(ភ្នំពេញ)៖ លោក អៀង ស៊ីធុល ប្រធានសមាគមមរតកកុមារបាសាក់ បានសម្តែងក្តីរំភើបសប្បាយរីករាយ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី តែងតែគិតគូរលើកទឹកចិត្ត និងបន្ដជួយឧបត្ថម្ភគាំទ្រដល់សមាគមសិល្បៈ សមាគម-អង្គការ កុមារកំព្រា ចាស់ជរា ជនពិការនានា ក៏ដូចជាប្រជាពលរដ្ឋជួបការលំបាក ដោយគ្មានការរើសអើង។
ជាពិសេសបន្ដជួយគាំទ្រដល់ក្រុមសិល្បៈបុរណខ្មែរ ដែលមានសមាគមមរតកកុមារបាសាក់ជាដើម ដែលសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានយកចិត្ដទុកដាក់ខ្ពស់ និងតែងតែរួមចំណែកលើកកម្ពស់ និងសម្រាលរាល់ការលំបាកខ្វះខាតរបស់ក្រុមសិល្បៈយើង មិនដែលដាច់នោះឡើយ ។
លោក អៀង ស៊ីធុល បានថ្លែងបន្ដថា លោកអ្នកមានគុណទាំងទ្វេ បានជួយកូនចៅខាងផ្នែកសិល្បៈច្រើនណាស់ ទាំងការជួយសម្រាលបន្ទុកចំនាយនានា តាមរយៈការផ្ដល់ថវិកា ស្បៀងអាហារ និងសម្ភារ លើសពីនោះ ការថ្លែងលើកទឹកចិត្ដជូនកូនចៅ ដោយមិនឱ្យកូនណាម្នាក់ មិនទទួលបានការជួយគាំទ្រនោះឡើយកាលពីកន្លងមកនេះ។
ជាក់ស្ដែងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់អំណោយជាលើកទី៤ ដល់សមាគមមរតកកុមារបាសាក់ ដើម្បីជួយដល់កុមារកំព្រា និងកុមារទីទ័លក្រ ដែលសម្ដែងសិល្បៈបុរាណខ្មែរនៅក្នុងសមាគម មានសមាជិកសរុបចំនួន ៦៥នាក់ (ក្នុងនោះមាន ៤នាក់ជាគ្រូបង្គោល, ៤៧នាក់ជាអ្នកអាចសម្ដែងបាន និងមានកុមារតូចៗកំពុងនៅហាត់រៀន)។
«ដែលនេះ បានជួយលើកកម្ពស់សុខភាព និងសម្រាលទុក្ខលំបាកបានមួយគ្រាៗដល់សិល្បៈករយើង ទាំងក្មេងជំនាន់ក្រោយ, ជាពិសេស សិល្បៈករជើងចាស់ ដែលគាត់មានភាពខ្វះខាត ធ្វើឱ្យពួកយើងបានធូរស្រាលច្រើន ដែលជាកត្ដាជំរុញមួយ ធ្វើឱ្យពួកយើងមិនបោះបង់ចោលនូវអាជីពមួយនេះ»។
ទន្ទឹមនឹងនោះ លោកស្រី ឌី សាវ៉េត ដែលជាកំពូលតារាភាពយន្ដ ដ៏ល្បីឈ្មោះបោះសំឡេង ល្បីសុសសាយនៅកម្ពុជា កាលពីអំឡុងទសវត្សរ៍ទី៦០ និងដើមទសត្សរ៍ទី៧០ រហូតដល់បច្ចុប្បន្ននេះ បានលើកឡើងថា «សម្ដេចតេជោ ហ៊ុនសែន ជា វីរៈបុរសដ៏អង់អាង ឈ្លាសវៃ និងមានទឹកចិត្ដស្មោះសរ ចំពោះប្រជារាស្ដ្រ និងប្រទេសជាតិ ជាពិសេសសម្ដេចតែងតែចុះជួប និងជួយផ្ទាល់ដំណោះស្រាយបញ្ហាជូនពលរដ្ឋ ដែលមានទុក្ខលំបាក។
ជាមួយគ្នានោះ «ខ្ញុំសូមអរគុណ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេច តែងតែជួយកៀរគរសប្បុរសជាតិ និងអន្ដរជាតិ ទាំងក្នុង និងក្រៅស្រុក ដើម្បីស្វែងរកថវិកា សម្ភារជាដើម យកមកសង្គ្រោះពលរដ្ឋកម្ពុជា ដែលរងគ្រោះដោយគ្រោះធម្មជាតិ និងបញ្ហាប្រឈមផ្សេងៗដោយមិនឱ្យពលរដ្ឋក្រខ្សត់ម្នាក់ណាមិនទទួលបានការជួយពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតនោះឡើយ»។
ក្នុងឱកាសជួបសំណេះសំណាល និងប្រគល់អំណោយនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ក៏បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងកោតសរសើរដល់សមាគម ដែលបានចូលរួមចំណែក ក្នុងការជួយបណ្ដុះបណ្ដាលដល់កុមារកំព្រាឱ្យចេះសម្តែងសិល្បៈបាន និងបង្ហាត់បង្រៀនកុមារទាំងនោះ ឱ្យក្លាយជាសិល្បករប្រកបដោយគុណធម៌ សីលធម៌ ជាពិសេសចូលរួមថែរក្សា លើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិឱ្យបានកាន់តែយូរអង្វែងតរៀងទៅ។
សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជា បានផ្តល់ការឧបត្ថម្ភដល់សមាគមមរតកកុមារបាសាក់ បានចំនួន៤លើករួចមកហើយ ក្នុងនោះបានផ្តល់ ថវិកា១ម៉ឺនដុល្លារអាមេរិក កាលពីឆ្នាំ២០១៧ សម្រាប់ជួយជាដើមទុនក្នុងការស្វែងរកចំណូលសម្រាប់សមាគម និងឧបត្ថម្ភប្រចាំឆ្នាំ២០១៨ ឆ្នាំ២០១៩ និង២០២០នេះ ក្នុងមួយឆ្នាំៗ រួមមាន អង្ករចំនួន ២តោន និងថវិកាចំនួន ៥លានរៀល៕