(កណ្តាល)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានទី១ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ បានអញ្ជើញជាតំណាងរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា ដើម្បីបិទការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» ជ្រើសរើសជើងឯកភូមិភាគវាលរាប ពានរង្វាន់ «សម្តេចក្រឡាហោម ស ខេង» លើកទី២ ឆ្នាំ២០២០។ ពិធីនេះ ត្រូវបានធ្វើឡើងនៅមាត់ទន្លេសួនច្បារក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា អាជ្ញាធរ រដ្ឋបាលខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំរៀបចំព្រឹត្តិការណ៍នេះ ឱ្យទទួលបានជោគជ័យ ដើម្បីផ្តល់ការកម្សាន្តជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកចូលរួមទស្សនា និងធ្វើដំណើរឆ្លងកាត់ទីរួមខេត្តផងដែរ។
លោកបន្តថា ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិរយៈពេលពីរថ្ងៃនេះ គឺជាការផ្តល់ឱកាសដល់កីឡាករ-កីឡាការិនី បញ្ចេញនូវទេពកោសល្យ ដើម្បីវាស់ស្ទង់សមត្ថភាពបច្ចេកទេស ដែលបានហ្វឹកហាត់នាពេលកន្លងមក ហើយជ័យជម្នះដែលកីឡាករ-កីឡាការិនីទទួលបាននាពេលនេះ ពិតជាមិនអាចកាត់ផ្តាច់ពីការខិតខំហ្វឹកហាត់ជាប្រចាំ បូកផ្សំការតស៊ូព្យាយាមគោរពវិន័យ ក្រមសីលធម៌ល្អ និងបទដ្ឋានបច្ចេកទេសបានត្រឹមត្រូវនៅក្នុងការប្រកួត។
លោក ប៉ាន សូរស័ក្តិ ក៏បានលើកឡើងផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមមាគ៌ាដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើកម្ពុជាទទួលបាននូវការឯកភាពជាតិ សុខសន្តិភាពពេញលេញ និងទទួលបានទំនុកចិត្តពីគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ និងក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ។
ដើម្បីឲ្យកីឡាទូកកានូ-កាយ៉ាក់ ទូករ៉ូអ៉ីង និងទូកប្រពៃណី ឬហៅថា «ទូកនាគ» កាន់តែមានវឌ្ឍនភាពទាំងបរិមាណ និងគុណភាព អាចចូលរួមប្រកួតក្នុង ព្រឹត្តិការណ៍ SEA Games ឆ្នាំ២០២៣ ទទួលបានលទ្ធផលល្អ លោក ប៉ាន សូរស័ក្តិ អនុប្រធានទី១ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានផ្តល់អនុសាសន៍មួយចំនួនដូចជា៖
១៖ ត្រូវខិតខំបើកវគ្គបណ្តុះបណ្តាល និងបង្កើនបរិមាណកីឡាករ-កីឡាការិនី នៅតាមបណ្តាសមាគម កីឡាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» ទូកកានូ និងទូករ៉ូអ៊ីង ទូទាំងប្រទេស។
២៖ ត្រូវមានធនធាន និងសម្ភារៈហ្វឹកហាត់ឲ្យបានគ្រប់គ្រាន់ ជាអាទិ៍ សមាគមកីឡាទូករាជធានី-ខេត្ត និងក្រសួងពាក់ព័ន្ធ ចាំបាច់ត្រូវមានទូកផ្ទាល់ខ្លួន ដើម្បីងាយស្រួលក្នុងការហ្វឹកហាត់ ក៏ដូចជា ចូលរួម ប្រកួតទាំងថ្នាក់ភូមិភាគ និងថ្នាក់ជាតិ។
៣៖ ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់សហព័ន្ធ និងសមាគមកីឡាទូកទូទាំងប្រទេស ដោយផ្តោតលើការបំពេញមុខងាររបស់គណៈកម្មការជំនាញនីមួយៗ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់។
៤៖ ត្រូវពង្រឹងសមត្ថភាពអាជ្ញាកណ្តាល និងចៅក្រមឲ្យកាន់តែល្អប្រសើរ ទាំងបរិមាណ និងគុណភាព ដើម្បីអាចគ្រប់គ្រង និងរៀបចំការប្រកួតបានគ្រប់កម្រិត។
៥៖ ត្រូវខិតខំស្វែងរកដៃគូសហការ និងក្រុមហ៊ុនឧបត្ថម្ភបន្ថែមទៀត ដើម្បីបង្កើតព្រឹត្តិការណ៍ប្រកួតឲ្យបានកាន់តែច្រើនក្នុងមួយឆ្នាំៗ តាមដែលអាចធ្វើបាន។
៦៖ ត្រូវជំរុញផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ប្រកួត និងសកម្មភាពការងាររបស់សហព័ន្ធ ឲ្យបានទូលំទូលាយ ដើម្បីទាក់ទាញការគាំទ្រពីវិស័យឯកជន និងសាធារណជនជាតិ និងអន្តរជាតិ៕