(ភ្នំពេញ)៖ អ្នកជំនាញផ្នែកវេជ្ជសាស្ត្រកម្ពុជា បានថ្លែងសារប្រាប់ទៅប្រជាពលរដ្ឋ កុំឲ្យព្រួយបារម្ភពីជំងឺរលាកសួត ដែលបង្កឡើងដោយវីរុស កូរ៉ូណា ប្រភេទថ្មីឲ្យសោះ ដោយសារវាស្រដៀងគ្នានឹងជំងឺ ផ្តាសាយតែប៉ុណ្ណោះ សូមមេត្តាចូលរួមអនាម័យជាចម្បងដើម្បីជៀសវាងជំងឺនេះ។
អ្នកធ្លាប់ធ្វើការនៅមន្ទីពិសោធន៍ស្រាវជ្រាវវេជ្ជសាស្រ្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា លោក ជឹម ភ័ក្ត្រា បានលើកឡើងប្រាប់អង្គភាពព័ត៌មាន Fresh News នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះថា ជាទូទៅការចម្លងវីរុសកូរ៉ូណា អាចឆ្លងបានត្រូវពឹងលើកត្តាមួយចំនួនសមស្របគឺចំនួនមេរោគ និងការប៉ះពាល់ នឹងនៅទល់មុខអ្នកជំងឺផ្ទាល់។
អ្នកជំនាញផ្នែកវេជ្ជសាស្ត្រជាង ១០ឆ្នាំរូបនេះ បានលើកឡើងបន្តថា នៅកម្ពុជាមានអ្នកផ្ទុកវិរុសកូរ៉ូណាតែម្នាក់ប៉ុណ្ណោះ, អាស្រ័យហេតុនេះសូមកុំព្រួយបារម្ភពេក នាំឲ្យមានការជ្រួលច្របល់។ សំខាន់បំផុតត្រូវឲ្យពលរដ្ឋបានយល់ច្បាស់ថា វីរុសនេះមិនមែនហោះពាសវាលពាសកាលនោះទេ ដូច្នោះបើមិននៅជិតផ្ទាល់ ឬប៉ះពាល់ផ្ទាល់បើគ្រាន់តែប៉ះពាល់ ត្រូវលាងសម្អាតដៃ លុបមុខ នឹងសាប៊ូ ឬសារធាតុសម្លាប់មេរោគ នោះក៏វាមិនអាចឆ្លងបានដែរ។ សំខាន់បំផុតគឺត្រូវរក្សាអនាម័យគ្រប់ពេលវេលា។
សូមជំរាបថា លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា បានបន្តក្រើនរំលឹកជូនដល់ប្រជាពលរដ្ឋទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់លើការបង្ការការចម្លង ជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី ដោយអនុវត្តនូវវិធានការដូចតទៅ៖
១៖ ចៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកមានជំងឺផ្លូវដង្ហើមស្រួច ឬអ្នកជំងឺដែលសង្ស័យ។
២៖ លាងដៃឲ្យបានញឹកញាប់ (ជាមួយសាប៊ូ និងទឹកស្អាត) ជាពិសេសបន្ទាប់ពីប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺ ឬបរិស្ថានជុំវិញគាត់។
៣៖ ចៀសវាងប៉ះពាល់ជិតស្និទ្ធ ឬទៅទីផ្សារ ឬកសិដ្ឋានដែលមានសត្វរស់ ឬសត្វព្រៃ ឬកន្លែងដែលគេដឹងថាមានវីរុសកំពុងចរាចរ។ ចាំបាច់ ត្រូវលាងដៃឲ្យបានទៀងទាត់មុនពេល និងបន្ទាប់ពីការប៉ះពាល់សត្វ ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគ។
៤៖ ប្រកាន់ខ្ជាប់នូវការអនុវត្តន៍អនាម័យស្អាត និងសុវត្ថិភាពម្ហូបអាហារល្អ ដូចជា ពិសារអាហារដែលចំអិនឆ្អិនល្អ ជាពិសេស សាច់ និងស៊ុត។
៥៖ អ្នកមានរោគសញ្ញាជំងឺផ្លូវដង្ហើមស្រួច ត្រូវខ្ទប់មាត់និងច្រមុះនៅពេលក្អកឬកណ្តាស់ ដោយកន្សែង ក្រម៉ា ឬក្រដាសជូតមាត់។
៦៖ ត្រូវប្រកាន់យកនូវអនាម័យដៃស្អាត និងអនាម័យផ្លូវដង្ហើម (ខ្ទប់មាត់និងច្រមុះនៅពេលក្អកឬកណ្តាស់, លាងដៃបន្ទាប់ពីមានប៉ះជាមួយទឹករំអិលពីផ្លូវដកដង្ហើម និងរក្សាចម្ងាយច្រើនជាង១ម៉ែត្រពីបុគ្គលដែលមានរោគសញ្ញាផ្លូវដង្ហើមស្រួចស្រាវ ជាដើម)។
៧៖ បុគ្គលិកសុខាភិបាលដែលផ្តល់ការថែទាំអ្នកជំងឺត្រូវប្រកាន់ខ្ជាប់នូវវិធានការណ៍បង្ការការចម្លងរោគ ក្នុងគ្រឹះស្ថានសុខាភិបាលឲ្យបានហ្មត់ចត់និងត្រឹមត្រូវតាមបច្ចេកទេសសុខាភិបាល ដើម្បីចៀសវាងការឆ្លងជំងឺនេះមកបុគ្គលខ្លួនឯង។
៨៖ ប្រសិនបើមានសង្ស័យថា ឆ្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះ ដោយមានរោគសញ្ញាដូចជា គ្រុនក្តៅលើសពី ៣៨ អង្សាសេ និងមានរោគសញ្ញាមួយយ៉ាងតិចក្នុងចំណោម ក្អក ហូរសំបោរ ឈឺបំពង់ក ដង្ហើមខ្លី និងពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសចិន ដោយបានប៉ះពាល់ជាមួយអ្នកជំងឺផ្លូវដង្ហើម ប៉ះពាល់ជាមួយសត្វឈឺ ក្នុងអំឡុង១៤ថ្ងៃមុនចេញរោគសញ្ញា ឬដោយបានប៉ះពាល់ជាមួយអ្នកស្លាប់ដោយសារ ជំងឺផ្លូវដង្ហើមស្រួចស្រាវមិនដឹងអំពីអត្តសញ្ញាណ (ប្រភេទមេរោគ) ច្បាស់លាស់ ត្រូវប្រញាប់រាយការណ៍ទៅលេខទូរស័ព្ទទាន់ហេតុការណ៍១១៥៕