(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលរៀបចំធ្វើឡើង នៅសណ្ឋាគារសុខាភ្នំពេញ។
សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០នេះ មានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, តំណាងក្រសួង ស្ថាប័នចំណុះ រាជរដ្ឋាភិបាល, លោក-លោកស្រី អភិបាលរាជធានី-ខេត្ត, ទីប្រឹក្សា អគ្គនាយក អគ្គាធិការ ដៃគូអភិវឌ្ឍ អង្គការជាតិ អង្គការអន្តរជាតិ ប្រធាននាយកដ្ឋាន ប្រធានមន្ទីរ ប្រធានការិយាល័យ និងមន្រ្តីរាជការក្រោមឱវាទ ក្រសួងអភិវឌ្ឍន៍ជនបទជាច្រើនរូប។
បើតាមលោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា អង្គសន្និបាតបានតាមដាន និងផ្តល់មតិយោបល់ លើសេចក្តីព្រាងរបាយការណ៍បូកសរុប វាយតម្លៃការអនុវត្តឆ្នាំ២០១៩ និងទិសដៅការងារ សម្រាប់ឆ្នាំ២០២០ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ទៅលើទិដ្ឋភាពចំនួន០៤ជាសំខាន់ ដែលជាគោលដៅនៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទ ឆ្នាំ២០១៩-២០២៣ របស់ក្រសួង។
លោករដ្ឋមន្ដ្រី អ៊ុក រ៉ាប៊ុន បានបន្ថែមទៀតថា កម្មវិធីជាយុទ្ធសាស្រ្តទាំង០៤នេះ បានគ្របដណ្តប់ទាំងស្រុង ទៅលើបេសកកម្មដែលជាសមត្ថកិច្ចរបស់ក្រសួងផង កម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាលផង និងលើកកម្ពស់ប្រសិទ្ធភាព ក្នុងការបំពេញការងាររបស់ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្របតាមសេចក្តីណែនាំលេខ ០១សណន ចុះថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាលផងដែរ រួមមាន៖
១៖ ពង្រឹងស្ថាប័ន អភិវឌ្ឍសមត្ថភាព និងធនធានមនុស្ស
២៖ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍
៣៖ លើកកម្ពស់ល័ក្ខខ័ណ្ឌ នៃការរស់នៅរបស់សហគមន៍ជនបទ
៤៖ ធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចនៅតំបន់ជនបទ៕