(ព្រះវិហារ)៖ ទេសរដ្ឋមន្ត្រី មាស សុភា រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារចុះជួយខេត្តព្រះវិហារ បានលើកឡើងថា ការបើកវេទិការសាធារណៈ នាពេលនេះធ្វើឡើងក្នុងគោលបំណងដើម្បីផ្ដល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានព្ចោញមតិរបស់ខ្លួន ដែលពាក់ព័ន្ធ និងក្ដីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្ដែងក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតបរាល់តំរូវការ និងសំណូមពរដែលបានលើកឡើងបានចំគោលដៅ ទាន់ពេលវេលា ក្នុងការកែលំអរក្នុងសហគមន៍របស់ពួកគាត់ ឱ្យកាន់តែល្អប្រសើរ ជាពិសេសពង្រឹងការចូលរូមរបស់ប្រជាពលរដ្ឋ លើការអភិវឌ្ឍន៍នៅតាមមូលដ្ឋានឲកាន់តែល្អប្រសើរឡើង ដើម្បើឆ្លើយតបទៅ និងគោលការណ៍នៃការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
ការថ្លែងបែបនេះរបស់លោកទេសរដ្ឋមន្ត្រី មាស សុភា បានធ្វើឡើងនៅព្រឹកថ្ងៃ២៩ ខែមករា ឆ្នាំ២០១៩ ក្នុងបរិវេណវត្តបុទមផ្លារ៉ាម ភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ក្នុងពិធីរៀបចំបើកវេទិការសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត អស់លោក លោកស្រីជាសមាជិកក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។
លោកទេសរដ្ឋមន្ត្រី មាស សុភា បានបញ្ជាក់ផងដែរថា ដើម្បីគាំទ្រ និងរួមចំណែកជម្រុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា, រាជរដ្ឋាភិបាលបានសម្រេចបន្តចាត់តាំងក្រុមការងារថ្នាក់ជាតិ ដើម្បីចុះបេសកកម្មតាម មូលដ្ឋានរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ សំដៅបន្តអនុវត្តកម្មវិធីនយោបាយប្រកបដោយប្រសិទ្ធភាពនៅគ្រប់មូលដ្ឋាននៅទូទាំងប្រទេស។
លើសពីនេះទៅទៀត លោកទេសរដ្ឋមន្រ្តី ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋត្រូវចូលរួមជាមតិយោបល់ និងលើកឡើងបញ្ហាប្រឈមសំណូមពរ ដើម្បីឲ្យគណៈអធិបតីឡើងបកស្រាយចម្ងល់នានា ក៏ដូចជាស្វែងរកដំណោះស្រាយទាំងអស់គ្នា។
ក្នុងឱកាសដ៏មានសារសំខាន់នេះ បងប្អូនប្រជាពលរដ្ឋបានលើកឡើងជាសំនួរនិងសំណូមពរផ្សេងៗ ដើម្បីមានការដោះស្រាយបានទាន់ពេលវេលា ឆ្លើយតបទៅនឹងសំណូមពរចាំបាច់នានា ក្នុងមូលដ្ឋាន ជាពិសេសគឺដើម្បីឲ្យការអនុវត្តន៍គោលនយោបាយក្នុងការអភិវឌ្ឍភូមិ-ឃុំ និងគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់ការទី៤ និងកម្មវិធីកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការរបស់រាជរដ្ឋាភិបាលកម្ពុជាមានប្រសិទ្ធភាពខ្ពស់។
ក្នុងនោះដែរ បងប្អូនប្រជាពលរដ្ឋបានឡើងចូលរួមមានមតិ យ៉ាងផុសផុលប្រកបដោយភាពក្លាហាន ហើយក៏មានការបកស្រាយពីមន្ទីរ ស្ថាប័ន អង្គភាព និងជំនាញពាក់ព័ន្ធទាំងអស់ជូន បងប្អូនបានជ្រាបផងដែរ៕