(កំពត)៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅសម្រាប់អនុវត្តឆ្នាំ២០២០ របស់គណៈកម្មាធិការកាកបាទក្រហមកម្ពុជាសាខាខេត្តកំពត។
កិច្ចប្រជុំនេះក្រោមអធិបតីភាពលោក ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាសាខាខេត្តកំពត ដោយមានការចូលរួមពីអនុប្រធានអចិន្ត្រៃយ៍ លាង ហៃ ជាវតាយ និងសមាជិកសមាជិកាគណៈកម្មាធិការសាខាប្រធានកិត្តិយស ប្រធានគណៈកម្មាធិការអនុសាខាក្រុង-ស្រុក ព្រមទាំងមន្ត្រីប្រតិបត្តិសាខាប្រមាណជាង ៤០រូប។
ក្នុងកិច្ចប្រជុំបូកសរុបនេះ លោក ជាវ តាយ បានថ្លែងថា ក្នុងនាមគណៈកម្មាធិការកាកបាទក្រហមកម្ពុជាសាខាខេត្តកំពត លោកសូមកោតសរសើរដោយស្មោះ ចំពោះសមាជិក សមាជិកាសាខាកាកបាទក្រហមខេត្ត និងអនុសាខាក្រុង-ស្រុកទាំងអស់ ដែលបានបំពេញការងាររហូតទទួលបានលទ្ធផលជាវិជ្ជមាននាពេលកន្លងមក ពិសេសផ្នែកការងារមនុស្សធម៌។
ព្រមជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានក្រើនរំលឹកផងដែរថា ដើម្បីឱ្យសាខាកាកបាទក្រហមខេត្តទទួលបាននូវលទ្ធផលល្អប្រសើរបន្ថែមទៀតនោះ គឺសមាជិកសមាជិកាទាំងអស់ ត្រូវចូលរួមចំណែកក្នុងការពន្លឿន និងការកាត់បន្ថយភាពក្រីក្រការពារសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ព្រមទាំងការពារតម្លៃមនុស្សធម៌របស់ជនរងគ្រោះ៕