(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ បានទទួលជួបលោក Thomas Hundt អគ្គនាយក និងប្រតិភូនៃក្រុមហ៊ុន Smart Axiata នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ជំនួបនេះ ក្រុមហ៊ុន Smart Axiata បាននាំមកនូវថវិកាសប្បុរសធម៌ចំនួន ១០០,០០០ដុល្លារអាមេរិក ដែលទទួលបានពីការប្រគំតន្ត្រីសប្បុរសធម៌ ដើម្បីស្នាមញញឹម មកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩។
ក្នុងនាមប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា, អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះការចូលរួម និងគាំទ្រពីសំណាក់ក្រុមហ៊ុន Smart Axiata ដែលបានរៀបចំការប្រគំតន្ត្រីសប្បុរសធម៌ ដើម្បីស្នាមញញឹមរបស់កុមារ នៅកម្ពុជានេះ។
លោកថា កាយវិការដ៏សប្បុរសនេះ គឺការរួមចំណែកដ៏ថ្លៃថ្លា ក្នុងការលើកកម្ពស់ការចូលរួមផ្សព្វផ្សាយ និងបំផុសស្មារតីជួយគ្នាទៅវិញទៅមក ជាពិសេស ទឹក-ចិត្តខ្មែរជួយខ្មែរ ឲ្យបានកាន់តែទូលំទូលាយ និងក្លាយជាវប្បធម៌មួយដ៏ប្រពៃ ។ សកម្មភាពនេះ ក៏បានបង្ហាញផងដែរ អំពីការចូលរួមចំណែក នៃវិស័យធុរកិច្ចក្នុងសកម្មភាពសង្គម ជាពិសេស តាមរយៈការលើកកម្ពស់សុខុមាលភាពកុមារ កម្ពុជារាប់លាននាក់ ។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរពីសវតា និងប្រវត្តិរបស់មន្ទីរពេទ្យគន្ធបុប្ផា និងវីរភាពរបស់លោកសាស្រ្តចារ្យវេជ្ជបណ្ឌិត Beat Richner ដែលបានខិតខំប្រឹងប្រែង និងលះបង់កំលាំងកាយចិត្ត ក្នុងការជួយសង្គ្រោះកុមារកម្ពុជា នាពេលកន្លងមក។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានលើកសរសើរ និងថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនស្វីស ដែលតែងតែផ្តល់ការគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ហើយក្នុងខណៈពេល ដែលសេដ្ឋកិច្ចកម្ពុជា កំពុងមានការរីកចំរើន ក្រោមដំបូលសន្តិភាព រាជរដ្ឋាភិបាលកម្ពុជាក៏បាន និងកំពុងខិតខំបន្ថែមទៀតក្នុងការបន្តគាំទ្រ និងធានាឲ្យបាននូវនិរន្តរភាពរបស់មន្ទីរពេទ្យនេះ ។
លោក Thomas Hundt បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលដ៏មមាញឹក ទទួលប្រតិភូនៃក្រុមហ៊ុន Smart Axiata និងបានសម្តែងការ កោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជានេះ ដើម្បីចូលរួមធានានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំងនៅកម្ពុជា។
លោក Thomas Hundt ក៏បានសម្តែងនូវសេចក្តីសោមនស្ស រីករាយ ដែលបានរួមចំណែកក្នុងការគាំទ្រ ដល់ការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងការងារមនុស្សធម៌នេះ និងបានសន្យាបន្តបំផុសចលនាគាំទ្រ និងចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា តាមមធ្យោបាយនានាដែលអាចធ្វើបាន ។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណសារជាថ្មី និងបានលើកទឹកចិត្ត ឲ្យក្រុមហ៊ុន Smart Axiata បន្តខិតខំ និងពង្រីកការវិនិយោគ ឲ្យបានកាន់តែទូលំទូលាយ ដើម្បីការអភិវឌ្ឍទាំងក្រុមហ៊ុន និងការរួមចំណែកអភិវឌ្ឍកម្ពុជា។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវ និងបន្តលើកទឹកចិត្ត ដល់គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់នៃក្រុមហ៊ុន Smart Axiata ក៏ដូចជាក្រសួង-ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងបណ្តាសាធារណជន ឲ្យចូលរួមបរិច្ចាគ និងចូលជាសមាជិករបស់មូលនិធិគន្ធ-បុប្ផាកម្ពុជា ដើម្បីរួមគ្នាធានាឲ្យបាននូវនិរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា និងដើម្បីភាពញញឹមរបស់កុមារ ក្រោមដំបូលសន្តិភាព៕