(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានអំពាវនាវប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស អាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមអនុវត្តវិធានការ បង្ការជំងឺរលាកសួត ដែលបង្ករដោយវីរុសកូរ៉ូណាថ្មី (2019-Cov) ស្របតាមវិធានការរបស់ក្រសួងសុខាភិបាល ក្នុងន័យទប់ស្កាត់ និងលើកកម្ពស់សុខភាពអនាម័យ នៅតាមមូលដ្ឋាន។

អភិបាលខេត្ត បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញចុះផ្សព្វផ្សាយវិធានការណ៍បង្ការការចម្លងវីរុសកូរ៉ូណា និងចែកម៉ាស់ចំនួនជាង ១ម៉ឺន ដោយឥតគិតថ្លៃជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៅសាលាវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន និងសាលាវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ ព្រមទាំងមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែន ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ ដែលធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែន តាមច្រកទ្វារអន្តរជាតិព្រំនាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរស្ថាប័នជំនាញជុំវិញខេត្ត និងក្រុមគ្រូពេទ្យជំនាញជាច្រើនរូបផងដែរ។

លោក ផាន់ ចាន់ធុល បានឱ្យដឹងថា ទោះបីជារកឃើញមានអ្នកជម្ងឺ ផ្ទុកវីរុសកូរ៉ូណាមួយករណី នៅខេត្តព្រះសីហនុ លើជនជាតិចិនកាលពីកន្លងទៅនេះ ហើយអ្នកជំងឺនោះមកទល់នឹងពេលនេះ ក៏បានធូរស្បើយវិញហើយ ពេលសុខភាពកាន់តែប្រសើរ នឹងបញ្ជូនអ្នកជំងឺនោះទៅកាន់ ប្រទេសខ្លួនវិញ។ តែទោះជាយ៉ាងណាក៏ដោយ មន្ដ្រីសុខាភិបាលយើងទូទាំងប្រទេស បានចុះអប់រំផ្សព្វផ្សាយបន្ថែមទៀត ទៅដល់ប្រជាពលរដ្ឋ នៅតាមភូមិស្រុកខេត្ដក្រុង ឱ្យបានយល់ដឹងច្បាស់ ពីរោគសញ្ញា និងវិធានការការពារមិនឱ្យឆ្លងវីរុសផ្លូវដង្ហើមប្រភេទថ្មីនេះ ជាពិសេស «កុំឱ្យពួកគាត់ភិតភ័យខ្លាំងពេក តែត្រូវប្រុងប្រយ័ត្នខ្ពស់ និងអនុវត្ដន៍ទៅតាមការណែនាំរបស់ក្រសួងយើងនោះ ពួកគាត់នឹងអាចចៀសផុតពីការឆ្លងវីរុសកូរ៉ូណានេះហើយ ព្រោះយើងបានចាត់វិធានការ និងត្រៀមលក្ខណៈរួចជាស្រេច ទាំងក្រុមគ្រូពេទ្យ បច្ចេកទេសព្យាបាល និងបន្ទប់ដាច់ដោយឡែកសម្រាប់អ្នកមានវីរុសកូរ៉ូណានេះ បន្ទាប់ពីយើង បានដាក់មន្ដ្រី និងម៉ាស៊ីនស្ដេនកំដៅ នៅតាម ច្រកចេញចូលទូទាំងកម្ពុជាយើង»។

នៅក្នុងឱកាសនោះដែរ អភិបាលខេត្ត បានផ្តាំផ្ញើដល់មន្ដ្រីជំនាញពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋ ត្រូវសាមគ្គីគ្នាជួយផ្សព្វផ្សាយ សារអប់រំសុខភាព ពីវិធានការពារ ដែលក្រសួងបានដាក់ចេញ ទាំងការថែរក្សាអនាម័យ និងកុំចេញទៅប្រទេសណា ដែលកំពុងតែមានការផ្ទុះនូវវីរុសនេះ ដើម្បីកុំឱ្យវីរុសប្រភេទថ្មី កើតមានលើប្រជាពលរដ្ឋកម្ពុជាយើង។

លោក ផាន់ ចាន់ធុល បានជំរុញដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្ដនូវវិធានការដូចជា៖

*ទី១ ៖ ចៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកមានជំងឺផ្លូវដង្ហើមស្រួច ឬអ្នកជំងឺដែលសង្ស័យ។
*ទី២ ៖ លាងដៃឲ្យបានញឹកញាប់ (ជាមួយសាប៊ូ និងទឹកស្អាត) ជាពិសេសបន្ទាប់ពីប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺ ឬបរិស្ថានជុំវិញគាត់។
*ទី៣ ៖ ចៀសវាងប៉ះពាល់ជិតស្និទ្ធ ឬទៅទីផ្សារ ឬកសិដ្ឋានដែលមានសត្វរស់ ឬសត្វព្រៃ ឬកន្លែងដែលគេដឹងថាមានវីរុសកំពុងចរាចរ។ ចាំបាច់ ត្រូវលាងដៃឲ្យបានទៀងទាត់មុនពេល និងបន្ទាប់ពីការប៉ះពាល់សត្វ ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគ។
*ទី៤ ៖ ប្រកាន់ខ្ជាប់នូវការអនុវត្តន៍អនាម័យស្អាត និងសុវត្ថិភាពម្ហូបអាហារល្អ ដូចជា ពិសារអាហារដែលចំអិនឆ្អិនល្អ ជាពិសេស សាច់ និងស៊ុត។
*ទី៥ ៖ អ្នកមានរោគសញ្ញាជំងឺផ្លូវដង្ហើមស្រួច ត្រូវខ្ទប់មាត់និងច្រមុះនៅពេលក្អកឬកណ្តាស់ ដោយកន្សែង ក្រម៉ា ឬក្រដាសជូតមាត់។
*ទី៦ ៖ ត្រូវប្រកាន់យកនូវអនាម័យដៃស្អាត និងអនាម័យផ្លូវដង្ហើម (ខ្ទប់មាត់និងច្រមុះនៅពេលក្អកឬកណ្តាស់, លាងដៃបន្ទាប់ពីមានប៉ះជាមួយទឹករំអិលពីផ្លូវដកដង្ហើម និងរក្សាចម្ងាយច្រើនជាង១ម៉ែត្រពីបុគ្គលដែលមានរោគសញ្ញាផ្លូវដង្ហើមស្រួចស្រាវ ជាដើម)។
*ទី៧ ៖ បុគ្គលិកសុខាភិបាលដែលផ្តល់ការថែទាំអ្នកជំងឺត្រូវប្រកាន់ខ្ជាប់នូវវិធានការណ៍បង្ការការចម្លងរោគ ក្នុងគ្រឹះស្ថានសុខាភិបាលឲ្យបានហ្មត់ចត់និងត្រឹមត្រូវតាមបច្ចេកទេសសុខាភិបាល ដើម្បីចៀសវាងការឆ្លងជំងឺនេះមកបុគ្គលខ្លួនឯង។
*ទី៨ ៖ ប្រសិនបើមានសង្ស័យថា ឆ្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះ ដោយមានរោគសញ្ញាដូចជា គ្រុនក្តៅលើសពី ៣៨អង្សាសេ និងមានរោគសញ្ញាមួយយ៉ាងតិចក្នុងចំណោម ក្អក ហូរសំបោរ ឈឺបំពង់ក ដង្ហើមខ្លី និងពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសចិន ដោយបានប៉ះពាល់ជាមួយអ្នកជំងឺផ្លូវដង្ហើម ប៉ះពាល់ជាមួយសត្វឈឺ ក្នុងអំឡុង ១៤ថ្ងៃមុនចេញរោគសញ្ញា ឬដោយបានប៉ះពាល់ជាមួយអ្នកស្លាប់ដោយសារ ជំងឺផ្លូវដង្ហើមស្រួចស្រាវមិនដឹងអំពីអត្តសញ្ញាណ (ប្រភេទមេរោគ) ច្បាស់លាស់ ត្រូវប្រញាប់រាយការណ៍ទៅលេខទូរស័ព្ទទាន់ហេតុការណ៍១១៥។

សូមបញ្ជាក់ថា៖ ទោះបីជារកឃើញអ្នកជម្ងឺជនជាតិចិន មានផ្ទុកវីរុសកូរ៉ូណា មួយករណី នៅខេត្តព្រះសីហនុក៏ពិតមែន ប៉ុន្តែបើតាមការឱ្យដឹងពីក្រសួងសុខាភិបាល គឺមិនទាន់មានប្រជាពលរដ្ឋកម្ពុជាណាម្នាក់ មានជម្ងឺ រលាកសួតប្រភេទថ្មី កូរ៉ូណានេះនៅឡើយទេ៕