(ព្រះសីហនុ)៖ សាខាកាំកុងត្រូលខេត្តព្រះសីហនុដោយមានលោក ប៊ុន ចំរើន ជាប្រធានស្តីទី នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ បានសហការពី មន្ទីពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ នៅផ្សារទំនប់រលក ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូ ម្ហូបអាហារមួយចំនួន មកធ្វើតេស្តបឋមរួមមាន ៖ បង្គារស្រស់ មឹកស្រស់ និង ស្ពៃជ្រក់ ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ។
មន្រ្តីកាំកុងត្រូលខេត្តព្រះសីហនុ ដែលចុះប្រតិបត្តិការនោះ បានឲ្យដឹងថា ជាលទ្ធផល ក្នុងការចុះអង្កេតទំនិញ នៅផ្សារទំនប់រលកខាងលើ មន្ត្រីជំនាញ ពុំបានរកឃើញមានវត្តមានសារធាតុ គីមីហាមឃាត់ នៅលើម្ហូបអាហារខាងលើ និងពុំមានការដាក់តាំងលក់ ទំនិញខូចគុណភាព និងហួសកាលបរិច្ឆទប្រើប្រាស់នោះទេ។
បន្ទាប់មកមន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕