(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ប្រទេសកម្ពុជា អាចគ្រប់គ្រងស្ថានភាពបច្ចុប្បន្ននេះបានទាំងស្រុង ខណៈមកទល់ថ្ងៃនេះ គឺពុំមានប្រជាពលរដ្ឋខ្មែរណាម្នាក់ឆ្លងជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) នេះទេ មានតែជនជាតិចិនម្នាក់ប៉ុណ្ណោះ ដូច្នេះសូមឱ្យប្រជាពលរដ្ឋម្នាក់ៗ កុំមានការភ័យខ្លាច និងរួមចំណែកក្នុងការការពារខ្លួនដោយរក្សាអនាម័យផ្ទាល់ខ្លួនជាចម្បង។

ការបញ្ជាក់បែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលសម្តេច បានអញ្ជើញថ្លែងសារ ទៅកាន់ប្រជាពលរដ្ឋ ពាក់ព័ន្ធជំងឺរលាកផ្លូវដង្ហើមដោយវីរូស «កូរ៉ូណា» នៅក្នុងប្រទេសកម្ពុជា នៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «កុំមានការភ័យខ្លាចហួសពីអ្វីដែលជារឿងពិត ដែលធ្វើឱ្យយើងខាតបង់ពេលវេលាបំពេញការការ យើង អាចបញ្ចៀសបាននូវការឆ្លងមេរោគគ្រប់ប្រភេទ តាមរយៈអនាម័យ ការរស់នៅ ការទទួលទាន ការធ្វើដំណើរ និងការធ្វើការងារ។ល។ មនុស្សម្នាក់ៗ គ្រួសារនីមួយ ត្រូវចេះការពារខ្លួន ដោយខ្លួនឯង ខ្ញុំនិយាយថា ការពារជំងឺគ្រប់ប្រភេទ មិនមែនគ្រាន់តែអាកូរ៉ូណានោះទេ ជំងឺគ្រប់ប្រភេទ បើយើងអត់មានអនាម័យទេជំងឺអីក៏វាឆ្លងដែល»

យ៉ាងណាប្រមុខរដ្ឋាភិបាល ក៏បានរម្លឹកជាថ្មី ឱ្យប្រជាពលរដ្ឋ ចេះការពារខ្លួនឯងទៅនឹងជំងឺគ្រប់ប្រភេទ មិនមែនតែមេរោគកូរ៉ូណានោះទេ។ ម្យ៉ាងទៀត ប្រមុខរដ្ឋាភិបាល ដាស់តឿនឱ្យប្រជាពលរដ្ឋ ប្រញាប់ទាក់ទងទៅគ្រូពេទ្យ បើសង្ស័យថា ឆ្លងមេរោគកូរ៉ូណា។ ប៉ុន្តែទន្ទឹមនឹងនេះសូមបងប្អូនយកចិត្តទុកដាក់ ចំពោះអនាម័យខ្លួនឯងឱ្យបានខ្ពស់ ហើយត្រូវមានម៉ាស់ (Mask) ទុកប្រើនៅទីកន្លែងណាដែលចាំបាច់ និងលាងសម្អាតខ្លួនប្រាណដៃជើង ឱ្យបានស្អាតល្អជាប្រចាំ ដើម្បីចៀសវាងការឆ្លងរោគខាងលើ និងរោគផ្សេងៗ។

គួរជម្រាបថា កម្ពុជាបានរកឃើញករណីឆ្លងជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ដែលបង្កឡើងដោយវីរុសកូរ៉ូណានេះ នៅលើខ្លួនជនជាតិចិនម្នាក់ ដែលបានចាកចេញពីក្រុងវូហាន ប្រទេសចិន ដែលជាក្រុងផ្ទុះជំងឺមុនគេ ហើយមកដល់ក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ ជនជាតិចិនម្នាក់ដែលឆ្លងជំងឺនេះមានឈ្មោះ ចា ជិនហូរ (Jia Jianhua) ភេទប្រុស អាយុ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ជាមួយក្រុមគ្រួសារ៣នាក់ទៀត។

ទោះជាយ៉ាងនេះក្តី រហូតដល់មកដល់ពេលនេះ ស្ថានភាពជនជាតិចិន ដែលផ្ទុកជំងឺផ្លូវដង្ហើមថ្មី ហើយដាក់ឱ្យសម្រាកនៅបន្ទប់ដាច់ដោយឡែក នៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុនោះកំពុងមានសុខភាពល្អធម្មតា និងកាន់តែប្រសើរជាងមុន ដោយមិនមានអ្វីធ្ងន់ធ្ងរគួរឱ្យកត់សម្គាល់នោះឡើយ ខណៈដែលក្រុមគ្រួសាររបស់គាត់ទាំង ៣នាក់ ពុំមានរោគសញ្ញានៃមេរោគកូរ៉ូណានោះទេ៕