(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ បានជំរុញដល់ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តខិតខំសម្រេចឲ្យខានតែបាន នូវទិសដៅដែលបានដាក់ចេញ សម្រាប់ឆ្នាំ២០២០ និងឆ្នាំបន្តបន្ទាប់។
ការជំរុញបែបនេះ បានធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលរៀបចំធ្វើឡើង នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ។
ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងថា «ទាក់ទងនឹងទិដ្ឋភាពទាំងឡាយ ដែលជាគោលដៅយុទ្ធសាស្រ្ត របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានដាក់ចេញ ក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទ ឆ្នាំ២០១៩-២០២៣ ខ្ញុំសូមអំពាវនាវដល់ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តខិតខំសម្រេចឲ្យខានតែបាន នូវទិសដៅដែលបានដាក់ចេញ សម្រាប់ឆ្នាំ ២០២០ និងឆ្នាំបន្តបន្ទាប់»។
លើសពីនោះទៀត ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ក៏បានស្នើដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដៃអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល និងប្រជាជនគ្រប់រូប ចូលរួមគាំទ្រឲ្យការអនុវត្តផែនការឆ្នាំ ២០២០ របស់ក្រសួងអភិវឌ្ឍន៍ជនបទ សម្រេចបានផ្លែផ្កាថ្មីៗថែមទៀត និងដៃគូរអភិវឌ្ឍន៍ អង្គការក្រៅ រដ្ឋាភិបាល និងវិស័យឯកជនទាំងអស់ បន្តកិច្ចសហការគាំទ្រធនធាន សម្រាប់ការអនុវត្តគម្រោងបន្តបន្ទាប់ទៀត។
ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ជាមួយនឹងលទ្ធផល ដែលក្រសួងអភិវឌ្ឍន៍បទសម្រេចបាន គឺពិតជាសមិទ្ធផលដែលបានរួមចំណែក យ៉ាងធំធេង ដល់ការអនុវត្ត និងអភិវឌ្ឍន៍តំបន់ជនបទ ឲ្យសម្រេចបានដោយជោគជ័យ ហើយលោកសូមធ្វើការកត់ សម្គាល់នូវលទ្ធផលទាំងនោះ ដោយការផ្សារភ្ជាប់ជាមួយ នឹងអនុសាសន៍សំខាន់ៗមួយចំនួនដូចតទៅ៖
ទី១៖ លោកសូមអបអរសាទរ និងកោតសរសើរចំពោះសមិទ្ធផល ដែលសម្រេចបានគួរជាទីមោទនៈទាំងនេះ ពិសេស គឺគោលដៅយុទ្ធសាស្រ្តស្នូលទាំង០៤ របស់ក្រសួងគឺ៖ ពង្រឹងស្ថាប័ន អភិវឌ្ឍ សមត្ថភាព និងធនធាន មនុស្ស, អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍, កែលម្អលក្ខខណ្ឌរស់នៅ និងលើកកម្ពស់ជីវភាពរបស់សហគមន៍ជនបទ និង ពិពិធកម្មសកម្មភាពសេដ្ឋកិច្ច ជនបទ។ គោលដៅស្នូលទាំងនេះ មានលក្ខណៈ គ្រប់ជ្រុងជ្រោយគ្របដណ្តប់ទាំងស្រុង លើសមត្ថកិច្ច ក្រសួងផង និងកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាលផង។
ទី២៖ បន្តគាំទ្ររាជរដ្ឋាភិបាល ធានានូវសុខសន្តិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា។
ទី៣៖ បន្តគាំទ្រ និងចូលរួមអនុវត្តឲ្យកាន់តែសកម្ម លើកម្មវិធីកំណែទម្រង់ស៊ីជម្រៅ យុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
ទី៤៖ បន្តជំរុញការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ និងអភិវឌ្ឍន៍ស្ថាប័នឲ្យកាន់តែប្រសើរឡើង ថែមទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ ទទួលបានភាពរីកចំរើនជាបន្តទៀត។
ទី៥៖ បន្តខិតខំសិក្សាស្រាវជ្រាវបច្ចេកវិជ្ជាថ្មីៗ ដើម្បីកែច្នៃសម្ភារប្រើប្រាស់មួយចំនួន ជំនួសឲ្យការថយចុះយ៉ាងគំហុកនូវវត្ថុធាតុដើម រួមមាន៖ ក្រួសក្រហម ខ្សាច់ភ្នំ -ល- សម្រាប់បម្រើដល់ការ ស្ថាបនា ស្តារឡើងវិញ ថែទាំ និងជួសជុលផ្លូវជនបទ។
ទី៦៖ បន្តលើកកម្ពស់គុណភាព គុណតម្លៃជីវិតរស់នៅ របស់ប្រជាពលរដ្ឋជនបទ និងខិតខំសម្រេចឲ្យបាន ទស្សនវិស័យនៃគោលនយោបាយជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឆ្នាំ២០២៥ ប្រជាជនជនបទគ្រប់រូប ត្រូវទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ និងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាព។
ទី៧៖ បន្តយកចិត្តទុកដាក់ កែប្រែឥរិយាបទនៃការរស់នៅ ឲ្យយល់ដឹងអំពីបញ្ហាសុខភាព ការរស់នៅស្អាត និងបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ឆ្នាំ ២០២៥ បានទូទាំងប្រទេស។
ទី៨៖ បន្តជំរុញសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈសកម្មភាពចលនាភូមិមួយផលិតផលមួយ និងសហគ្រិនភាព ដើម្បីគាំទ្រដល់ការបង្កើនប្រាក់ចំណូលគ្រួសារ និងទប់ស្កាត់ការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន។
ទី៩៖ បន្តអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយខិតខំធ្វើសមាហរណកម្ម មន្រ្តី រាជការ ធនធាន និងទ្រព្យសម្បត្តិទៅថ្នាក់ក្រោមជាតិ ដើម្បីរក្សាឲ្យបាននូវស្ថិរភាពនៃការអភិវឌ្ឍ មូលដ្ឋានប្រកបដោយបរិយាប័ន្ន តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
ទី១០៖ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាអង្គការដៃគូ វិស័យឯកជន និង បណ្តាប្រទេសជាមិត្តនានា ដើម្បីកៀងគរប្រភពធនធានហិរញ្ញវត្ថុ បច្ចេកទេស និងបច្ចេកវិទ្យាថ្មីៗ សម្រាប់ទ្រទ្រង់វិស័យអភិវឌ្ឍន៍ជនបទ ឲ្យមានការរីកចំរើន។
Bong Chetha FN, [29.01.20 18:03]
ទី១១៖ បន្តសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំស្នើសុំរាជរដ្ឋាភិបាល ធ្វើវិសោធន៍កម្ម អនុក្រឹត្យលេខ ១៤១ អនក្រ.បក ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៩ ស្តីពីការបង្កើត គណៈកម្មាធិការដឹកនាំ ការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០០៩ ស្តីពីការគ្រប់គ្រងដីចំណីតាមបណ្តាញផ្លូវជាតិ និងផ្លូវរថភ្លើង ដើម្បីដាក់បញ្ចូលបន្ថែម សមត្ថកិច្ចរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។
ទី១២៖ សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំបែបបទ និងវិធីសាស្រ្ត នៃការបង្កើតផែនការមេផ្លូវថ្នល់ ការរៀបចំគម្រោងប្លង់ និងការកំណត់អាទិភាពគម្រោង។
សូមបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទ បានបំផុស និងប្រមូលផ្តុំគំនិតច្នៃប្រឌិត និងបទពិសោធន៍នានា ពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ រួមគ្នាចងក្រងបាន ជាផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទ សម្រាប់រយៈពេល៥ឆ្នាំ (២០១៩-២០២៣) ដែលមានទិសដៅចម្បង គឺបន្តលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅ របស់ប្រជាជនជនបទ ដោយផ្តោតលើកម្មវិធី៤ មានជាអាទិ៍៖
ទី១៖ ពង្រឹងស្ថាប័ន អភិវឌ្ឍន៍សមត្ថភាព និងធនធានមនុស្ស ដើម្បីធានាប្រសិទ្ធភាព នៃការគ្រប់គ្រងក្រសួងគាំទ្រ ដល់កម្មវិធីអភិវឌ្ឍធនធានមនុស្ស និងអភិបាលកិច្ចល្អ ការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព ទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ សំដៅរួមចំណែក្នុងការអនុវត្ត កម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់ វិមជ្ឈការនិងវិសហមជ្ឈការ និងកំណែទម្រង់ដ៏ទៃទៀតឲ្យកាន់តែ មានប្រសិទ្ធភាពខ្ពស់។
ទី២៖ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍បន្ថែមទៀត ឲ្យដល់គ្រប់ច្រកល្ហក នៃតំបន់ជនបទ ជាពិសេសតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់។
ទី៣៖ កែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់សហគមន៍ជនបទ សំដៅធ្វើឲ្យប្រសើរឡើង នូវគុណភាពនៃការរស់នៅប្រកបដោយផាសុខភាព។ តំបន់ជនបទនឹងគ្របដណ្តប់ទៅដោយ ភូមិឃុំមានបរិស្ថានរស់នៅស្អាតបាត ទទួលបានសេវាចាំបាច់ជាច្រើន ដែលជាផ្នែកមួយជួយជំរុញ ឲ្យមានរបៀបរស់នៅបែបទំនើប។
ទី៤៖ ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ក្នុងន័យបង្កើតការងារ មុខរបរ សហគ្រិនភាព និងសកម្មភាពសេដ្ឋកិច្ច ឲ្យមានរូបភាពចម្រុះ ដោយគិតតាំងពីរបរកសិកម្ម និងមិនមែនកសិកម្មនៅ តាមសហគមន៍ជនបទ ដើម្បីចូលរួមដោះស្រាយបញ្ហាជីវភាព រស់នៅប្រចាំថ្ងៃ បង្កើនប្រាក់ចំណូល គ្រួសារនីមួយៗនៅជនបទ៕