(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា អមដំណើរដោយក្រុមការងារថ្នាក់ជាតិថ្នាក់ក្រោមជាតិបានប្រទានភ្លើងបូជាសពនាយឧត្តមសេនីយ៍ ខូរ ឈា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ដែលបានទទួលមរណភាពកាលនៅពីវេលាម៉ោង ១០យប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ដោយរោគាពាធ ក្នុងជន្មាយុ៧០ឆ្នាំ។
ស្ថិតក្នុងវេលាដ៏សែនសោកសង្រេងនេះ ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី, នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានសម្តែងនូវសមានទុក្ខដ៏ក្តុកក្តួល សោកស្តាយ អាឡោះអាល័យជាទីបំផុត និងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព និងចាត់ទុកមរណភាពរបស់នាយឧត្តមសេនីយ៍ ខូរ ឈា គឺជាការបាត់បង់ហើយក៏ជាបាត់បង់នូវឥស្សរជនជាន់ខ្ពស់ របស់ជាតិដ៏ឆ្នើមមួយរូប ដែលហ៊ានបូជាសាច់ស្រស់ ឈាមស្រស់ និងលះបង់អាយុជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។
ស្ថិតក្នុងវេលាដ៏សែនសោកសង្រេងនេះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន តំណាងសម្តេចតេជោនាយករដ្ឋមន្រ្តី បានបួងសួងសូមឲ្យដួងវិញ្ញាណក្ខន្ធនាយឧត្តមសេនីយ៍ ខូរ ឈា ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយនឹងទឹកចិត្តស្រលាញ់ អាលោះ អាល័យ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាននាំយកបច្ច័យរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៣០លានរៀល ចូលរួមបុណ្យសពផងដែរ៕