(ភ្នំពេញ)៖ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម នៃក្រសួងសុខាភិបាល នឹងរៀបចំយុទ្ធនាការបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្ដល់ឈាម ផ្ដល់ក្ដីស្រលាញ់» នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដែលជាថ្ងៃយុវជនតែងតែចាត់ទុកថា ទិវានៃក្ដីស្រលាញ់ នៅអគារមជ្ឈមណ្ឌលជាតិផ្ដល់ឈាម (ខាងត្បូងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត»។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានបញ្ជាក់ថា លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ចំពោះចលនារបស់យុវជន សិស្ស និស្សិត ក្នុងសកម្មភាពសង្គមដូចជា ការបរិច្ចាកឈាមជាដើម ហើយកម្មវិធីនៅថ្ងៃទី១៤ ខែកុម្ភៈ លោករដ្ឋមន្ដ្រី នឹងអញ្ជើញជាអធិបតីបើកយុទ្ធនាការនេះផងដែរ។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានឲ្យដឹងដែរថា ក្នុងឆ្នាំ២០១៩ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានផ្គត់ផ្គង់ឈាមប្រមាណ ៦៩,៧៩៦ប្លោក ប៉ុន្ដែសព្វថ្ងៃនេះឈាមមានប្រភពមកពីអ្នកស្ម័គ្រចិត្តបរិច្ចាគ គឺមានត្រឹមតែ២៧ភាគរយប៉ុណ្ណោះ។
លោកវេជ្ជបណ្ឌិត បានអះអាងថា បច្ចុប្បន្នក្នុងមួយថ្ងៃគ្រាន់តែរាជធានីភ្នំពេញ ត្រូវការឈាមប្រមាណ១៥០-២០០ប្លោក សម្រាប់ជួយសង្គ្រោះជនរងគ្រោះ អ្នកជំងឺ ហើយនៅទូទាំងប្រទេសត្រូវការឈាមប្រមាណ២០០-២៥០ប្លោក ជារៀងរាល់ថ្ងៃ ដូច្នេះហើយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម កំពុងត្រូវការអំណោយឈាមស្ម័គ្រចិត្តបន្ថែមទៀត ដើម្បីសង្គ្រោះជីវិតជនរងគ្រោះឲ្យបានទាន់ពេលវេលា។
លោក សុខ ប៉ូ ក៏បានជំរុញ និងអំពាវនាវទៅកាន់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស មេត្ដាចូលរួមបិរច្ចាគឈាមទាំងអស់ ដើម្បីចែករំលែកក្ដីស្រលាញ់ សម្រាប់មនុស្សជាតិ។ ឈាមរបស់អ្នកពិតជាបានដឹកនាំក្ដីស្រលាញ់ និងសារធាតុសំខាន់ៗ ដូចជា អុកស៉ីហ្សែនជាដើម ទៅជួយជីវិតអ្នកជំងឺទាំងឡាយដែលកំពុងរង់ចាំ៕