Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលស្រុកស្វាយជ្រំ ចុះដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋ១៤គ្រួសារ ក្នុងភូមិចំបក់ ឃុំគ្រួស

30-01-2020 11:24

(ស្វាយរៀង)៖ លោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ និងក្រុមការងារ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ក្នុងរយៈពេលមួយថ្ងៃពេញ បានចុះសម្របសម្រួលដោះស្រាយករណី ប្រជាពលរដ្ឋចំនួន១៤ គ្រួសារ ដែលធ្លាប់បានបង្កបង្កើនផល តាំងពីឆ្នាំ១៩៧៩ នៅតំបន់ជុំវិញបឹងត្បាល់ ស្ថិតនៅភូមិចំបក់ ឃុំគ្រួស និងមានប័ណ្ណសម្គាល់សិទ្ធិ កាន់កាប់នៅឆ្នាំ១៩៩២។

លោក ហែម សារិទ្ធ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តស្វាយរៀង ឲ្យដឹងថា ដោយពិនិត្យលើស្ថានភាពជាក់ស្តែង និងទិដ្ឋភាពច្បាប់ ក្នុងនាមលោកជាប្រធាន គណៈបញ្ជាការឯកភាពស្រុក បានបង្កើត គណៈកម្មការ វាយតម្លៃមួយ ដែលមានអាជ្ញាធរពាក់ព័ន្ធចូលរួម និងសម្រេចដាក់ក្រុមការងារ វាស់វែងដីធ្លីជាលក្ខណៈប្រព័ន្ធ វាស់វែងជូនបងប្អូនប្រជាពលរដ្ឋ ឲ្យទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ ចំណែកបឹងត្បាល់ ត្រូវរក្សាទុកជាសម្បត្តិរួម ក្នុងសហគមន៍ប្រើប្រាស់ ។

លោកបានបន្តថា បន្ទាប់មកលោក និងក្រុមការងារ បានបន្តចុះសម្របសម្រួលដោះស្រាយករណី ទំនាស់ដណ្តើមដីធ្លីភូមិមួយកន្លែងទៀត រវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ស្ថិតនៅភូមិចំបក់ ឃុំគ្រួស ក្រោយការ ពិនិត្យឯកសារ និងសម្របសម្រួលជាលទ្ធផល ភាគីទាំងពីរ បានយល់ព្រមឯកភាព ចែកដីគ្នាម្នាក់ពាក់កណ្តាល និងការដោះស្រាយ ដោយទូទាត់សំណង ឈ្នះ ឈ្នះ ទាំងអស់គ្នា។

លោក ហែម សារិទ្ធ ក៏បានថ្លែងនូវការផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋ ដែលជាភាគីទំនាស់ទាំងពីថា ក្នុងនាមយើង ជាប្រជាពលរដ្ឋដែលជាអ្នកភូមិផងរបងជាមួយគ្នា ត្រួវចេះមានការយោគយល់អធ្យាស្រ័យ មិនត្រូវប្រើនូវអំពើហិង្សា បើមានបញ្ហាអ្វីមួយ ត្រូវរាយការណ៍ទៅអាជ្ញាធរ ដើម្បីមានដំណោះស្រាយ តាមនិតិវិធីច្បាប់៕