(ភ្នំពេញ)៖ សមត្ថកិច្ចនគបាលព្រហ្មទណ្ឌ នៃអធិការខណ្ឌ ៧មករា បានឃាត់ខ្លួនយុវជន ហេង គឹម ហួត អាយុ២១ឆ្នាំ សិស្យសាលា មានទីលំនៅផ្ទះលេខ ៤៣៨Eo ផ្លូវ៣៤៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទទួលកោក រាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនឱ្យតុលាការចាត់ការតាមច្បាប់ ក្រោយយុវជនរូបនេះបានវាយ និងផ្ញើរូបកាំភ្លើងទៅគំរាមជនរងគ្រោះម្នាក់នៅសាលា លីម កុងវីង។
ការឃាត់ខ្លួនយុវសិស្សរូបនេះ ធ្វើឡើងកាលពីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ដោយមានការឯកភាពពីលោក ឡុង ជៀប ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងបន្ទាប់ពីយុវជនរូបនេះ ចូលខ្លួនសារភាពកំហុសនៅប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់មនោរម្យ ជាមួយការសុំជួសជុលសំណងផ្លូវចិត្តដែលរូបគេ បានប្រព្រឹត្តកំហុសលើជនរងគ្រោះ។
អធិការរងនគបាលខណ្ឌ ៧មករា លោកវរសេនីយ រស់ ស៊ីណា បានឱ្យអង្គភាពព័ត៌មាន Fresh News បានដឹងនៅព្រលប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ថា មានយុវជន ២នាក់ បានឡើងទៅដល់ថ្នាក់រៀនក្នុងសាកលវិទ្យាល័យ «លីម កុកវីង» រួចបានប្រើអំពើហិង្សាលើសិស្សប្រុសដែលរៀននៅទីនោះ ក្នុងកំហឹងញ៉ែសង្សាររបស់គេ។
លោកអធិការងបានបញ្ជាក់ថា បន្ទាប់ពីប្រព្រឹត្តហិង្សារួចជនរូបនេះ បានប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គម ដោយផ្ញើរូបកាំភ្លើងមកគំរាមជនរងគ្រោះបន្ថែមទៀតផង។
បើតាមសមត្ថកិច្ចជនរងគ្រោះមានឈ្មោះ ហម សុវណ្ណារ៉ា អាយុ១៨ឆ្នាំ មុខរបរជាសិស្សមានទីលំនៅសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ពាក់ព័ន្ធករណីនេះ ជនរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១០៖៣០នាទី ព្រឹកខ្លួនកំពុងអង្គុយរៀន នៅសាកលវិទ្យាល័យ «លីម កុកវីង» ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា ស្រាប់តែឈ្មោះ ហួត និងបក្ខពួកម្នាក់ បានឡើងដល់ជាន់ទី៧ ដោយនិយាយជាមួយខ្លួនថា «ហ្អែងឈ្លើយណាស់» រួចក៏ចាប់ច្របាច់ក ហើយរុញជនរងគ្រោះអឹបនឹងទ្វារ រួចបានវៃចំនួន៣ដៃ ចំភ្នែកខាងឆ្វេង និងចំផ្ទៃមុខបែកវ៉ែនតា រួចក៏ចុះទៅក្រោមវិញបាត់ទៅ។
ជនរងគ្រោះ បានបន្តថា លុះដល់វេលាម៉ោង១២៖១០នាទីថ្ងៃដដែល ជនទំនើងឈ្មោះ ហួត បានផ្ញើរូបភាពកាំភ្លើងមកប្រព័ន្ធ Internet មកខ្លួនដែលធ្វើឱ្យខ្លួនមានការបារម្ភ និងភ័យខ្លាចពីសុវត្ថិភាពជាខ្លាំង៕