(ព្រៃវែង)៖ ក្រុមអាជីវកររកស៊ីដឹកស្រូវជិត ៣០០នាក់ បានផ្ទុះការតវ៉ាតឹងសរសៃកររហូតដល់ប្រើអំពើហិង្សា វាយកម្ទេចបេនចំណតយកលុយក្បាលឡាន បណ្តាលឲ្យខូចខាតសម្ភារមួយចំនួន តែមិនបណ្តាលឲ្យរងរបួសមនុស្សនោះទេ។
ករណីផ្ទុះហិង្សានេះបានកើតឡើងនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ បន្ទាប់ពីក្រុមអាជីវករឲ្យលុយចំនួន ១០០០០រៀល ទៅអ្នកយាមបេនក្នុងមួយរថយន្ត ហើយត្រូវអ្នកយាមបេនទារ ឡើង ១៥០០០រៀល តែអាជីវករមិនព្រមឲ្យ ក៏កើតរឿងឈានដល់ហឹង្សាតែម្តង។
បើតាមក្រុមអាជីវករបានឲ្យដឹងថា ពួកគាត់កើតក្តីក្តៅក្រហាយយ៉ាងខ្លាំងចំពោះម្ចាស់បេនចំណតចក្រី ស្ថិតនៅក្នុងភូមិប្រស់ស្វា ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែងដែលតម្លើងថ្លៃបេន ទៅតាមអំពើចិត្ត។ មុនឈានដល់ការប្រើអំពើហិង្សានេះឡើង ដោយសារពួកគាត់បានបង់លុយថ្លៃបេនក្នុងមួយរថយន្ត ១០០០០រៀល តែអ្នកយាមបេនមិនព្រមទាមទារតម្លើង ១៥០០០រៀល ហើយថែមទាំងបោះលុយពួកគាត់ចោល ទើបពួកគាត់ក្តៅស្លឹកត្រចៀកផ្ទះការតវ៉ាតែម្តង ដើម្បីឲ្យអាជ្ញាធរខេត្ត ស្រុកជួយអន្តរាគមន៍ជូនពួកគាត់។
លោក ភុន សម្ភស្ស អភិបាលស្រុកព្រះស្តេច បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តព្រៃវែងថា រហូតដល់ម៉ោង១១៖០០នាទីនេះ ស្ថានភាពមានការស្ងប់ស្ងាត់វិញហើយ រង់ចាំសម្របសម្រួលណាមួយពីមន្ត្រី ដែលពាក់ព័ន្ធ ព្រោះកាលណាយើងធ្វើអញ្ចឹងនាំឲ្យខូចដល់មុខមាត់ខេត្ត ហើយរឿងនេះបង្ករឡើងដោយម្ចាស់បេនជាមួយអាជីវករ។ លោកបន្តថា ក្នុងការទាមទាររបស់អាជីវករ គឺចង់ឲ្យបិទបេននេះចោលតែម្តង។
លោកបានបន្ថែមថា រឿងវាមិនធំដុំនោះទេ ដោយសារអាជីវករពួកគាត់ដឹកស្រូវចុះបេនខាងបេនទារលុយមួយរថយន្ត ១៥០០០រៀល ចំណែកអាជីវករសុំបង់ឲ្យ ១០០០០រៀល តែខាងអ្នកយាមបេនមិនព្រម ហើយថែមទាំងយកលុយពួកគាត់បោះចោលទៀត ទើបធ្វើឲ្យអាជីវករខឹងទើបមានរឿងបិទផ្លូវតែម្តង។
ចំណែកម្ចាស់បេនចំណតរថយន្ត បានឲ្យដឹងតាមទូរសព្ទថា បេនចំណតរបស់លោកមានអាជ្ញាបណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងខេត្តត្រឹមត្រូវតាំងពីឆ្នាំ២០០៨មកម្លេះ ហើយចំពោះករណីនេះនៅក្នុងសៀវភៅបន្ទុកយកពី ១០០០០រៀលទៅ ២០០០០រៀល ក្នុងមួយរថយន្តចំណុះពី ១០តោនទៅ ២៥តោន។ តែរាល់ថ្ងៃយកតែ ១០០០០រៀលទៅ ១៥០០០រៀល មិនដែលយកលើសទេបើលើសពី ២០០០០រៀលទេ។
លោកបានបន្តថា ម្ចាស់រថយន្តដឹកស្រូវអត់អីទេ តែស្រីៗដែលចំណេញក្បាលកាក់ ៣ទៅ៤នាក់ បង្កើតចលាចលកាងឡានទាំងអស់ឲ្យយកតែ ១០០០០រៀល តែអត់ព្រមក៏យករថយន្ត ដាក់ពាំងផ្លូវតែម្តងបង្កើតជាបញ្ហា ហើយក្រុមអាជីករចង់រកអាជ្ញាកណ្តាល ដល់ពេលអាជ្ញាធរភូមិ ឃុំទៅសម្របសម្រួលអត់ស្តាប់ ក៏បង្កើតហឹង្សាវាយកម្ទេចស្នាក់ការបេនចោលតែម្តង បណ្តាលឲ្យខូចខាតឯកសារ អាជ្ញាបណ្ណ និងសម្ភារៈមួយចំនួនទៀតផងដែរ។ លោកបានបញ្ជាក់ថា អាជ្ញាបណ្ណបេនរបស់លោកឈ្មោះ នៅ សុខា ក្រុមហ៊ុន ប៊ុន លីវ មានតួនាទីរៀបចំសណ្តាប់ធ្នាប់សាធារណៈឲ្យមានរបៀបរៀបរយ៕