(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ កិត្ដិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ក្នុងពិធីបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅបន្ដ និងបិទវគ្គហ្វឹកហ្វឺនជំនាញកាំភ្លើងធំប្រចាំឆ្នាំ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ បានលើកឡើងថា កងទ័ព គឺជាអ្នកបម្រើប្រជាពលរដ្ឋដោយឥតលក្ខខណ្ឌ។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង បានសង្កត់ធ្ងន់ថា នាយទាហាន ពលទាហាន នៃកងយោធពលខេមរភូមិន្ទ ត្រូវស្មោះត្រង់ ការពារជាតិ សាសនា ព្រះមហាក្សត្រ រាជរដ្ឋាភិបាលស្របច្បាប់ និងសុខសន្តិភាព ហើយប្រឆាំងដាច់ខាតនៅរាល់ឧបាយកល ដែលនាំឲ្យប្រទេសជាតិលេចលុងក្នុងគ្រោះមហន្តរាយ ដោយសារក្រុមក្បត់ជាតិ។
នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង ក្នុងនាមកងយោធពលខេមរភូមិន្ទ បានសម្ដែងនូវការដឹងគុណ និងអរគុណសន្តិភាព ដែលធ្វើឲ្យប្រទេសជាតិ បានសុខសាន្ត សន្តិភាពទូទាំងប្រទេសគ្មានសង្រ្គាម និងការអភិវឌ្ឍលើគ្រប់វិស័យ កងទ័ព និងប្រជាពលរដ្ឋរស់នៅយ៉ាងសុខសាន្ត ក្រោមដំបូលសន្តិភាពដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន។
នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ដោយសារកត្តាអំណោយផល នៃសុខសន្តិភាព ទើបកម្ពុជាមានលទ្ធភាពច្រើន ក្នុងការបន្តកសាងការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ ដើប្បីឆ្លើយតបសំណូមពររបស់ប្រជាពលរដ្ឋ ដូចគ្នានឹងអ្វីដែលប្រទេសធំតូច នៅក្នុងពិភពលោកកំពុងធ្វើផងដែរ ពីព្រោះនៅក្នុងដំណើរ នៃការអភិវឌ្ឍប្រទេស អ្វីៗក៏មិនអាចគ្រប់គ្រាន់ដែរ។
នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង បានលើកទឹកចិត្ត និងជំរុញឲ្យនាយទាហាន និងពលទាហាន នៃបញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ បន្តការបំពេញតួនាទីភារកិច្ចដ៏ល្អរបស់ខ្លួនបន្ថែមទៀត ក្នុងនោះការអនុវត្តឲ្យបានម៉ឺងមាត់នូវអភិក្រមទាំង៥ របស់រាជរដ្ឋាភិបាល បទបញ្ជារបស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការ នៃខ ភ ម ដែលបានដាក់ចុះ។
តាមរបាយការណ៍របស់ នាយឧត្តមសេនីយ៍ ណុប រតនា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានកាំភ្លើងធំ បានឲ្យដឹងថា
បញ្ជាការដ្ឋានកាំភ្លើងធំ ក្នុងរយៈពេលកន្លងមក បានខិតខំបំពេញភារកិច្ចជូនជាតិមាតុភូមិ ទទួលបានស្នាដៃ និងជោគជ័យជាច្រើន ដូចជា ការងារត្រៀមប្រយុទ្ធ នៅតាមបណ្ដាគោលដៅសំខាន់ៗ តាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ-ឡាវ ធានាបានទាំងកម្លាំងប្រយុទ្ធ អាវុធសម្ភារបច្ចេទេសបានយ៉ាងល្អ ពេលមានសភាពការណ៍កើតឡើង ធានាប្រយុទ្ធបានភ្លាម និងមានប្រសិទ្ធិភាព។
បញ្ជាការដ្ឋានកាំភ្លើងធំ ចូលរួមជាមួយបញ្ជាការដ្ឋានអង្គរការពារសន្តិសុខ សុវត្ថិភាព ក្នុងពិធីបុណ្យធំៗជាតិ, អន្តរជាតិ និងត្រៀមវាយកម្ទេចគ្រប់រូបភាព កម្លាំងអមិត្តដែលប៉ុនប៉ងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់, ចូលរួមយ៉ាងសកម្ម ក្នុងការកសាងអង្គភាព ទាំងនៅទីបញ្ជាការទំនេះ និងទីបញ្ជាការជួរមុខដ៏ទៃទៀត ដោយកសាងអគារស្នាក់នៅរោងឃ្លាំង និងហេដ្ឋារចនាសម្ព័ន្ធសម្រេចបានសមិទ្ឋផលជាច្រើនទៀត និងចូលរួមធ្វើលំហាត់សមយុទ្ធ ហនុមានមាស នាគមាស និងកម្មវិធីផ្សេងៗជាច្រើនទៀត ហើយសុទ្ធតែទទួលបានជោគជ័យ។
ជាមួយនេះ អង្គភាពក៏បានបញ្ជូនកម្លាំងចូលរួមមនុស្សធម៌ ជួយសង្គ្រោះកាបាក់រលំអតារនៅខេត្ត ព្រះសីហនុ និងខេត្តកែប។ ក្រៅពីនេះ អង្គភាពបានខិតខំ យកចិត្តទុកដាក់លើការហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញ ទាំងក្នុង និងក្រៅប្រទេសជាច្រើនវត្ត ដើម្បីបង្កើនសមត្ថភាពជំនាញ ឆ្លើយតបបានការប្រើប្រាស់រាល់សព្វាវុធធុនធ្ងន់ទំនើបៗ ដែលបានបំពាក់។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង បានឧបត្ថម្ភបញ្ជាការដ្ឋានកាំភ្លើងធំ មានអង្ករ១០តោន, ទឹកសុទ្ធ២០០កេស, ស្រាបៀ១០០កេស, ទឹកក្រូច១០០កេស, មី១០០កេស, ត្រីខ១០០កេស និងថវិកាមួយចំនួន៕