(ភ្នំពេញ)៖ លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនី បានថ្លែងថា អាជ្ញាធរអគ្គិសនីគ្រោងនឹងសហការជាមួយអគ្គិសនីកម្ពុជា ក្នុងការបង្កើតបទប្បញ្ញតិ្ត ដើម្បីគ្រប់គ្រងបញ្ហាថ្លៃអគ្គិសនី ដែលប្រើប្រាស់នៅតាមខុនដូ។
ការអះអាងរបស់ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ដែលសម្រេចបាននៅក្នុងឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់អាជ្ញាធរអគ្គិសនីកម្ពុជា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។
លោក យឹម វិសិដ្ឋ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ថ្លៃអគ្គិសនីខ្ពស់សម្រាប់អ្នករស់នៅខុនដូ មានលក្ខណៈស្មុគស្មាញ ពីព្រោះនៅក្នុងវិក័យបត្រអគ្គិសនី ដែលហៅជាទូទៅថា ថ្លៃអគ្គិសនីនោះ វាបានបង្កប់នូវថ្លៃសេវាផ្សេងៗ ដូចជាថ្លៃម៉ាស៉ីនភ្លើងបម្រុង ថ្លៃភ្លើងបំភ្លឺទូទៅ ថ្លៃសេវាសន្តិសុខ ថ្លៃសេវាអាងហែលទឹក ថ្លៃហាត់ប្រាណ ថ្លៃអនាម័យទូទៅ។ល។ ដូច្នេះ អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា ត្រូវសហការគ្នារៀបចំបទប្បញ្ញត្តិមួយ ដើម្បីគ្រប់គ្រងការងារនេះ ដែលគ្រោងឲ្យបានរួចរាល់ក្នុងឆ្នាំ២០២០នេះ»។
ក្នុងសន្និបាតនេះ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ថែមទាំងបានលើកឡើងពីផែនការ និងទិសដៅរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ដែលនឹងត្រូវអនុវត្តន៍បន្ត។
លោកបានថ្លែងឲ្យដឹងថា ផែនការ និងទិសដៅរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ដែលត្រូវអនុវត្តន៍បន្តទាំងនោះមានចំនួន៧ ចំណុចរួមមាន៖
១៖ ចូលរួមជាមួយក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា ដើម្បីជំរុញការអនុវត្តគោលនយោបាយ ចំពោះភូមិដែលពិបាកផ្គត់ផ្គង់ទាំង២៤៣ភូមិ ឲ្យមានអគ្គិសនីប្រើប្រាស់បានឆាប់ និងបន្តពិនិត្យ និងជំរុញឲ្យអ្នកកាន់អាជ្ញាបណ្ណពង្រីកបណ្តាញចែកចាយទៅចុងភូមិ ទៅកាន់តែកៀកផ្ទះប្រជាពលរដ្ឋ ចំពោះភូមិដែលខ្សែបណ្តាញផ្គត់ផ្គង់អគ្គិសនីបានទៅដល់រួច។
២៖ ចូលរួមជំរុញការផ្តល់សេវាអគ្គិសនី ឲ្យមានគ្រប់គ្រាន់ មានគុណភាព ស្ថិរភាព សុវត្ថិភាព និងភាពអាចទុកចិត្តបាន។
៣៖ ចូលរួមជាមួយក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា ដើម្បីអនុវត្តន៍ផែនការបន្ថយថ្លៃលក់អគ្គិសនីឲ្យអ្នកប្រើប្រាស់ និងផែនការកែទម្រង់ការបង់ថ្លៃអគ្គិសនីរបស់អ្នកប្រើប្រាស់ សម្រាប់ឆ្នាំ២០២០ និងឆ្នាំបន្តបន្ទាប់ឲ្យបានជោគជ័យ។
៤៖ បន្តសកម្មភាពនានា ដើម្បីផ្តល់ភាពយុត្តិធម៌ក្នុងការវាស់វែង និងការកត់ត្រាថាមពលអគ្គិសនី របស់អ្នកប្រើប្រាស់។
៥៖ បន្តត្រួតពិនិត្យនិងចាត់វិធានការណ៍ បញ្ហាយកថ្លៃលើសកំណត់ ទាំងថ្លៃអគ្គិសនី ថ្លៃចរន្តភ្ជាប់ ប្រាក់កក់ បង្ខំឲ្យអ្នកប្រើប្រាស់ទិញខ្សែ ការបំភ័ន្តអ្នកប្រើប្រាស់អំពីកម្លាំងភ្ជាប់អគ្គិសនី។
៦៖ បន្តជំរុញការភ្ជាប់ចរន្តឲ្យបន្ទប់ជួល ផ្ទះជួលឲ្យកម្មករ-កម្មការិនី សិស្ស និស្សិត និងចរន្តឲ្យតូបលក់ដូរនៅក្នុងផ្សារ។
៧៖ សហការជាមួយអគ្គិសនីកម្ពុជារៀបចំបទប្បញ្ញត្តិ ដើម្បីគ្រប់គ្រងបញ្ហាថ្លៃអគ្គិសនីនៅក្នុងខុនដូរ៕