(ភ្នំពេញ)៖ ប្រតិភូសាកលវិទ្យាល័យចំនួន០២ មកពីសាធារណរដ្ឋឥណ្ឌូនេស៊ី គឺសាកលវិទ្យាល័យជាតិ Universitas Negeri Padang ដឹកនាំដោយ លោកសាកលវិទ្យាធិការ Prof.Ganefri និងសាកលវិទ្យាល័យជាតិ Universitas Djuanda Bogor ដឹកនាំលោកសាកលវិទ្យាធិការ Assoc.Prof.Dr.Dede Kardaya ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានសមាគមសហភាពបញ្ញវ័ន្ដ មុស្លិមកម្ពុជា នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០។
ជំនួបនេះធ្វើឡើងក្នុងឱកាសដំណើរទស្សនកិច្ចរបស់ប្រតិភូ នៃសាកលវិទ្យាល័យទាំង០២ មកកាន់ប្រទេសកម្ពុជា ដែលជាដំណើរទស្សនាកិច្ច ឆ្លើយតបទៅនឹងទស្សនៈកិច្ចរបស់ លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ នៅឯសកលវិទ្យាល័យ Universitas Negeri Padang ចំនួន០២លើក ក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ ហើយក៏ធ្វើឡើងបន្ទាប់ពីជំនួប នឹងចុះអនុស្សារណៈយោគយល់គ្នា រវាងសាកលវិទ្យាល័យទាំងពីរ ជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។
នៅក្នុងឱកាសនោះផងដែរ សាកលវិទ្យាល័យជាតិ Universitas Negeri Padang ដែលជាសាកលវិទ្យាល័យធំលំដាប់ទី០២ ក្នុងខេត្តស៊ូម៉ាត្រា និងលំដាប់ទី២៥ ក្នុងចំណោមសាកលវិទ្យាល័យ ចំនួន៤០០ចំណុះដោយគ្រឹះស្ថានអប់រំរបស់រដ្ឋ ចំនួន៤៥៧ និងមានសិស្ស និស្សិតជិត៤០,០០០នាក់ នៅសាធារណរដ្ឋឥណ្ឌូនេស៊ី បានចុះអនុស្សារណៈយល់គ្នាជាមួយសមាគមសហភាព បញ្ញវន្តមុស្លិមកម្ពុជា ផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន១៥កន្លែង។ ដោយឡែក សាកលវិទ្យាល័យជាតិ Universitas Djuanda Bogor ក៏បានចុះអនុស្សារណៈផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន១០កន្លែងផងដែរ។
ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមជាប្រធានសមាគមសហភាពបញ្ញវន្តមុស្លិមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សាកលវិទ្យាល័យទាំងពីរ ដែលបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដោយមិនប្រកាន់ជាតិសាសន៍ និងសាសនា ដែលនេះគឺជាការរួមចំណែកមួយ ដ៏សំខាន់ជាមួយរាជរដ្ឋាភិបាល។ លោកបានថ្លែងថា នេះគឺជាកូនសោរទី០១ នៃដំណើរកិច្ចសហប្រតិបត្តិការរបស់យើង លោកសង្ឃឹមថា ទៅអនាគត និងមានសាកលវិទ្យាល័យផ្សេងៗទៀត ចូលរួមក្នុងកិច្ចសហប្រតិបត្តិការនេះ។
លោកបន្តថា ជាភ័ព្វសំណាងណាស់សម្រាប់យុវជនជំនាន់ថ្មី ដែលទទួលបានការអប់រំខ្ពស់ និយាយដោយឡែកចំពោះសហគមន៍ឥស្លាមកម្ពុជា ក្រៅពីការជ្រោមជ្រែង ពីប្រទេសជាមិត្ត ក៏ទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដែលធ្វើឲ្យពួកគេមានឱកាសទទួលបាននូវការសិក្សាជ្រៅជ្រះ ថ្វីដ្បិតតែកម្ពុជា មានសាសនាព្រះពុទ្ធ ជាសាសនារបស់រដ្ឋ ក៏ប៉ុន្តែរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋដែលកាន់សាសនាផ្សេងៗស្មើៗគ្នា៕