(ភ្នំពេញ)៖ ជាថ្មីម្តងទៀត ដើម្បីកាន់តែច្បាស់នោះ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានអះអាងថា នៅរដូវប្រាំងឆ្នាំ២០២០នេះ ក៏ដូចជាឆ្នាំបន្តបន្ទាប់ទៅមុខទៀត គ្មានឡើយការខ្វះខាតអគ្គិសនីប្រើប្រាស់ ដូចជាកាលពីរដូវប្រាំងឆ្នាំ២០១៩។
ការអះអាងយ៉ាងដូច្នេះធ្វើឡើងក្នុងឱកាស សន្និបាតបូកសរុបលទ្ធផលការងារ ដែលសម្រេចបានក្នុងឆ្នាំ២០១៩ របស់អាជ្ញាធរអគ្គិសនីកម្ពុជា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ។
លោក ស៊ុយ សែម បានថ្លែងយ៉ាងដូច្នេះថា៖ «មេរៀន និងបទពិសោធន៍ដែលយើងបានរៀនសូត្រ និងទទួលបានពីការជួបប្រទះ ការខ្វះខាតអគ្គិសនីនៅរដូវប្រាំង ឆ្នាំ២០១៩ បានធ្វើឲ្យក្រសួងរ៉ែ និងថាមពល បង្កើតការយកចិត្តទុកដាក់កាន់តែខ្លាំង លើសកម្មភាពនៃការអនុវត្តន៍បន្តទៀត ដែលក្នុងនោះមានការរៀបចំផែនការមេ ការបន្ថយអតុល្យភាពនៃអានុភាព ប្រភពអគ្គិសនីរវាងរដូវប្រាំង និងរដូវវស្សា ការអនុវត្តគម្រោងអភិវឌ្ឍន៍មានក្នុងផែនការមេឲ្យទាន់ពេលវេលា និងវិធានការដើម្បីធានាថា នៅរដូវប្រាំងឆ្នាំបន្តបន្ទាប់ទៀត កម្ពុជានឹងមិនជួបបញ្ហាខ្វះអគ្គិសនី...»។
លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បញ្ជាក់យ៉ាងដូច្នេះថា «ដូចឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់រួចហើយថា នៅក្នុងរដូវប្រាំងឆ្នាំ២០២០នេះ ហើយនឹងឆ្នាំ២០២១, ២០២២ នឹងមិនមានការខ្វះខាតអគ្គិសនីដូចនឹងឆ្នាំ២០១៩ទេ យើងដឹងហើយថា ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ក្រសួងរ៉ែ និងថាមពល បានលើកនូវយុទ្ធសាស្ត្រ៣ផ្គុំគ្នា ដើម្បីដោះស្រាយបញ្ហាខ្វះខាតភ្លើង ហើយយុទ្ធសាស្ត្រនេះបានដើររួចហើយ ដូច្នេះតាមបន្ទុកដែលយើងមានក្នុងដៃ ភ្លើងដែលយើងនាំចូល និងម៉ាស៊ីដែលដើរជាបន្តបន្ទាប់ក្នុងឆ្នាំ២០២០នេះ នឹងមិនមានការដាច់ភ្លើង នៅរដូវប្រាំងនេះទៀតទេ»។
លោក យឹម វិសិដ្ឋ បានបញ្ជាក់ទៀតថា «តម្រូវការអគ្គិសនីខ្ពស់បំផុត ក្នុងឆ្នាំ២០២០ មានចំនួន២២០០មេហ្គាវ៉ាត់ ខណៈការផ្គត់ផ្គង់ក្នុងស្រុក និងនាំចូលពីក្រៅប្រទេស លើសពីតម្រូវការអគ្គិសនីហើយនោះ យើងមានថាមពលសម្រាប់បម្រុងទុកប្រមាណ២០-៣០ភាគរយបន្ថែមទៀត ដូច្នេះយើងមានថាមពលសរុបប្រហែល២៦០០-២៧០០មេហ្គាវ៉ាត់»។
ចំពោះតម្លៃអគ្គិសនីនៅកម្ពុជាវិញ បើតាមលោក យឹម វិសិដ្ឋ គឺស្ថិតក្នុងតម្លៃសមរម្យ ខណៈរាជរដ្ឋាភិបាលមានគោលការណ៍ បញ្ចុះតម្លៃជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ២០១៦មក ហើយតម្លៃអគ្គិសនីរបស់កម្ពុជា ក៏មិនថ្លៃខ្ពស់ជាងគេក្នុងតំបន់អាស៊ាននោះដែរ ដោយស្ថិតកម្រិតលេខ៦-៧ ខណៈការបញ្ចុះថ្លៃនឹងមានបន្តបន្ទាប់ទៀត ប៉ុន្មានឆ្នាំក្រោយនេះកម្ពុជា នឹងមានតម្លៃប្រកួតប្រជែងនឹងប្រទេសជិតខាង។
សម្រាប់តាមផែនការឆ្នាំ២០២០ ឲ្យគ្រប់ភូមិទាំងអស់នៅកម្ពុជា មានអគ្គិសនីប្រើប្រាស់ ត្រូវបានលោក យឹម វិសិដ្ឋ បញ្ជាក់ថា អាចនឹងមិនទាន់សម្រេចតាមផែនការ ដោយអាចនៅសេសសល់ភូមិជាង២០០ភូមិ ដែលត្រូវអនុវត្តបន្តក្រោយឆ្នាំ២០២០។
លោកបញ្ជាក់ថា «តាមផែនការឆ្នាំ២០២០ ឲ្យគ្រប់ភូមិមានអគ្គិសនីប្រើប្រាស់ ប៉ុន្តែគិតត្រឹមចុងឆ្នាំ២០១៩ អាជ្ញាធរអគ្គិសនីកម្ពុជា បានសិក្សារកឃើញថា មានភូមិចំនួន១០៣៧ភូមិមិនទានមានអគ្គិសនីប្រើប្រាស់។ តាមការសិក្សាទាំងអគ្គិសនីកម្ពុជា និងសេវាករឯកជន អាចមានលទ្ធភាព ក្នុងការផ្គត់ផ្គង់អគ្គិសនីបន្ថែម ជូនប្រជាជនបានជាង៧០០ភូមិប៉ុណ្ណោះ ដូច្នេះភូមិដែលនៅសល់នឹងបន្តក្នុងឆ្នាំ២០២០ គឺមានចំនួន២៤៣ភូមិទៀត ដែលភូមិទាំងនោះស្ថិតនៅតំបន់លិចទឹក គ្មានផ្លូវ តំបន់កោះ និងរស់នៅបណ្តែតទឹកជាដើម ដែលមានលក្ខណៈស្មុគស្មាញពិបាកនឹងធ្វើការពង្រីកពីបណ្តាញជាតិ»។
លោកបន្ថែមថា ចំពោះភូមិដែលនៅសេសសល់ជាង២០០ភូមិនេះ ទាំងក្រសួង អជ្ញាធរអគ្គិសនី និងអគ្គិសនីកម្ពុជា បាននិងកំពុងប្រើប្រាស់នូវវិធីសាស្ត្រផ្សេងៗ ដើម្បីឲ្យអគ្គិសនីប្រើប្រាស់៕