(ភ្នំពេញ)៖ ពាក្យថា «សមិទ្ធផលថ្មី រះលើទឹកដីចាស់» ត្រូវបានតំណាងប្រជាពលរដ្ឋ រស់នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ សរសេរបង្ហោះលើបណ្ដាញសង្គម Facebook ដោយភ្ជាប់មកជាមួយរូបភាព និងខ្លឹមសារពាក់ព័ន្ធការកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងមានទាំងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះបើយោងតាមគណនី Facebook ឈ្មោះ វីរៈ សុខសម្បត្តិ នៅល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ។
ឈ្មោះ វីរៈ សុខសម្បត្តិ បានសរសេរយ៉ាងដូច្នេះថា៖ «សមិទ្ធិផលថ្មី រះលើដីចាស់ ក្នុងនាមខ្ញុំបាទផ្ទាល់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិក្រោលគោ សង្កាត់គីទ្បូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌឬស្សីកែវ ដែលតែងតែ ចុះជួយប្រជាពលរដ្ឋនៅពេលជួបទុក្ខលំបាកក្នុងខណ្ឌ»។
ជាក់ស្តែងនៅក្នុងភូមិក្រោលគោនេះ កាលពីមុនឲ្យតែមានភ្លៀងធ្លាក់មួយមេធំម្តងៗ បង្កឲ្យទឹកលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋរួមទាំងផ្លូវចូលភូមិ ហើយសត្វកណ្តុរ ក៏ដូចជា សត្វល្អិត ផ្សេងៗបានរត់ ចេញពីលូធ្វើឲ្យប្រជាពលរដ្ឋ មានការភ័យខ្លាច ព្រមទាំងមិនឲ្យប្រជាពលរដ្ឋណាកូនឫចៅណាម្នាក់ ចេញទៅប្រកបកិច្ចការរកស៊ី ឫទៅរៀនសូត្របានទ្បើយ។ ប៉ុន្តែខណៈដែលប្រជាពលរដ្ឋ កំពុងជួបការលំបាក ភ្លាមៗនោះ លោក ជា ពិសី រួមនិងសហការី បានចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ និងបន្តនាំយកគ្រឿងចក្រ ចុះស្ដារប្រឡាយបង្ហូរទឹក និងប្រើរថយន្ដមកបូមលូភ្លាមៗ ធ្វើឲ្យទឹកដែលលិចបានស្រកចុះរីងស្ងួតដូចដើម។ ជាបន្តមកលោក ជា ពិសី ក៏បន្តជួយធ្វើហេដ្ឋារចនាសម្ព័ន្ធនានា ដូចជា ផ្លូវបេតុង ដាក់លូតាមលក្ខណៈស្តង់ដា កុំឲ្យលិចទឹកបន្តទៀត ជូនដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានបន្ថែម ដើម្បីសម្រួលនូវការលំបាកនូវខែភ្លៀងម្តងៗ ដូចជាសមិទ្ឋផលថ្មីមួយនេះ ជាក់ស្ដែង។
ក្នុងនាមខ្ញុំបាទ រួមនិងប្រជាពលរដ្ឋ ទាំងអស់ដែលរស់នៅក្នុងសង្កាត់គីទ្បូម៉ែត្រលេខ៦ សូមថ្លែងអំណរគុណ និងសូមជូនពរដល់អភិបាលខណ្ឌឬស្សីកែវ សូមឲ្យមានសុខភាពល្អ កម្លាំងមាំមួន និងប្រកបធ្វើកិច្ចការងារអ្វីសម្រេចបានគ្រប់ភារកិច្ច ដើម្បីជួយកសាងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងខណ្ឌនេះជាបន្តទៀត៕