(ភ្នំពេញ)៖ ក្នុងឆ្នាំ២០១៩កន្លងទៅ ជនបរទេសចំនួន១,៥៣៣នាក់ ស្មើនឹង៦៣សញ្ជាតិ ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា ក្រោយកម្លាំងនគរបាលអន្ដោប្រវេសន៍ឃាត់ខ្លួន ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស។ នេះបើតាមរបាយការណ៍ ដែលបានបង្ហាញក្នុងសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅបន្ដ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។
របាយការណ៍ដែលបានបង្ហាញទៀតថា ក្នុងចំណោមជនបរទេសដែលបានប្រព្រឹត្តបទល្មើស ហើយត្រូវបានបណ្ដេញចេញពីកម្ពុជានេះ ច្រើនជាងគេគឺជនជាតិចិន ដែលមានចំនួន១,០១៣នាក់, ថៃ២២០នាក់, វៀតណាម១៤៩នាក់, នីហ្សេរីយ៉ា៩៤នាក់, ឥណ្ឌា៣១នាក់, កូរ៉េខាងត្បូង២៥នាក់, អាមេរិក១៧នាក់។
បទល្មើសដែលជនបរទេសទាំងអស់នេះបានប្រព្រឹត្ត រួមមាន៖ ករណីជំរិតទារប្រាក់តាមប្រព័ន្ធ VOIP និងបទល្មើសហ្គេមអនឡាញចំនួន៨៩០នាក់ មាន០៩សញ្ជាតិ (ចិន តៃវ៉ាន់ ថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី ឡាវ វៀតណាម ឥណ្ឌា និងម៉ាឡេស៊ី), ការស្នាក់នៅគ្មានលិខិតឆ្លងដែន ចំនួន២៤២នាក់ មាន៤០សញ្ជាតិ (នីហ្សេរីយ៉ា៦៧នាក់, វៀតណាម៤៣នាក់, ចិន២៩នាក់ និង៣៧សញ្ជាតិទៀតពីម្នាក់ ដល់១០នាក់), ការស្នាក់នៅលើសទិដ្ឋាការ ចំនួន១២៦នាក់ មាន៣២សញ្ជាតិ (នីហ្សេរីយ៉ា ៤៩នាក់, ឥណ្ឌា១៣នាក់ និង៣០សញ្ជាតិទៀតពី ០១ដល់០៦នាក់) និងប្រើប្រាស់សារធាតុញៀនចំនួន២០០នាក់។
គួរជម្រាបថា គិតចាប់ពីបង្កើតអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឆ្នាំ២០១៤ មកដល់ដំណាច់ខែធ្នូ ឆ្នាំ២០១៩នេះ បានបណ្តេញចេញជនបរទេសខុសច្បាប់ចំនួន ១៦,៧២០នាក់ មាន ៩៦សញ្ជាតិ។
ទន្ទឹមនេះ ដើម្បីការពារជោគវាសនាពលរដ្ឋខ្មែរ ពីការបោកប្រាស់យកទៅជួញដូរធ្វើបាបនៅក្រៅប្រទេសនាឆ្នាំ២០១៩ តាមសំណើរបស់ក្រុមការងារ ច្រកចេញចូលតែមួយក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានបានពិនិត្យបញ្ជាក់សមាសភាពជនបរទេស ដែលបានស្នើសុំរៀបអាពាហ៍ពិពាហ៍ ជាមួយពលរដ្ឋខ្មែរចំនួន១,៩២៨នាក់ មាន៣៩សញ្ជាតិ និងបានឆ្លើយតបទាន់ពេលតាមការស្នើសុំ៕