(កំពង់ធំ)៖ លោកស្រី ខៀវ ស៊ីណា ជាចាន់តូ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានអញ្ជើញទៅចុះត្រួតពិនិត្យ លើការកសាងអគារពុទ្ធិកសិក្សា សម្រាប់ឲ្យព្រះសង្ឃសិក្សារៀនសូត្រ។
លោកស្រី ខៀវ ស៊ីណា ជាចាន់តូ ក៏បានលើកឡើងថា ការកសាងអគារសមរម្យ សម្រាប់ឲ្យព្រះសង្ឃសិក្សារៀនសូត្រ គឺជាកិច្ចការដែលប្រជាពលរដ្ឋគ្រប់រូបៗ ពិសេសពុទ្ធសាសនិជនខ្មែរ ត្រូវខិតខំរួមគ្នារៀបចំកសាងឡើង ព្រោះកន្លែងនេះមិនគ្រាន់តែផ្ដល់នូវចំណេះដឹង សម្រាប់តែព្រះសង្ឃទេ ប៉ុន្តែកន្លែងនេះក៏មានតួនាទីដ៏សំខាន់ នៅក្នុងការរួមចំណែជួយបណ្ដុះបណ្ដាលសិស្ស មករៀនសូត្រជាមួយព្រះសង្ឃផងដែរ។
ការអញ្ជើញចុះរបស់លោកស្រី ធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០។
លោកស្រី ខៀវ ស៊ីណា ជាចាន់តូ បានឲ្យដឹងថា ក្នុងសង្គមបច្ចុប្បន្នការរៀនសូត្រ មិនថាប្រជាពលរដ្ឋទូទៅឬព្រះសង្ឃទេ គឺត្រូវមានការសិក្សារៀនសូត្រឲ្យបានចំណេះខ្ពស់ ដើម្បីលើកស្ទួយវិស័យសាសនា និងសម្រាប់ចូលរួមអភិវឌ្ឍសង្គមជាតិ។
លោកស្រីបន្ដថា ដូចនេះចាំបាច់ត្រូវរួមសាមគ្គីគ្នា ជួយកសាងទាំងកន្លែងរៀន និងកន្លែងស្នាក់របស់ព្រះសង្ឃ ឲ្យបានសមរម្យដើម្បីឲ្យព្រះសង្ឃមានឱកាស និងមានលទ្ធភាពបានបន្តការសិក្សារៀនសូត្រ ទាំងធ៌មវិន័យបាលីសំស្គ្រឹតនិងចំណេះដឹងទូទៅតាមបំណងប្រាថ្នា។ មួយចំណែកទៀតបើក សាងសាលាពុទ្ធិកៈបានច្រើន នៅបណ្ដាវត្តតាមឃុំ ស្រុក និងតំបន់ដាច់ប្រយាលនោះក៏បានជួយសម្រួល ដល់ការនិមន្តទៅរៀនឆ្ងាយរបស់ព្រះសង្ឃផងដែរ។
លោក ឯក ប្រុស អ្នកទទួលការងារសាងសង់សំណង់ឲ្យដឹងថា ទាំងសំណង់សាលាពុទ្ធិកៈ និងកុដិដែលកំពុងកសាងនេះ ជាសមិទ្ធផលកើតចេញពីទឹកចិត្តប្រកបដោយសុទ្ធាជ្រះថ្លារ ចំពោះវិស័យព្រះពុទ្ធសាសនារបស់លោក ជា ចាន់តូ និងលោកស្រី ក្នុងនោះកុដិថ្មី១ខ្នង ៥បន្ទប់ ស្ថិតនៅវត្តក្រយា ឃុំក្រយា និងកសាងឡើងនៅខែមករា ឆ្នាំ២០២០ មានទំហំ៨ម៉ែត្រគុណ៣០ម៉ែត្រនិងសម្រេចបាន៣០ភាគរយហើយ។
លោកបានបន្ដថា ដោយឡែកសាលាពុទ្ធិកៈសិក្សាស្ថិត ក្នុងវត្តធម្មនាថក្នុងឃុំតាំងក្រសាំង បានចាប់ផ្ដើមកសាងនៅខែមិថុនា ឆ្នាំ២០១៩ មានទំហំ២០
ម៉ែត្រគុណ១៣ម៉ែត្រស្មើ៣បន្ទប់គិត ដល់ពេលនេះសម្រេចបាន៧០%។
ក្នុងឱកាសនោះលោកស្រី ខៀវ ស៊ីណា ជាចាន់តូ បានសម្រេចជួយជួសជុលកែលម្អរព្រះវិហារ បុរាណដែលមានអាយុកាលជាង១០៣ឆ្នាំ ចាត់ទុកជាព្រះវិហារ៍ដ៏ចំណាស់មួយផងដែរ ស្ថិតនៅវត្តបារាយណ៏ជាន់ដែក ក្នុងភូមិរាបាយណ៏ជាន់ដែក ឃុំបលង្ក័ ស្រុកបារាយណ៍។
លោកស្រី ខៀវ ស៊ីណា ជាចាន់តូ បានបញ្ជាក់ថា រាល់ការជួសជុលរក្សាតាមលំនាំដើមដដែល តាំងរចនាបទដើមដដែលខាងក្នុងព្រះវិហារ។
សូមជម្រាបថា ក្នុងដំណើរអញ្ចើញចុះពិនិត្យសំណង់នេះលោកស្រី បានប្រគេនបច្ចច័យ និងគ្រឿងឧបភោគ បរិភោគ និង ភេសជ្ជៈជូនដល់វត្តទាំង៣ ក្នុងវត្តធម្មនាថ ១លាន១សែនរៀល និងគ្រឿងឧបភោគ បរិភោគ និងភេសជ្ជៈ, វត្តក្រយាមានបច្ច័យសរុប៣លានរៀលគ្រឿងឧបភោគ បរិភោគ និងភេសជ្ជៈ។ ជាមួយនេះក៏បានប្រគេនបច្ច័យមួយចំនួនគ្រឿងឧបភោគ បរិភោគ និង ភេសជ្ជៈដល់វត្តរាយណ៍ជាន់ដែកផងដែរ៕