(ភ្នំពេញ)៖ កម្លាំងអាជ្ញាធររបស់កម្ពុជា បានចាប់បញ្ជូនជនជាតិអាមេរិកម្នាក់ ទៅកាន់ប្រទេសដើមវិញ ក្រោយទទួលបានសេចក្ដីរាយការណ៍ថា ជននេះប៉ុនប៉ងបំផ្ទុះគ្រាប់បែក បំផ្លាញស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញ។ សេចក្ដីរាយការណ៍នេះ អាជ្ញាធរកម្ពុជា ទទួលបានពីអាជ្ញាធរសហរដ្ឋអាមេរិក ដើម្បីស្នើសុំកិច្ចសហការ។
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ បានអះអាងថា ជនជាតិអាមេរិកដែលត្រូវសមត្ថកិច្ចកម្ពុជា បញ្ជូនចេញទៅវិញភា្លមៗ ក្រោយទទួលបានព័ត៌មានពីភាគីអាមេរិកថា មានចេតនាមិនល្អទៅលើស្ថានទូតនៅកម្ពុជា ដោយប៉ងបំផ្ទុះគ្រាប់បែក។
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានឲ្យដឹងទៀតថា ហេតុការណ៍នេះកើតឡើងក្នុងអំឡុងឆមាសទី២ នៃឆ្នាំ២០១៩។ ប៉ុន្ដែទោះជាយ៉ាងណា ចំពោះសកម្មភាពប៉ុនប៉ងនេះ មិនទាន់ចេញជារូបរាងនោះទេ ពោលគ្រាន់តែជាព័ត៌មានដែលភាគីកម្ពុជាទទួលបាន ដោយស្នើសុំកិច្ចសហការពីបរទេសតែប៉ុណ្ណោះ។
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «ស្ថានភាពជាក់ស្ដែងមិនទាន់មានទេ ប៉ុន្ដែគ្រាន់តែជាព័ត៌មានពីខាងក្រៅ ប្រទេសជាមិត្តភាគីពាក់ព័ន្ធថា បើមុខសញ្ញាហ្នឹងមក អាចមានអសន្ដិសុខអីដល់ស្ថានទូតអាមេរិក មានចេតនាមិនល្អ។ ចឹងយើងអត់ឲ្យចូលប្រទេស មកដល់យើងឲ្យចេញទៅវិញ។ គាត់មកដល់ច្រកទ្វារយើង គឺយើងបដិសេធមិនឲ្យចូលតែម្ដង»។
បើតាមនាយឧត្តមសេនីយ៍ អគ្គនាយកអន្ដោប្រវេសន៍ ប្រតិបត្តិការនេះសមត្ថកិច្ចកម្ពុជាធ្វើបានជោគជ័យ ដោយមានកិច្ចសហការល្អពីអាជ្ញាធរបរទេសដែលមានការពាក់ព័ន្ធ ដោយមិនបណ្ដោយឲ្យបទល្មើសកើតឡើងនោះឡើយ។
យ៉ាងណាក៏ដោយ សម្រាប់អត្តសញ្ញាណជនជាតិអាមេរិក ដែលប៉ុនប៉ងបង្កអសន្ដិសុខ នៅប្រទេសកម្ពុជា មិនត្រូវបាននាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បញ្ជាក់ឲ្យដឹងនោះទេ ដោយហេតុថា ភាគីជាមិត្តដែលផ្ដល់ព័ត៌មានសុំឲ្យលាក់អត្តសញ្ញាណ៕