(កណ្ដាល)៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានទី១ សហព័ន្ធកីឡាទូកានូ និងរ៉ូអ៊ីងកម្ពុជា តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានលើកទឹកចិត្ត និងជំរុញដល់ក្រុមកីឡាករ-ការិនី ជំនាញទាំងអស់គ្នា ត្រូវខិតខំហ្វឹកហាត់ឱ្យខ្លាំងក្លាបន្ថែមទៀត ដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខនេះ។
ការជំរុញបែបនេះរបស់លោក ប៉ាន សូរស័ក្ដិ នៅធ្វើឡើងនៅក្នុងពិធីបិទ ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» ទូកកានូ-កាយ៉ាក់ ជ្រើសរើសជើងឯកភូមិភាគវាលរាប នៅល្ងាចថ្ងៃទី២៩ ខែមករានេះ នៅឯមាត់ទន្លេបាសាក់ក្រុងតាខ្មៅ ដោយមានការចូលរួមពីសំណាក់លោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល និងមន្ត្រីអ្នកមុខអ្នកការ សិស្សានុសិស្ស ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
លោក ប៉ាន សូរស័ក្ដិ បានថ្លែងបន្តថា ប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» ទូកានូ-កាយ៉ាក់ និងរ៉ូអ៊ីង នៅកម្ពុជា កំពុងទទួលបានការ ចាប់អារម្មណ៍ខ្លាំង និងគាំទ្របណ្ដើរៗហើយពី មហាជន ចាប់តាំងពីសហព័ន្ធ បានកែទម្រង់រចនាសម្ព័ន្ធគ្រប់គ្រងរបស់ខ្លួន, ទន្ទឹមគ្នានេះ សមត្ថភាពរបស់កីឡាករ-ការិនី ក៏មានការរីកចម្រើនគួរឱ្យកត់សំគាល់ ខណៈលោកក៏បានផ្ដល់អនុសាសន៍ មួយចំនួនផងដែរ ដើម្បីជំរុញឱ្យកាន់តែមានសមត្ថភាពខ្លាំងក្លាបន្ថែម ដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខនេះ។
សូមជម្រាបជូនថា ការប្រកួតនេះកីឡាករ-ការិនី មានសមាសភាពចូលរួមប្រកួតមកពី៦ខេត្ត ប្រកួតគ្នាដើម្បីយកជយលាភី ខណៈលទ្ធផលនៃការប្រកួត នាល្ងាចនេះ ចំណាត់ថ្នាក់យោងតាមផ្នែកនីមួយៗ ដូចជា៖
* ផ្នែកចម្រុះ បុរស-នារី វិញ្ញាសា៥០០ម៉ែត្រ លេខ១៖ សមាគមកីឡាទូកខេត្តកណ្ដាល១, លេខ២៖ សមាគមកីឡាទូកខេត្តកណ្ដាល២, លេខ៣៖ សមាគកីឡាខេត្តកំពង់ចាម។
* ផ្នែកនារី វិញ្ញាសា៥០០ម៉ែត្រ លេខ១៖ សមាគមកីឡាទូកខេត្តកណ្ដាល១, លេខ២៖ សមាគមកីឡាទូកខេត្តស្វាយរៀង, លេខ៣៖ សមាគមកីឡាទូកខេត្តកំពង់ចាម
* ផ្នែកបុរស វិញ្ញាសា១០០០ម៉ែត្រ លេខ១៖ សមាគមកីឡាទូកខេត្តកណ្ដាល, លេខ២៖ សមាគមកីឡាទូកខេត្តព្រៃវែង, លេខ៣៖ សមាគមកីឡាទូកខេត្តកំពង់ចាម, លេខ៤៖ សមាគមកីឡាទូកខេត្តត្បូងឃ្មុំ និងលេខ៥៖ សមាគមកីឡាទូកខេត្តកំពង់ធំ ៕