(កណ្ដាល)៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា គ្រប់ប៉ុស្តិ៍នគរបាលទាំងអស់ទូទាំងប្រទេស ត្រូវបើកទ្វារ ២៤ម៉ោងលើ ២៤ម៉ោង ដើម្បីឆ្លើយតបគ្រប់ស្ថានការណ៍ និងតម្រូវការប្រជាពលរដ្ឋ ពិសេសគឺត្រូវអនុវត្តន៍ឲ្យបានយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយភូមិឃុំ-សង្កាត់ មានសុវត្ថិភាព ឲ្យបានល្អប្រសើរបំផុត ។
នាយឧត្តមសេនីយ៍ បានលើកឡើងយ៉ាងដូច្នេះ នៅក្នុងពិធីប្រកាសតែងតាំង ស្នងការនគរបាលខេត្តកណ្ដាលថ្មី នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ។ ក្នុងនោះក៏មានក្រោមវត្តមាន ចូលរួមពីលោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល និងគ្រប់មន្ត្រីពាក់ព័ន្ធទាំងអស់ សរុបជាង១ពាន់នាក់។
នាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា គ្រប់មន្ត្រីនគរបាលទាំងអស់ រាប់តាំងពីថ្នាក់ក្រោមដល់ថ្នាក់លើ ត្រូវតែធ្វើឲ្យខ្លួនឯង មានសមត្ថភាពខ្លាំង រឹងមាំ និងមានក្រមសីលធម៌ ដើម្បីធ្វើជាឆ្អឹងខ្នងរឹងមាំមួយ នៃការថែរក្សាសុខសុវត្ថិភាព សន្តិសុខ សំរាប់ប្រជាពលរដ្ឋ និងប្រទេសជាតិយើង។
នាយឧត្តមសេនីយ៍ នេត សាវឿន បានសង្កត់ធ្ងន់ថា «សូមកុំយកតួនាទី ទៅការពារផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួក ព្រោះតួនាទីទាំងអស់ ដែលថ្នាក់លើផ្ដល់ជូន គឺដើម្បីបំរើប្រជាពលរដ្ឋ និងការពារប្រទេសជាតិ បើសិនបានតួនាទីហើយ បែរជាទៅធ្វើខុសពីគោលបំណងធំ សូមកុំធ្វើអីល្អជាង»។
នាយឧត្តមសេនីយ៍ ក៏បានផ្ដាំផ្ញើដល់លោកស្នងការ ទើបឡើងតំណែងថ្មី ត្រូវធ្វើការងារឲ្យបានល្អប្រសើរបំផុត មានកិច្ចសហការគ្នាល្អ បំរើប្រជាពលរដ្ឋ ថែរក្សាសុខសន្តិភាព សុខសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ អនុវត្តន៍ឲ្យបានល្អប្រសើរ នូវគោលនយោបាយភូមិឃុំ-សង្កាត់ មានសុវត្ថិភាព ពិសេសគឺបំរើសេវានានា ដល់ពលរដ្ឋដោយសេចក្ដីរីករាយយកចិត្តទុកដាក់ និងជួយអស់ពីចិត្តអស់ពីថ្លើម។
ស្ថិតនៅក្នុងកម្មវិធីនេះដែរ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ទើបប្រកាសឡើងកាន់តំណែងថ្មី បានប្ដេជ្ញាជាច្រើនចំណុចរួមមាន៖
*ទី១ ៖ ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ។
*ទី២ ៖ ការពារដាច់ខាត រាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីឆន្ទៈរាស្ត្រ និងចូលរួមអនុវត្តឲ្យសម្រេច បានជោគជ័យគ្រប់កម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល។
*ទី៣ ៖ តម្កល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ តាមពាក្យស្លោក «បម្រើប្រជាពលរដ្ឋដោយភក្ដីភាព», ជាមួយគ្នានោះ រក្សាឲ្យបាននូវសន្តិសុខ សុវត្ថិភាពវិនិយោគិន ទេសចរបរទេសក្នុងខេត្ត សំដៅរួមចំណែក បង្កើនសេដ្ឋកិច្ចជាតិ ។
*ទី៤ ៖ គោរពអនុវត្តម៉ឺងម៉ាត់តាមច្បាប់ បទប្បញ្ញត្តិ បទបញ្ជា និងគោលការណ៍ របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់។
*ទី៥ ៖ ដឹកនាំមន្ត្រីក្រោមឱវាទ ប្រកបដោយគុណធម៍ និងមានតម្លាភាព តម្កល់ផលប្រយោជន៍អង្គភាពខ្ពស់ បង្កើនសាមគ្គីភាពផ្ទៃក្នុង រួមសុខរួមទុក្ខជាមួយគ្រប់កាលៈទេសៈ និងបង្កើនកិច្ចសហការល្អ ជាមួយអង្គភាពពាក់ព័ន្ធទូទាំងខេត្ត។
សូមជម្រាបថា អតីតស្នងការនគរបាលខេត្តកណ្ដាល ដែលបំរើការងារបាន១៥ឆ្នាំ ជាស្នងការខេត្ត លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ត្រូវបានតំឡើងតួនាទីទៅជានាយករងមន្ទីរប្រឆាំងគ្រឿងញៀន រីឯលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ពីស្នងការរង ឡើងទៅជាស្នងការនគរបាលខេត្តកណ្ដាល ចាប់ពីថ្ងៃនេះទៅ៕