(ភ្នំពេញ)៖ ក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់សវនការ នៅល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ លោក គី តិច មេធាវីរបស់រាជរដ្ឋាភិបាល ដែលជាដើមបណ្ដឹងរដ្ឋប្បវេណី បានលើកឡើងថា សកម្មភាពរបស់លោក កឹម សុខា មានភាពស៊ីសង្វាក់គ្នាទៅនឹងវីដេអូសារភាពរបស់លោកដែលបាន និយាយកាលពីឆ្នាំ២០១៣ នៅប្រទេសអូស្ត្រាលីថា លោកបានអនុវត្តតាមការបញ្ជារបស់ «គេ» ឱ្យចេញពីមកបង្កើត មជ្ឈមណ្ឌលសិទ្ធិមនុស្ស ។
លោកមេធាវី គី តិច បានបញ្ជាក់យ៉ាងដូច្នេះ៖ «សម្តី និងការអះអាងរបស់ជនជាប់ចោទ កឹម សុខា នៅក្នុងឃ្លីបវីដេអូ វែងដែល កឹម សុខា ដាក់ជូនជាភស្តុតាង សម្រាប់អង្គសវនកា ហើយនិងសកម្មភាពរបស់ជនជាប់ចោទ កឹម សុខា បានធ្វើ គឺស៊ីសង្វាក់គ្នាអត់មានខុសគ្នាទេ»។
មេធាវីរបស់លោក កឹម សុខា បានបន្តថា ជាក់ស្តែង នៅត្រង់ចំណុចទី១ នៅក្នុងសម្តីរបស់ កឹម សុខា បានអះអាងថា គេបានឱ្យគាត់ (កឹម សុខា) ដកខ្លួនមួយរយៈមកបង្កើតមជ្ឈមណ្ឌលសិទ្ធិ ហើយសកម្មភាពដែល លោក កឹម សុខា បាននិយាយ និងសកម្មនេះ គឺបុគ្គលជាប់ចោទ កឹម សុខា បានប្រព្រឹត្តទង្វើនេះមែន ហើយនេះគ្រាន់តែជាកត់សម្គាល់ និងការវាយតម្លៃចំពោះលទ្ធផលនៃការសួរដេញដោលដំណាក់កាលទី១។
លោកមេធាវី គី តិច បានបន្ថែមទៀតថា ដោយឡែកសម្រាប់នៅដំណាក់កាលបន្ទាប់ទៀត គឺនឹងមានការសួរដេញដោល ដោយពិភាក្សាទៅលើសកម្មភាពរបស់លោក កឹម សុខា ចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១២ ក៏ប៉ុន្តែសម្រាប់មួយរសៀលនេះ មិនទាន់បញ្ចប់នៅក្នុងដំណាក់នេះនៅឡើយទេ ដោយសារតែមានសំណួរច្រើនពីតំណាងអយ្យការ មេធាវីការពារក្តីដើមបណ្តឹង និងមេធាវីការពារសិទ្ធិរបស់ជនត្រូវចោទ។
លោកមេធាវី គី តិច បានឱ្យដឹងដែលថា មេធាវីការពារសិទ្ធិឱ្យលោក កឹម សុខា ដែលទើបតែងតាំងថ្មី បានយកសំណួរចាស់ៗយកសួរឡើងវិញ ដែលធ្វើឱ្យរារាំងដំណើរការក្នុងអង្គសវនការផងដែរ។ ដោយឡែកការលើកឡើងរបស់គូភាគី ដែលចង់ប្រើប្រាស់សិទ្ធិរបស់ខ្លួនខ្លាំងពេក តែងតែដាក់សំណួរ ប្រាចាកពីការកំណត់របស់ក្រុមប្រឹក្សាជំនុំជម្រះ ទោះមានការជជែកយ៉ាងផុសផុលយ៉ាងណា ក៏ប៉ុន្តែវាបានធ្វើឱ្យរាំងស្ទះ ក្នុងការជជែកផងដែរ តាមរយៈសំណួរចាស់ៗ របស់មេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ។
បន្ថែមពីនេះ លោកមេធាវី គី តិច បានបញ្ជាក់ថា នៅក្នុងអង្គសវនការនៅរសៀលនេះដែរ មេធាវីការពារសិទ្ធិលោក កឹម សុខា បានផ្តល់ភស្តុតាងមិនច្បាស់ ហើយឯកសារខ្លះជាភាសាបរទេស ជូនដល់តុលាការ នៅក្នុងដំណើរការរឿងក្តីបទល្មើស «សន្ទិដ្ឋិភាពជាមួយបរទេស» របស់កូនក្តីខ្លួន។
សូមបញ្ជាក់ថា លោក កឹម សុខា ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើក្បត់ជាតិឃុបឃិតជាមួយបរទេសផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ហើយត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេលជាង១ឆ្នាំ បន្ទាប់ពីបែកធ្លាយវីដេអូមួយដែលលោកនិយាយថា លោកអនុវត្តតាមការណែនាំពីបរទេស ដើម្បីធ្វើការផ្លាស់ប្តូរប្រទេសកម្ពុជា ដោយយកលំនាំតាមប្រទេសយូហ្គោស្លាវី និងប្រទេសស៊ែប៊ី។
ក្រោយមកលោកត្រូវបានតុលាការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយមិនអនុញ្ញាតឱ្យជួប អតីតថ្នាក់ដឹកនាំ CNRP មិនឱ្យជួបជនបរទេស រួមទាំងមិនអាចចាកចេញពីព្រំដែនផ្លូវដែលតុលាការបានកំណត់។
ទោះជាយ៉ាងនេះក្តី កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកែសម្រួលលក្ខខណ្ឌត្រួតពិនិត្យនេះឡើងវិញដោយដាក់ លោក កឹម សុខា ឱ្យមានសេរីភាពច្រើនជាងមុន ដោយតុលាការហាមឃាត់សិទ្ធិមួយចំនួនប៉ុណ្ណោះ រួមមានដូចជា៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា មិនត្រូវធ្វើសកម្មភាពនយោបាយ និងត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ចផងដែរ៕