃបន្ទាប់ពីមានប៉ះជាមួយទឹករំអិលពីផ្លូវដកដង្ហើម និងរក្សាចម្ងាយច្រើនជាង១ម៉ែត្រពីបុគ្គលដែលមានរោគសញ្ញាផ្លូវដង្ហើមស្រួចស្រាវ ជាដើម)។
៧៖ បុគ្គលិកសុខាភិបាលដែលផ្តល់ការថែទាំអ្នកជំងឺត្រូវប្រកាន់ខ្ជាប់នូវវិធានការណ៍បង្ការការចម្លងរោគ ក្នុងគ្រឹះស្ថានសុខាភិបាលឲ្យបានហ្មត់ចត់និងត្រឹមត្រូវតាមបច្ចេកទេសសុខាភិបាល ដើម្បីចៀសវាងការឆ្លងជំងឺនេះមកបុគ្គលខ្លួនឯង។
៨៖ ប្រសិនបើមានសង្ស័យថា ឆ្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះ ដោយមានរោគសញ្ញាដូចជា គ្រុនក្តៅលើសពី ៣៨ អង្សាសេ និងមានរោគសញ្ញាមួយយ៉ាងតិចក្នុងចំណោម ក្អក ហូរសំបោរ ឈឺបំពង់ក ដង្ហើមខ្លី និងពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសចិន ដោយបានប៉ះពាល់ជាមួយអ្នកជំងឺផ្លូវដង្ហើម ប៉ះពាល់ជាមួយសត្វឈឺ ក្នុងអំឡុង១៤ថ្ងៃមុនចេញរោគសញ្ញា ឬដោយបានប៉ះពាល់ជាមួយអ្នកស្លាប់ដោយសារ ជំងឺផ្លូវដង្ហើមស្រួចស្រាវមិនដឹងអំពីអត្តសញ្ញាណ (ប្រភេទមេរោគ) ច្បាស់លាស់ ត្រូវប្រញាប់រាយការណ៍ទៅលេខទូរស័ព្ទទាន់ហេតុការណ៍១១៥៕