Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ម៉ោង៩ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសារទៅកាន់ប្រជាពលរដ្ឋ អំពីជំងឺរលាកផ្លូវដង្ហើមដោយវីរូសកូរ៉ូណា នៅក្នុងប្រទេសកម្ពុជា

30-01-2020 06:41

(ភ្នំពេញ)៖ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងធ្វើការថ្លែងសារពីវិមានសន្តិភាពទៅកាន់ប្រជាពលរដ្ឋទាំងអស់ អំពីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា ដែលទើបរកឃើញ១ករណីនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការជូនដំណឹងដោយមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា។

នេះគឺជាសារលើកដំបូងរបស់សម្តេចតេជោ ហ៊ុន សែន ចាប់តាំងពីជំងឺរលាកផ្លូវដង្ហើមថ្មីដែលបង្កឡើងដោយវីរុសកូរ៉ូណា មានវត្តមានមួយករណីនៅក្នុងប្រទេសកម្ពុជា។ ជំងឺនេះត្រូវបានរកឃើញនៅលើខ្លួន ជនជាតិចិនម្នាក់ ឈ្មោះ ចា ជិនហូរ (Jia Jianhua) ភេទប្រុស អាយុ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ជាមួយក្រុមគ្រួសារ៣នាក់ទៀត ចេញពីក្រុងវូហាន ប្រទេសចិន មកដល់ខេត្តសៀមរាប ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។

រហូតមកដល់ពេលនេះ ជនជាតិចិនម្នាក់នេះ កំពុងសម្រាកព្យាបាលនៅបន្ទប់ដាច់ដោយឡែកមួយ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ហើយត្រូវបានរដ្ឋមន្រ្តីក្រសួងសុខាភិបាលបញ្ជាក់ថា កំពុងមានសុខភាពល្អជាធម្មតា ដោយពុំមានអ្វីធ្ងន់ធ្ងរគួរឱ្យកត់សម្គាល់ទេ ខណៈដែលមន្រ្តីសុខាភិបាល កំពុងយកចិត្តដាក់ ក្នុងការតាមដានផងដែរ។

ពាក់ព័ន្ធនឹងជំងឺថ្មីនេះ ក្រសួងសុខាភិបាល ក៏បានតាមដានយ៉ាងយកចិត្តទុកដាក់លើសុខភាពរបស់ គ្រួសារជនជាតិចិនទាំង៣នាក់ផ្សេងទៀតដែរ ប៉ុន្តែរហូតមកដល់ពេលនេះពួកគេពុំមានជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីឡើយ៕