(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបេីកសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០១៩។
សន្និបាតនេះមានរយៈពេល២ថ្ងៃ នៅថ្ងៃទី៣០ និង៣១ ខែមករា ឆ្នាំ២០២០ ដើម្បីពិនិត្យឡើងវិញពីសកម្មភាព និងការប្រឈមនានានៅក្នុងឆ្នាំ២០១៩ ព្រមទាំងកំណត់ទិសដៅការទូត និងការងារសម្រាប់ឆ្នាំ២០២០។
សន្និបាតនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ក្រសួង ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍ អគ្គកុងស៊ុល កុងស៊ុលកិត្តិយស និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា។
នៅថ្ងៃទី៣១ ខែមករា ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតនេះ នៅវិមានសន្តិភាព ដើម្បីផ្តល់អនុសាសន៍ និងការណែនាំដ៏មានតម្លៃ សម្រាប់អ្នកការទូតកម្ពុជា ក្នុងការអនុវត្តបេសកកម្មការទូត។
ក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញប្រកាសជាផ្លូវការ ការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ឆ្នាំ២០២០ នៅកម្ពុជា ហើយអង្គទូតបរទេសប្រចាំកម្ពុជា ក៏នឹងត្រូវបានអញ្ជើញឲ្យចូលរួមក្នុងពិធីនេះផងដែរ។
សន្និបាតប្រចាំឆ្នាំ២០២០ ផ្តល់កាលានុវត្តភាពផងដែរ សម្រាប់អ្នកការទូតកម្ពុជា អាចពង្រីកចំណេះដឹងប្រតិបត្តិ និងកំរិតវិភាគកាន់តែទូលំទូលាយ លើបញ្ហាសំខាន់ៗដែលពាក់ព័ន្ធនឹង ទី១៖ បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា, ទី២៖ ស្ថានភាពវិនិយោគបរទេសនៅកម្ពុជា និងទី៣៖ យុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មរបស់កម្ពុជា ដើម្បីពង្រឹងការទូតសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព នៅលើឆាកអន្តរជាតិ៕