Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ នេត សាវឿន អញ្ជើញប្រកាសចូលកាន់តំណែងស្នងការនគរបាលខេត្តកណ្ដាលថ្មី, ឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ជំនួសឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ដែលតែងតាំងជានាយករង មន្ទីរប្រឆាំងគ្រឿងញៀន

30-01-2020 08:24

(កណ្ដាល)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដោយលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ជំនួសលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ដែលត្រូវតែងតាំងជានាយករង មន្ទីរប្រឆាំងគ្រឿងញៀន។

គួរជម្រាបថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០កន្លងទៅ បានសម្រេចតែងតាំង លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការរងខេត្តកណ្ដាល ទៅជាស្នងការនគរបាលខេត្ត ជំនួសលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ដែលត្រូវតែងតាំងជានាយករង មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានកាន់ជាស្នងការនគរបាលខេត្តកណ្ដាល អស់រយៈពេលជាង១០ឆ្នាំមកហើយ ដែលបានសម្រេចលទ្ធផលជាច្រើន នៅតាមមូលដ្ឋានក្នុងការរក្សាសន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ជាពិសេសបង្ក្រាបបទល្មើសផ្សេងៗនៅក្នុងខេត្ត៕