(ភ្នំពេញ)៖ បើទោះបីថាជំងឺផ្លូវដង្ហើម «កូរ៉ូណា» មិនទាន់កើតមានស្រួចស្រាវនៅកម្ពុជាយ៉ាងណាក្តី តែក្តីបារម្ភពីការចម្លងមេរោគនេះ កំពុងវាយលុកទៅលើសតិអារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរ។ ដើម្បីការពារសុខភាពប្រជាពលរដ្ឋខ្មែរជាច្រើន ចាប់ផ្តើមនាំគ្នាពាក់ម៉ាស់មិនថា ចេញទៅទីសាធារណៈ ឬនៅក្នុងបន្ទប់ធ្វើការនោះទេ។ ម៉ាស់ត្រូវបានលក់ដាច់យ៉ាងខ្លាំងរហូតដាច់ស្តុកក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។
មិនត្រឹមតែបងប្អូនប្រជាពលរដ្ឋទូទៅទេដែលបារម្ភខ្លាចមេរោគ «កូរ៉ូណា» វាយប្រហារសុខភាពនោះ នៅក្នុងបន្ទប់សវនាការជំនុំជម្រះក្តី «សន្ទិដ្ឋិភាពជាមួយបរទេស» ឬបទល្មើស «ក្បត់ជាតិ» របស់លោក កឹម សុខា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ដែលជាសប្តាហ៍ទី៣ និងថ្ងៃទី៥ នៃសវនាការនេះ ទាំងមេធាវីការពារក្តី ទាំងលោក កឹម សុខា ក្រឡាបញ្ជី និងសាធារណជនចូលរួមស្តាប់សវនាការទាំងខ្មែរ និងជនបរទេសមកពីស្ថានទូតនានា ភាគច្រើន ក៏បានពាក់ម៉ាស់ផងដែរ។
ការពាក់ម៉ាស់នេះ ប្រហែលបង្កការរំខានដល់ការនិយាយខ្លះផងដែរ សម្រាប់លោក កឹម សុខា និងមេធាវីការពារក្តីរបស់លោក។ គេបានសង្កេតឃើញថា ប្រហែលជាការពាក់ម៉ាស់ពិបាកនិយាយ ឬអាចនិយាយមិនឮក៏មិនដឹង លោក កឹម សុខា ដែលស្ថិតនៅក្នុងរង្វង់ក្រចកសេះនៅបន្ទប់សវនាការ គឺលោកតែងតែដោះម៉ាស់ចេញ នៅពេលឆ្លើយសំណួររបស់តំណាងអយ្យការ ក៏ដូចជាសំណួររបស់មេធាវីដើមបណ្តឹង និងមេធាវីការពារក្តីរបស់លោក។
ដោយឡែកក្រុមមេធាវីរបស់លោក កឹម សុខា វិញ ក៏ដូចគ្នាដែរ ប្រហែលម៉ាស់រំខានដល់ការនិយាយផងដែរ ទើបនៅពេលឡើងតស៊ូមតិ ឬដេញដោលលើដំណើររឿង ឧស្សាហ៍ឃើញពួកគាត់ដោះម៉ាស់ចេញ។ ពេលឈប់និយាយទើបពាក់ម៉ាស់វិញ។
បើទោះបីជាយ៉ាងណា ចៅក្រមជំនុំជម្រះទាំង៣រូប តំណាងអយ្យការពីររូប និងមេធាវីរាជរដ្ឋាភិបាល ដែលជាដើមបណ្តឹងក្នុងសំណុំរឿងនេះ មិនបាន់ពាក់ម៉ាស់នោះឡើយ។ មិនមានការបញ្ជាក់ពីមូលហេតុដែលនាំឱ្យលោកមិនពាក់ម៉ាស់នោះទេ តែប្រហែលជាពួកលោកបានជ្រូតជ្រាបពីការចម្លង ឬការសាយភាយនៃមេរោគនេះហើយ ទើបពួកលោកមិនបារម្ភ ហើយមិនពាក់ម៉ាស់។
ដោយសារតែបទបញ្ជាផ្ទៃក្នុងហាមមិនឱ្យថតរូបក្នុងបន្ទប់សវនាការនោះ ដូច្នេះមិនមានរូបភាពបង្ហាញមិត្តអ្នកអាននោះឡើយ។
សូមបញ្ជាក់ថា សវនាការជំនុំជម្រះលើសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ បានឈានដល់ការបិទបញ្ចប់ការសួរដេញដោលលើសកម្មភាពនយោបាយរបស់លោក កឹម សុខា ដែលប្រព្រឹត្តចន្លោះឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៧ ហើយ ហើយឈានចូលដល់ការសួរដេញដោលលើសកម្មភាពនយោបាយរបស់លោកចន្លោះឆ្នាំ២០០៧ ដល់ឆ្នាំ២០១២។
ឆ្នាំ២០០៧ ដល់ឆ្នាំ២០១២ ជាពេលដែលលោក កឹម សុខា លាឈប់ពីការងារជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មកបង្កើតគណបក្សសិទ្ធិមនុស្ស ហើយឈានទៅបង្កើតគណបក្សសង្គ្រោះជាតិ៕