(សៀមរាប)៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ ផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលការងារសន្តិសុខ បានដឹកនាំកម្លាំងរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នាំខ្លួនស្ត្រីម្នាក់ឈ្មោះ កាន់ សុភ័ក្រ អាយុ១៩ឆ្នាំ រស់នៅផ្ទះលេខ៥ ភូមិតាព្រហ្ម ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប មុខរបរជាងអ៊ុតសក់ ដែលបានប្រើប្រាស់ គណនីហ្វេសបុកឈ្មោះ Sopheak Love ចែកចាយ និងផ្សព្វផ្សាយ ព័ត៌មានមិនពិត ធ្វើឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ ពាក់ព័ន្ធករណីឆ្លងជំងឺ រលាកសួត ដោយវីរុសកូរ៉ូណា។ នាងបានចេញមុខមកសារភាពកំហុសរបស់ខ្លួន នៅចំពោះមុខសមត្ថកិច្ច និងបានសន្យាថា ឈប់ចែកចាយព័ត៌មានប្រឌិតបែបនេះទៀតហើយ។
លោកឧត្តមសេនីយ៍ត្រី ហួត សុធី បានបញ្ជាក់ថា ក្រៅពីស្ត្រីម្នាក់ខាងលើនេះ កម្លាំងផែនការងារសន្តិសុខ បានឃាត់ខ្លួនអ្នកផ្សេងចំនួនទាំង ២នាក់ ដែលបានចែកចាយព័ត៌មានប្រឌិត ពាក់ព័ន្ធនឹងការរកឃើញមានជំងឺរលាកសួត «កូរ៉ូណា» ក្នុងខេត្តសៀមរាបនេះមានឈ្មោះ ម៉ែន ចាន់នឿន ភេទប្រុស អាយុ៣៤ឆ្នាំ និងឈ្មោះ អ៊ឹង ជិងសេរីរតនៈ ភេទស្រី អាយុ២០ឆ្នាំ ដែលពួកគេជាបុគ្គលិកក្រុមហ៊ុនទេសចរណ៍ ពួកគេក៏បានមកសារភាពកំហុស ចំពោះមុខសមត្ថកិច្ច កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០កន្លងទៅដែរ។
លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ទៀតថា ពួកគេទាំង ៣នាក់ បានសន្យានៅចំពោះមុខសមត្ថកិច្ចថា នឹងមិនបន្តផ្សព្វផ្សាយព័ត៌មានមិនពិត ដែលបណ្តាលឲ្យមានការចលាចល ដល់ប្រជាជនក្នុងខេត្តសៀមរាប និងប្រជាពលរដ្ឋទូទាំងប្រទេសទៀតឡើយ។ ក្រោយធ្វើកិច្ចសន្យារួចអ្នកទាំង ៣នាក់ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។
សូមជម្រាបថា នៅល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ អាជ្ញាធរខេត្តសៀមរាប បានចេញមកបំភ្លឺថា ពុំទាន់រកឃើញាមានករណីជំងឺរលាកសួត ដោយវីរុសកូរ៉ូណាថ្មី (2019-CoV) ណាមួយនៅក្នុងទឹកដីរបស់ខ្លួនឡើយ។
លោកស្នងការរងក៏បានសំណូម និងអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំង ត្រូវប្រើប្រាស់បណ្ដាញសង្គមឲ្យបានត្រឹមត្រូវ មិនត្រូវបង្ហោះ ឬចែកចាយ (share) ព័ត៌មានមិនពិត ឬប្រឌិតដែល មិនមានប្រភពច្បាស់លាស់ ធ្វើឲ្យប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សង្គម ដែលនាំឲ្យជាអំពើខុសច្បាប់មានទោស៕