Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចាប់មន្ដ្រីមន្ទីរសុខាភិបាលនៅខេត្ដក្រចេះម្នាក់ និងបក្ខពួក២នាក់ទៀត ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

30-01-2020 11:19

(ក្រចេះ)៖ នគរបាលក្រុងក្រចេះ ក្រោមការបញ្ជាពីឧត្ដមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត ក្រោមសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន នៅសង្កាត់ក្រចេះ ក្រុងក្រចេះ។

យោងតាមរបាយការណ៍នគរបាលក្រុងក្រចេះ បានឲ្យដឹងថា ប្រតិបត្តិការនេះ នៅមុខសាលមហោស្រប សង្កាត់ក្រចេះ ដោយបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ក្រេង ចាន់រស្មី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងមាស រស់នៅបន្ទប់ជួល ភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះ។ ក្រោយការចាប់ខ្លួនកម្លាំងនគរបាល បានដកហូតបានវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌ស ចំនួន១កញ្ចប់ ទូរស័ព្ទ១គ្រឿង ម៉ូតូ១គ្រឿង។

តាមរបាយការណ៍ បានបញ្ជាក់ទៀតថា នៅថ្ងៃដដែល កម្លាំងនគរបាលបន្តឆែកឆេរបន្ទប់ជួល របស់ឈ្មោះ ក្រេង ចាន់រស្មី បានឃាត់ខ្លួនជនសង្ស័យ ចំនួន២ទៀត រួមមាន៖

*ទី១៖ ឈ្មោះ សុខ អីឡន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ធ្លាប់ជាប់ពន្ធនាគារ មានទីលំភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ
*ទី២៖ ឈ្មោះ អែល រដ្ឋា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាមន្រ្តីមន្ទីរសុខាភិបាលខេត្តក្រចេះ រស់នៅសង្កាត់អូរឬស្សី ដោយដកហូតបានម្សៅក្រាមពណ៌ស ចំនួន៥កញ្ចប់ ទូរស័ព្ទចំនួន២គ្រឿង និងសម្ភារប្រើប្រាស់គ្រឿងញៀន មួយចំនួន។

បច្ចប្បន្ន ជនសង្ស័យទាំង ៣នាក់ និងវត្ថុតាង ត្រូវបានឃាត់រក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីកសាងសំណុំរឿង តាមនីតិវិធី៕