(ភ្នំពេញ)៖ សមាគមអ្នកផ្តល់សេវាសុខាភិបាលឯកជននៅកម្ពុជា (ស.ស.ឯ.ក) បានចេញសេចក្តីអំពាវនាវអ្នកផ្តល់សេវាសុខាភិបាលឯកជននៅកម្ពុជាទាំងអស់ ត្រូវចូលរួមសហការ ក្នុងការអប់រំប្រជាពលរដ្ឋអំពីការធ្វើអនាម័យខ្លួនប្រាណ ដោយលាងដៃនឹងទឹកស្អាតជាមួយសាប៊ូ ឬអាល់កុលឲ្យបានញឹកញាប់ជាប់ជាប្រចាំ តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។
យោងតាមសេចក្តីអំពាវនាវរបស់សមាគមអ្នកផ្តល់សេវាសុខាភិបាលឯកជននៅកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ស្ថិតក្នុងស្ថានភាពដែលពិភពលោកកំពុងតែមានការព្រួយបារម្ភ ចំពោះបញ្ហានៃការលេចចេញនូវការចម្លងវីរុសកូរ៉ូប្រភេទថ្មី (2019-nCoV) មានប្រភពពីទីក្រុងវូហាន ខេត្តហ៊ូប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់កម្ពុជា ក្រសួងសុខាភិបាលបានធ្វើការបញ្ជាក់ថា មានករណីវិជ្ជមានវីរុសកូរ៉ូណាថ្មី ១ករណីនៅខេត្តព្រះសីហនុ។ ទន្ទឹមនឹងនោះ ក្រសួងសុខាភិបាល ក៏បានចេញសេចក្តីណែនាំ និងវិធានការការពារជាច្រើនដើម្បីឲ្យប្រជាពលរដ្ឋ យកមកប្រតិបត្តិការពារសុខភាព ចៀសផុតពីការចម្លងមេរោគប្រភេទថ្មីនេះ។
សមាគមអ្នកផ្តល់សេវាសុខាភិបាលឯកជននៅកម្ពុជា សូមចូលរួមជាមួយក្រសួងសុខាភិបាល ដោយអំពាវនាវដូចខាងក្រោម៖
*ទី១ ៖ ចំពោះអ្នកផ្តល់សេវាសុខាភិបាលឯកជននៅកម្ពុជា ត្រូវចូលរួមសហការ ក្នុងការអប់រំប្រជាពលរដ្ឋអំពីអនាម័យខ្លួនប្រាណ ដោយលាងដៃនឹងទឹកស្អាត ជាមួយសាប៊ូ ឬអាល់កុលឲ្យបានញឹកញាប់ តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។ ត្រូវចូលរួមផ្សព្វផ្សាយព័ត៌មាន ដែលទទួលបានពីក្រសួងសុខាភិបាល ចៀសវាងចែកចាយព័ត៌មាន ដែលមិនមានប្រភពច្បាស់លាស់។ ក្នុងករណីមានការសង្ស័យ ត្រូវចូលរួមសហការរាយការណ៍ទៅមន្ទីរសុខាភិបាលរាជធានី-ខេត្ត ឬក្រសួងសុខាភិបាល ឬតាមទូរស័ព្ទលេខ១១៥ ដោយឥតគិតថ្លៃចៀសវាងការបំប៉ោងព័ត៌មាន ឬបំភិតបំភ័យប្រជាពលរដ្ឋទូទៅ។
*ទី២ ៖ ចំពោះប្រជាពលរដ្ឋទូទៅ ត្រូវចូលរួមតាមដានសេចក្តីប្រកាសព័ត៌មាន ឬសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចៀសវាងការជឿ ឬផ្សព្វផ្សាយបន្តតាម
ព័ត៌មានមិនពិត និងគ្មានប្រភពច្បាស់លាស់ដែលជាហេតុធ្វើឲ្យមានចលាចល និងវឹកវរនៅក្នុងសង្គម, អនុវត្តវិធានការណ៍ការពារខ្លួន តាមការណែនាំរបស់ក្រសួងសុខាភិបាល (ដូចមានជូនភ្ជាប់មកជាមួយនូវវិធានការការពារបស់ក្រសួងសុខាភិបាល)៕
ខាងក្រោមនេះ ជាសេចក្តីអំពាវនាវរបស់សមាគមអ្នកផ្តល់សេវាសុខាបាលឯកជននៅកម្ពុជា៖