(តាកែវ)៖ ពិធីបុណ្យដារលាន គឺជាបុណ្យទាក់ទងនឹងជំនឿព្រះពុទ្ធសាសនា ដែលដូនតាខ្មែរគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន តាំងពីយូលង់រហូតមកទល់បច្ចុប្បន្ន។ ជារៀងរាល់ឆ្នាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតែងតែប្រតិបត្តិតរៀងមក ដើម្បីជាការដាស់តឿនក្រើនរំព្ញក ដល់ជនរួមជាតិខ្មែរ និងយុវជនជំនាន់ក្រោយ ឱ្យចងចាំនូវវប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់របស់ជាតិយើង ជាពិសេសដើម្បីរក្សានូវអត្ដសញ្ញាណព្រលឹងជាតិខ្មែរឱ្យបានគង់វង្ស។
នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ អគ្គនាយកដ្ឋានកសិកម្ម សហការជាមួយអាជ្ញាធរដែលដី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានរៀបចំ ប្រារព្វពិធីបុណ្យដារលាននៅភូមិខ្លាកូន ឃុំពត់ស ស្រុកបាទី ខេត្ដតាកែវ ដែលពិធីនេះស្ថិតក្រោមអធិបតីភាព លោករដ្ឋមន្រ្តី វេង សាខុន និង លោកស្រី ម៉ក់ ស៊ីថា ព្រមទាំងលោក អ៊ូច ភា អភិបាលខេត្តតាកែវ ព្រមទាំងថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី លោក លោកស្រី នាងកញ្ញា ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ព្រះសង្ឃ យាយជី តាជី សិស្សានុសិស្ស និងបងប្អូនប្រជា ពលរដ្ឋយ៉ាងច្រើនកុះករ។
លោក អ៊ូច ភា បានថ្លែងថា ពិធីបុណ្យដារលាននាពេលនេះ បានកើតឡើងលើទឹកដីខេត្តតាកែវ ស្របពេលដែលប្រទេសជាតិ កំពុងជ្រកក្រោមម្លប់សុខសន្តិភាពពេញបរិបូណ៌ និងមានការអភិវឌ្ឍន៍ លើគ្រប់វិស័យនៅទូទាំងប្រទេស ដោយឡែកនៅខេត្តតាកែវ ជាពិសេសវិស័យកសិកម្ម។
លោករដ្ឋមន្រ្តី វេង សាខុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រគេនចំពោះព្រះករុណាគ្រប់ព្រះ អង្គ និងជូនចំពោះបងប្អូន ដែលមានវត្តមាននៅទីនេះ និងសូមទទួលយកនូវសិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការកុំបីឃ្លៀងឃ្លាតឡើយ។
ភ្ជាប់ជាមួយនឹងពិធីបុណ្យនាពេលនេះ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណ ជូនចំពោះលោកអភិបាលខេត្ត អាជ្ញាធរស្រុក ឃុំ ភូមិ អគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានមូលមតិគ្នាជាឯកច្ឆន្ទ ជ្រើសរើសយកកន្លែងនេះ រៀបចំប្រារព្វពិធីបុណ្យនេះឡើង បានយ៉ាងល្អគួរឱ្យកោត សរសើរ និងវាយតម្លៃខ្ពស់។
ចំពោះអត្ថន័យនៃពិធីបុណ្យនាពេលនេះ លោករដ្ឋមន្រ្តីបានរំលឹកជូន អង្គពិធីជ្រាបដោយសង្ខេបថា បុណ្យដារលាន ជាបុណ្យដែលទាក់ទងទៅនឹងជំនឿសាសនា របស់ប្រជាពលរដ្ឋខ្មែរ ដែលតែងតែប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន នូវប្រពៃណីទំនៀមទំលាប់នេះ ហើយគេតែងតែប្រារព្វធ្វើក្រោយ ពីបានបញ្ចប់ការងារច្រូតកាត់ និងបោកបែនស្រូវរួចរាល់ ក្នុងគោលបំណងរក្សានូវអត្ដសញ្ញាណព្រលឹងជាតិ គោរពដឹងគុណចំពោះម្ចាស់ទឹក ម្ចាស់ដី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក។
លោកបន្តថា ផ្នែកសង្គមវិញ បុណ្យនេះបានបង្កើតឱកាស ឱ្យប្រជាកសិករបានមកជួបជុំញាតិមិត្ដ បងប្អូនជិតឆ្ងាយ មន្ត្រីជំនាញ អាជ្ញាធរពាក់ព័ន្ធ ដើម្បីពង្រីក និងពង្រីកចំណងសាមគ្គីភាព មិត្តភាព ចែករំលែក ឬផ្លាស់ប្ដូរយោបល់ បទពិសោធន៍ឱ្យគ្នាអំពីការងារបង្កបង្កើនផល បញ្ហាប្រឈម ដំណោះស្រាយ ទទួលបានប្រភពព័ត៌មាន ឬឯកសារសំខាន់ៗទាក់ទងទីផ្សារ បច្ចេកទេសថ្មីៗ ការដាក់តាំងបង្ហាញ លក់ភោគផលកសិកម្ម និងសម្ភារកសិកម្ម។ល។ មួយវិញ ទៀតបុណ្យនេះ គឺបង្កើតបរិយាកាសជូនបងប្អូនកសិករកម្សាន្ដសប្បាយ បន្ទាប់ពីបានចំណាយកម្លាំងកាយ ចិត្តគ្រប់ បែបយ៉ាងនៅក្រោមកម្ដៅព្រះអាទិត្យ និងភ្លៀងផ្គរយ៉ាងប្ដូរផ្ដាច់ អស់រយៈពេលពេញមួយរដូវបង្ក បង្កើនផលកន្លងមក។
ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្រ្តីបានជម្រាបជូនអង្គពិធី ជ្រាបដោយសង្ខេបផងដែរ អំពីស្ថានភាពទូទៅនៃការវិវឌ្ឍន៍រីកចម្រើនរបស់សង្គមជាតិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងមានចក្ខុ វិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្រ្តី។ ស្ថិតក្នុងបរិបទនៃកំណើនសេដ្ឋកិច្ច កំណើនប្រជាជន និងយោងលើសេចក្តីត្រូវការជាមូលដ្ឋាន ក្នុងការលើកកម្ពស់កម្រិតជីវភាព របស់ពលរដ្ឋកាន់តែកើនឡើងជាលំដាប់ រាជរដ្ឋាភិបាលបានដាក់ចេញ នូវកម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក្នុងទិសដៅពិតប្រាកដមួយ គឺដើម្បីជំរុញ និងពន្លឿនការអភិវឌ្ឍន៍លើគ្រប់វិស័យជាជំហានៗច្បាស់លាស់ សមស្របតាម ពេលវេលា និងធនធានរបស់ជាតិ ធ្វើយ៉ាងណាឈានឆ្ពោះទៅសម្រេចគោលដៅនៃឆ្នាំ២០៣០ និង២០៥០។
លោករដ្ឋមន្ត្រីបន្តថា ពិតមែនហើយ វិស័យកសិកម្មបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមទ្រទ្រង់សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចគ្រួសារ ធានាសន្តិសុខស្បៀង អាហារូបត្ថម្ភ គាំទ្រដល់ការនាំចេញ និងជាពិសេសដើម្បីបង្កើនផលិតភាពផលិតកម្មក្នុងស្រុក ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយ កម្មកសិកម្មសំដៅលើកកម្ពស់ផលិតភាពផលិតកម្ម ធានាបានទាំងបរិមាណ និងគុណភាពសម ស្របតាមការប្រែប្រួលអាកាសធាតុ បរិយាប័ន និងនវានុវត្តន៍។ ដោយឡែកស្រូវជាដំណាំចម្បង ដែលបានរួមចំណែកប្រមាណ១៥% នៃតម្លៃបន្ថែមក្នុងវិស័យកសិកម្ម ជាក់ស្តែងផ្ទៃដីដាំដុះសម្រេចបានជាង៣.៣លានហិកតា នៅឆ្នាំ២០១៨ ទិន្នផល១០.៨លានតោន ហើយយោងតាមការប៉ាន់ស្មានជំហានដំបូងនៅឆ្នាំ២០១៩ ផលស្រូវនឹងអាចសម្រេចបាប្រមាណ១០.៨៨ លានតោន និងអាចនៅសល់ស្រូវសរុបជាង៥លានតោន ឬអង្ករចំនួនជាង៣លានតោន។
ថ្លែងសារទៅកាន់ប្រជាពលរដ្ឋប្រមាណ ១២០០នាក់ រួមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងមន្រ្តីរាជការក្រោមឱវាទក្រសួង លោករដ្ឋមន្រ្តីបានក្រើនរំលឹកដល់អង្គពិធីឱ្យយកចិត្តទុក ដាក់ថែរក្សាបុណ្យដារលាននេះ ឱ្យបានគង់វង្សល្អសម្រាប់កូនចៅជំនាន់ក្រោយគោរព ប្រតិបត្តិ និងជាពិសេសត្រូវរួមគ្នាថែរក្សាសមិទ្ធផលទាំងអស់ ដែលរាជរដ្ឋាភិបាលបានកសាង និងដឹងគុណជានិច្ចចំពោះសន្តិភាព មានសន្តិភាពទើបមានស្ថិរភាពសេដ្ឋកិច្ច នយោបាយ សង្គម និងការអភិវឌ្ឍ (អរគុណសន្តិភាព)។
ក្នុងខណ:នេះដែរ លោករដ្ឋមន្ត្រីបានណែនាំឱ្យអគ្គនាយដ្ឋាន កសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងតួអង្គពាក់ព័ន្ធផ្សេងៗទៀត ត្រូវយកចិត្តទុកដាក់ថែមទៀតលើការអនុវត្តបច្ចេកទេស ពង្រឹងនិងពង្រីក ការងារផ្សព្វផ្សាយ និងអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត ការងារស្រាវជ្រាវ និងបណ្តុះបណ្តាល ពង្រឹងការងារដឹកនាំ និងគ្រប់គ្រងសហគមន៍កសិកម្ម ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ជំរុញ និងលើកទឹកចិត្តការចុះ បញ្ជីកសិដ្ឋានគ្រប់ប្រភេទ លើកកម្ពស់ប្រសិទ្ធភាពចំពោះការផ្តល់សេវាសាធារណ: បន្ដពង្រឹង និងពង្រីកកិច្ចសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នជំនាញពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន៕