Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មជ្ឈមណ្ឌលសិក្សាទំនើបនៃសាលាបឋមសិក្សាព្រះនរោត្តម យកចិត្តទុកដាក់ខ្លាំងលើការការពារ និងការណែនាំសិស្សពីជំងឺរលាកសួតប្រភេទថ្មី បង្កទ្បើងពីវីរុសកូរ៉ូណា

29-01-2020 16:27

(ភ្នំពេញ)៖ មជ្ឈមណ្ឌលសិក្សាទំនើបនៃសាលាបឋមសិក្សាព្រះនរោត្តម បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការការពារ និងការណែនាំដល់សិស្សានុសិស្ស ពីការចម្លងដោយសារជំងឺរលាកសួតប្រភេទថ្មី ដែលបង្កទ្បើងពីមេរោគឈ្មោះ វីរុសកូរ៉ូណា (CoronaVirus)។

វីរុសនេះបាននឹងកំពុងរាតត្បាតយ៉ាងខ្លាំងនៅទីក្រុងវូហាន ខេត្តហ៊ូបេ សាធារណរដ្ឋប្រជាមានិតចិន ហើយនិងកំពុងបន្តរាតត្បាតមកដល់ប្រទេសផ្សេងៗ ក្នុងនោះកម្ពុជាមានមួយករណីផងដែរ។ វីរុសនេះងាយឆ្លងបំផុត ចំពោះអ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ ជាពិសេសមនុស្សចាស់ និងកុមារ។

ដោយមើលឃើញពីបញ្ហាប្រឈម ចំពោះកុមារងាយរងគ្រោះដោយរីរុសនេះ មជ្ឈមណ្ឌលសិក្សាទំនើបបានធ្វើការណែនាំ និងត្រួតពិនិត្យថែទាំសុខភាពកុមារ ដើម្បីការពារការចម្លងជំងឺរលាកសួត ដែលបង្កពីវីរុសកូរ៉ូណា ប្រភេទថ្មីនេះតាមរយៈការវាស់កម្តៅខ្លួនរបស់កុមារ ការចែកម៉ាស់ដោយឥតគិតថ្លៃ ការលាងសម្អាតដៃជាមួយនឹងអាល់កុលរៀងរាល់មុនម៉ោងចូលរៀន។

សូមបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលសិក្សាទំនើបនៃសាលាបឋមសិក្សាព្រះនរោត្តម ជាមជ្ឈមណ្ឌលសិក្សាទំនើបសម្រាប់កុមារ ដែលទទួលបានអាជ្ញាបណ្ណពីក្រសួងអប់រំ យុវជន និងកីឡា។ កម្មវិធីសិក្សារួមមាន៖ ភាសាអង់គ្លេស, ភាសាចិន, កុំព្យូទ័រ, កម្មវិធីសិក្សារ៉ូបូទិក ដែលជាកម្មវិធីសិក្សាសាងសង់រ៉ូបូត និងសរសរកូដសម្រាប់កុមារដែលនាំចូលពីសហរដ្ឋអាមេរិក, ថ្នាក់ស្រាវជ្រាវក្នុងបណ្ណល័យ និងថ្នាក់សន្ទនាភាសាអង់គ្លេស៕