(ភ្នំពេញ)៖ ក្រុមហ៊ុនមេនូឡាយហ្វ៍ខេមបូឌា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងបំផុតនៅក្នុងកម្ពុជា និងធនាគារស្ថាបនា ដែលជាធនាគារឈានមុខគេមួយ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ បានប្រកាសជាផ្លូវការពីភាពជាដៃគូ ក្នុងការបង់បុព្វលាភរ៉ាប់រងតាមទូរស័ព្ទ ដែលអនុញ្ញាតឱ្យអតិថិជនរបស់ក្រុមហ៊ុនមេនូឡាយហ្វ៍ បង់បុព្វលាភរ៉ាប់រងរបស់ពួកគាត់ គ្រប់ពេលដោយឥតគិតថ្លៃ តាមរយៈកម្មវិធីទូរស័ព្ទ Sathapana Mobile។
ក្រុមហ៊ុនមេនូឡាយហ្វ៍ និងធនាគារស្ថាបនា បានចាប់ជាដៃគូក្នុងការចែកចាយផលិតផល ធានារ៉ាប់រងអាយុជីវិត កាលពីឆ្នាំ២០១៨ ហើយកិច្ចសហការដែលប្រកាសថ្ងៃនេះ នឹងអនុញ្ញាតឱ្យអតិថិជនធ្វើការទូទាត់ បុព្វលាភរ៉ាប់រងបានកាន់តែឆាប់រហ័សងាយស្រួល និងមានសុវត្ថិភាពដោយធ្វើតាមជំហានងាយៗ ដូចខាងក្រោម៖
១៖ បើកដំណើរការកម្មវិធី Sathapana Mobile
២៖ ចុចយកប៊ូតុង «ទូទាត់វិក្កយបត្រ»
៣៖ ជ្រើសរើសយកពាក្យ «ធានារ៉ាប់រង»
៤៖ ជ្រើសរើសយក«Manulife Cambodia»
៥៖ វាយបញ្ចូល «លេខស្នើសុំប័ណ្ណសន្យារ៉ាប់រង ឬលេខប័ណ្ណសន្យារ៉ាប់រង» របស់លោកអ្នក
៦៖ ជ្រើសរើសគណនីដែលលោកអ្នកត្រូវបង់
៧៖ ចុចយកពាក្យ«បន្ទាប់»ហើយបញ្ចូលលេខសម្ងាត់ Sathapana Mobile របស់លោក រួចចុចលើប៊ូតុង «ទូទាត់»អ្នកជាការស្រេច។
លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានថ្លែងថា «ចំណុចជាអាទិភាពមួយរបស់ក្រុមហ៊ុនមេនូឡាយហ្វ៍ គឺការធ្វើឲ្យបទពិសោធន៍អតិថិជនកាន់តែល្អប្រសើរ តាមរយៈបច្ចេកវិជ្ជាឌីជីថល ហើយសមិទ្ធផលដែលយើងកំពុងប្រកាស ជាមួយធនាគារស្ថាបនាថ្ងៃនេះ ដើរស្របគ្នាយ៉ាងល្អឥតខ្ចោះ ទៅនឹងចក្ខុវិស័យរបស់យើង។ ខ្ញុំពិតជាមានមោទនភាពណាស់ ដែលយើងអាចអភិវឌ្ឍន៍លើភាពជាដៃគូចែកចាយ ផលិតផលធានារ៉ាប់រងអាយុជីវិត ជាមួយធនាគារស្ថាបនា ដោយផ្តល់នូវបទពិសោធន៍ នៃការទូទាត់បុព្វលាភរ៉ាប់រង ដោយមិនប្រើសាច់ប្រាក់ដល់អតិថិជនរបស់យើង ទូទាំងប្រទេស ដែលចង់បង់ ឬបន្តបង់បុព្វលាភរ៉ាប់រងរបស់ពួកគាត់»។
លោក លីម អូន ប្រធាននាយកប្រតិបត្តិរបស់ធនាគារ ស្ថាបនា ក៏បានថ្លែងដែរថា «ធនាគារស្ថាបនាផ្តោតសំខាន់លើការលើកកម្ពស់ផ្នែកឌីជីថលរបស់អតិថិជន ដោយផ្តល់ជូនពួកគាត់នូវជម្រើស ដែលមានភាពងាយស្រួលរហ័ស និងសុវត្ថិភាព។ កិច្ចសហការបន្ថែមជាមួយក្រុមហ៊ុន មេនូឡាយហ្វ៍ បង្ហាញពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការពង្រីកសេវាកម្មទូទាត់ តាមប្រព័ន្ធឌីជីថលរបស់យើង តាមរយៈកម្មវិធីទូរស័ព្ទ Sathapana Mobile ដែលផ្តល់នូវបទពិសោធន៍កាន់តែសម្បូរបែប និងកាន់តែប្រសើរជូនអតិថិជនរបស់យើង»៕