(ឧត្តរមានជ័យ)៖ លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ បានដឹកនាំប្រតិភូអគ្គិសនីកម្ពុជា និងក្រុមហ៊ុន LYP Group របស់ឧកញ៉ា លី យ៉ុងផាត់ ចុះសួរសុខទុក្ខកងកម្លាំងជួរមុខ និងគ្រួសារកងកម្លាំង នៅអង្គភាពកងពលតូចថ្មើរជើងលេខ៤២ និងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២ ប្រចាំទិសប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ។
ពិធីនេះក៏មានការចូលរួមពីលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យផងដែរ។
លោក កែវ រតនៈ បានបញ្ជាក់ឲ្យដឹងថា នៅរៀងរាល់២ខែម្តង ក្រុមហ៊ុនទាំងពីរ គឺអគ្គិសនីកម្ពុជា និងក្រុមហ៊ុន LYP Group ដែលមានចំណងមេត្រីភាពជាមួយ អង្គភាពកងពលតូចថ្មើរជើងលេខ៤២ និងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២ ប្រចាំទិសប្រាសាទតាមាន់ តែងតែចុះសាកសួរសុខទុក្ខ និងនាំយកអំណាយទៅប្រគល់ ជូនបងប្អូនកងទ័ព ដែលកំពុងឈរការពារខ្សែបន្ទាប់ព្រំដែន ដោយមិនដែលកាត់ផ្តាច់ពីគ្នាបានឡើយ រវាងសមរភូមិមុខ និងសមរភូមិក្រោយ។
ក្នុងឱកាសចុះសួរសុខទុក្ខនេះ លោក កែវ រតនៈ បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរ ជានិច្ចដល់សុខទុក្ខរបស់កងកម្លាំងនគរបាល និងយោធា ដែលកំពុងឈរជើងការពារព្រំដែន និងសម្តែងការកោតសរសើរ ដល់ជីវភាពពុះពារការលំបាក ខិតខំបំពេញភារកិច្ចរបស់កងម្លាំង ដោយមានកិច្ចសហការឧបត្ថម្ភគាំទ្រ ពីសំណាក់អាជ្ញាធរដែនដី និងបណ្តាសមត្ថកិច្ចដទៃទៀត តាមបណ្តោយព្រំដែន ក្នុងកិច្ចការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ចូលរួមកសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការជាមួយ ប្រទេសជិតខាង ជាមិត្តភូមិផងរបងជាមួយ បានល្អប្រសើរគួរឲ្យកត់សម្គាល់។ ស្នាដៃនេះ គឺជាចំណែក នៃសមិទ្ធផលដ៏ធំធេង សម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខក្នុងការដឹកនាំប្រទេសជាតិ ឲ្យមានការរីកចម្រើនជឿនលឿនជាលំដាប់។
លោក កែវ រតនៈ បានបន្តថា កត្តាសំខាន់បំផុតមិនអាចខ្វះបាន ដើម្បីធានាដល់ភាពរុងរឿងថ្កុំថ្កើងរបស់ប្រទេសជាតិ និងវិបុលភាពសុខសាន្ត របស់ប្រជាជន នាពេលបច្ចុប្បន្ននេះ ក៏ដូចជាទៅថ្ងៃអនាគត គឺមានតែសុខសន្តិភាព និងស្ថិរភាព របៀបរៀបរយជាបុព្វហេតុដើម្បីធានា ឲ្យប្រទេសកម្ពុជា បន្តអភិវឌ្ឍន៍ទៅមុខប្រកបដោយចីរភាព។ ដូច្នេះលោក បានអំពាវនាវដល់កងទ័ព នគរបាល និងគ្រួសារកងទ័ពទាំងអស់ សូមបន្តចូលរួមថែរក្សាសន្តិភាព ការពារសន្តិភាព ស្រឡាញ់សន្តិភាព ឲ្យបានគង់វង្ស។
លោក កែវ រតនៈ ក៏បានវាយតម្លៃខ្ពស់ថា កងទ័ពកម្ពុជា និងកងកម្លាំងនគរបាល ពិតជាមានទឹកចិត្តមោះមុខ ការពារទឹកដី និងរាជរដ្ឋាភិបាលដែលមានសម្តេច ហ៊ុន សែន ជាប្រមុខដ៏ឈ្លាសវៃ និងអង់អាចក្លាហាន៕