(ប៉ៃលិន)៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានសហការជាមួយសាលាខេត្តប៉ៃលិន រៀបចំផ្សព្វផ្សាយអំពីរបបគោលនយោបាយសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ដល់មន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធ និយោជក ម្ចាស់ សហគ្រាស គ្រឹះស្ថាន ជុំវិញខេត្តក្រោមអធិបតីលោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន លោក ម៉េង ហុង នាយករង ប.ស.ស ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់តំណាងនិយោជក ម្ចាស់សហគ្រាស គ្រឹះស្ថាន មន្ទីរពេទ្យចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. ធនាគារអេស៊ីលីដា ធនាគារកាណាឌីយ៉ា និងធនាគារឯកទេសវីង នៅក្នុងខេត្តប៉ៃលិន ដែលមានចំនួនអ្នកចូលរួមសរុបប្រមាណ ១០៦នាក់ផងដែរ។
ថ្លែងទៅកាន់អង្គពិធី លោក ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានសម្តែងសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយអំពីរបប គោលនយោបាយសន្តិសុខសង្គមផ្នែកហានិភ័យការងារនិងផ្នែកថែទាំសុខភាព ដល់មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ និយោជក ម្ចាស់ សហគ្រាស គ្រឹះស្ថាន នៃបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នាពេលនេះ ព្រមទាំងកោតសរសើរចំពោះ បេឡាជាតិរបបសន្តិសុខសង្គមខេត្តប៉ៃលិន ដែលខិតខំអនុវត្តការងារប្រកបដោយស្មារតីប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងទាន់ពេលវេលា។
នៅក្នុងឱកាសនោះ លោក ផាន់ ចាន់ធុល ក៏ បានសំណូមពរចំណុចសំខាន់ៗរួមមាន៖
*ទី១ ៖ ការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ សូម ប.ស.ស ខិតខំអនុវត្តផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ផ្តល់ឱកាសឱ្យនិយោជកចូលរួមកិច្ចប្រជុំយ៉ាងតិច ១ឆ្នាំ ១ដង សម្រាប់ជាមូលដ្ឋានផ្សព្វផ្សាយ ដល់និយោជក ម្ចាស់ សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតឱ្យយល់ដឹងពីរបបសន្តិសុខសង្គម
*ទី២ ៖ និយោជក នាយកម្ចាស់ សហគ្រាស គ្រឹះស្ថាន ទាំងអស់ សូមចូលរួមអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជន ទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ឱ្យមាន ប្រសិទ្ធភាពខ្ពស់ និងត្រូវមកចុះបញ្ជីការ សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត និងបង់ភាគទានឱ្យទាន់ពេលវេលា សម្រាប់ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ដើម្បីកុំឱ្យបាត់បង់ដល់អត្ថប្រយោជន៍របស់កម្មករនិយោជិត
*ទី៣ ៖ សូមឱ្យអង្គភាព មន្ទីរ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់នៅក្នុងខេត្ត ចូលរួមសហការជាមួយបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ក្នុងការអនុវត្តច្បាប់នេះឱ្យមានប្រសិទ្ធភាពដើម្បី ចូលរួមចំណែក អភិវឌ្ឍន៍សង្គមជាតិយើងឱ្យមានការរីកចំរើន និងភាពសុខដុមរមនា។
អភិបាលខេត្តបានសង្កត់ធ្ងន់ផងដែរថា សូមឲ្យ ប ប ស ត្រូវជម្រាបជូនរាល់បណ្តាក្រុមហ៊ុន សហគ្រាស តម្រូវអោយកម្មករនិងបុគ្គលិកដែលបម្រើការងារទាំងអស់ត្រូវមានអត្តសញ្ញាប័ណ្ណគ្រប់ៗគ្នា ដើម្បីស្របតាមច្បាប់ព្រះរាជាណាចក្រកម្ពុជាផងដែរហើយស្របនឹងច្បាប់ការងារផងដែរ។
លោក ម៉េង ហុង នាយករងបេឡាជាតិរបបសន្តិសុខសង្គម បានថ្លែងថា កិច្ចប្រជុំ នៅថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណងធ្វើការផ្សព្វផ្សាយគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម និងវឌ្ឍនៈភាពរបស់ ប.ស.ស. បញ្ហាប្រឈម ជាពិសេសធ្វើការពង្រឹងសេវានៃការផ្តល់តាវកាលិកហានិ- ភ័យការងារជូនកម្មករនិយោជិត (ការផ្តល់សេវារបស់មន្ត្រីសាខាខេត្ត/ខណ្ឌ ការផ្តល់សេវារបស់មន្ទីរ ពេទ្យចុះកិច្ចព្រមព្រៀង និងធនាគារអេស៊ីលីដា)។
លោកបានលើកឡើងថា៖ យើងដឹងទេថា គ្រោះថ្នាក់ការងារ គឺគ្រោះថ្នាក់ដែលកើតឡើងនៅ ពេលកម្មករនិយោជិត កំពុងធ្វើការនៅរោងចក្រ សហគ្រាស គ្រឹះស្ថាន ក្រមហ៊ុន និងគ្រោះថ្នាក់ពេល កម្មករនិយោជិត ទៅ និងត្រឡប់មកពីធ្វើការ។ បច្ចុប្បន្ននេះ ប.ស.ស. មានសាខានៅតាមបណ្ដារាជធានី/ ខេត្ត ទាំង២៥ និងមានសហគ្រាស គ្រឹះស្ថាន ចុះបញ្ចិកាសរុបចំនួន ១៤៩៣៥សហគ្រាស សមាជិក សរុប ១៥៧៦២២៥នាក់។ ក្នុងនោះមានមន្ទីរពេទ្យ មណ្ឌលសុខភាព ចុះកិច្ចព្រមព្រៀងក្នុងការផ្តល់សេវាជូន សមាជិក ប.ស.ស. ចំនួន ១៣៩៣កន្លែងផងដែរ។
ម្យ៉ាងទៀតអត្ថប្រយោជន៍ដែលសហគ្រាស គ្រឹះស្ថាន និងសមាជិក (កម្មករនិយោជិត) អាចទទួលបានពី ប.ស.ស. រួមមាន៖ ការសង្គ្រោះបន្ទាន់ ការថែទាំ និងព្យាបាល ការទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ ការទទួលបានប្រាក់ធនលាភ និងប្រាក់វិភាជន៍ សាហ៊ុយបូជាសព តាវកាលិកឧត្តរជីវី សេវាបុននីតិសម្បទា និងការសម្របសម្រួលវិជ្ជាជីវៈឡើងវិញ។
លោក ម៉េង ហុង បានគូសបញ្ជាក់ផងដែរថា៖ កិច្ចប្រជុំនាថ្ងៃនេះក៏ធ្វើការផ្សព្វផ្សាយនូវអនុក្រឹត្យលេខ ១៤០ អនក្រ.បក ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ស្ដីពីការកែសម្រួលមាត្រា ៧ នៃអនុក្រឹត្យលេខ ០១ អនក្រ.បក ចុះថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ ស្ដីពីការបង្កើតរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីការងារ។
មួយវិញទៀត ផ្នែកថែទាំសុខភាព គឺសំដៅទៅលើការផ្តល់យន្តការជូនសមាជិក ប.ស.ស. នូវ សេវាបង្ការសុខភាពនិងតាវកាលិកព្យាបាល និងថែទាំវេជ្ជសាស្ត្រ និងផ្តល់ប្រាក់បំណាច់ប្រចាំថ្ងៃ សម្រាប់រយៈពេលនៃការផ្អាកការងារដោយការព្យាបាលជំងឺ ឬគ្រោះថ្នាក់ផ្សេងៗក្រៅពីការងារ និងការ សម្រាកលំហែមាតុភាពប្រកបដោយប្រសិទ្ធភាពនិងច្បាប់ការងារផងដែរ។
បើតាមរបាយការណ៍ លោក រាម សុមិត្រ ប្រធានសាខា ប.ស.ស ខេត្តប៉ៃលិនបានអោយដឹងថា៖ បច្ចុប្បន្នសហគ្រាស គ្រឹះស្ថានបានចុះបញ្ជីការជាមួយ ប.ស.ស ខេត្តប៉ៃលិនរួមមាន៖ គ្រឹះស្ថានសរុបចំនួន ១៥០ សហគ្រាស ដែលមានកម្មករនិយោជិតចំនួន ៤,៨២៣នាក់ ស្រី២,៦១៩នាក់។ ក្នុងនោះរួមមាន៖ សហគ្រាសកំពុងដំណើរការបង់វិភាគទានក្នុងខេត្តចំនួន ១១៥សហគ្រាស មានកម្មករនិយោជិតចំនួន ៣២៨១នាក់ ស្រី១៧៣៥នាក់ផងដែរ៕