(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ព័ត៌មានដែលអាចយកជាការបានទាក់ទង នឹងករណីវីរុសកូរ៉ូណានេះគឺមានតែព័ត៌មានពី «ក្រសួងសុខាភិបាល» តែប៉ុណ្ណោះ បើយកព័ត៌មានចេញពីប្រភពផ្សេងគឺខុស។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងអំឡុងពេលថ្លែងសារទៅកាន់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ ពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណានៅក្នុងប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា «ប្រភពដែលអាចយកជាការបានគឺក្រសួងសុខាភិបាល ជាអ្នកនាំមុខ នាំចេញផ្តល់ព័ត៌មាន មិនមែនប្រតិកម្មរហ័ស មិនមែនក្រសួងព័ត៌មាន ឫក្រសួងណាផ្សេងក្រៅពីស្ថាប័នដែលច្បាប់បានប្រគល់ ហើយស្ថាប័ននេះទទួលបន្ទុកច្បាប់ស្តីពី ការចាត់តាំងក្រសួងសុខាភិបាល អនុក្រឹត្យស្តីពីការចាត់តាំង និងការប្រព្រឹត្តទៅនៃក្រសួងសុខាភិបាល គឺផ្តល់អំណាចឱ្យក្រសួងនេះធ្វើកិច្ចការ ដូចនេះព័ត៌មានក្រសួងត្រូវ ចេញព័ត៌មានជាក់លាក់»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ឥលូវនេះមានសារព័ត៌មានច្រើនណាស់ ដែលបានផ្សាយទាក់ទងនឹងករណីវីរុសកូរ៉ូណានេះ និងមានសារព័ត៌មានច្រើន ដែលបានផ្សាយត្រឹមត្រូវ ដោយសារមានទំនាក់ទំនងច្រើនជាមួយនឹងក្រសួងសុខាភិបាល ហើយក៏មានសារព័ត៌មានខ្លះផ្សាយមិនបានត្រឹមត្រូវផងដែរ។
សម្តេចបានគូសបញ្ជាក់ទៀតថា «ប៉ុន្តែទោះបីជាប៉ុន្មាន ប៉ុន្មាន ខ្ញុំមិនដឹងទេ តែរឿងដែលព័ត៌មានដែលយកជាការបាន គឺព័ត៌មានចេញពីក្រសួងសុខាភិបាល បើអ្នកឯងយកព័ត៌មានចេញគឺណាផ្សេងគឺខុស អញ្ចឹងចំណុចនេះត្រូវតែមានការប្រុងប្រយ័ត្ន»៕