(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យលោកគ្រូ អ្នកគ្រូ ជួយអប់រំសិស្សានុសិស្ស ឲ្យយល់ពីគុណតម្លៃនៃសន្តិភាព ដើម្បីជាមូលដ្ឋានគ្រឹះ នៃការស្រលាញ់សន្តិភាព ហើយរួមគ្នាការពារសន្តិភាព ឲ្យបានគង់វង្ស ដែលមិនឲ្យអ្នកមកបំផ្លាញបានឡើយ។
ថ្លែងនៅក្នុងពិធីបើកសន្និបាត ការងារអប់រំរបស់មន្ទីរអប់រំយុវជន និងកីឡា រាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា មានសន្តិភាពទើបមានអ្វីៗ ទាំងអស់ ពិសេសមានសាលារៀនគ្រប់កម្រិត ដែលបើកទ្វារឲ្យសិស្សានុសិស្ស បានចូលរៀនក្រេបយកចំណេះដឹង ដើម្បីពង្រីកសមត្ថភាពកសាងអនាគតនាពេលខាមុខ ដោយគ្មានការ ភ័យខ្លាច។
លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សន្តិភាពនេះ ក៏បានបង្កលក្ខណៈ សព្វបែបយ៉ាង ដល់លោកគ្រូអ្នកគ្រូក្នុងការបំពេញការងារវិជ្ជាជីវៈរបស់ខ្លួន ហើយទទួលបាន ប្រាក់បៀវត្សកាន់តែមានកម្រិតខ្ពស់ ក្នុងការផ្គត់ផ្គង់ជីវភាពកាន់តែល្អប្រសើរ។
លោកបានបញ្ជាក់ថា ការអប់រំសិស្សានុសិស្ស និងសង្គមឲ្យស្រលាញ់សន្តិភាព គឺធានាឲ្យកម្ពុជានៅតែរក្សាបានសុខសន្តិភាព ប្រទេសជាតិនិងប្រជាពលរដ្ឋមានអ្វីៗទាំងអស់ ហើយទោះ ក្នុងរូបភាពណាក៏ដោយ មិនអោយជនអគតិណាមួយមកបំភ្លេចបំផ្លាញសុខសន្តិភាពនេះបានឡើយ ខណៈដែលសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានកសាងសុខសន្តិភាព ជូនកម្ពុជាមកដល់ពេលនេះបានដោយលំបាកណាស់។
លោក ឃួង ស្រេង ក៏បានណែនាំដល់លោកគ្រូអ្នកគ្រូទំាងអស់ ត្រូវបង្កើនគុណភាពអប់រំដល់សិស្សានុសិស្ស ដើម្បីឲ្យពួកគេមានសមត្ថភាពពេញលេញ ក្លាយជាធនធានមនុស្សពិតប្រាកដ ដើម្បីសម្រាប់ការអភិវឌ្ឍ ប្រទេសជាតិផង និងអភិវឌ្ឍន៍ អនាគតរបស់ខ្លួនផង។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជន និងកីឡា រាជធានីភ្នំពេញ បានថ្លែងថា មន្រ្តីគ្រប់គ្រងលោកគ្រូអ្នកគ្រូ នៅទូទំាងរាជធានីភ្នំពេញ បានបំពេញការងារតួនាទីរៀងៗខ្លួន ប្រកបដោយមនសិកាវិជ្ជាជីវៈគ្រូបង្រៀន ដើម្បីធានាឲ្យការអប់រំប្រកបដោយគុណភាព សមធម៌ បរិយាបន្ន និងលើកកម្ពស់ឱកាស នៃការសិក្សាពេញមួយជីវិតសម្រាប់ទំាងអស់គ្នា ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។
សូមជម្រាបថា នៅរាជធានីភ្នំពេញ មានគ្រឹះស្ថានសិក្សាសាធារណៈរបស់រដ្ឋ ដូចជាសាលាបឋមសិក្សាចំនួន១៦៤ទីតាំង អនុវិទ្យាល័យវិទ្យាល័យ មានចំនួន៦៨សាលា និងសាលាមតេយ្យសិក្សា មតេ្តយ្យសហគមន៍មាន១៥៨ទីតាំង ដោយរដ្ឋនិងឯកជន សរុបទាំងអស់មានជាង ៣០ម៉ឺននាក់៕