(កំពត)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំរវាងអាជ្ញាធរ និងមន្ត្រីនៃមន្ទីរពាក់ព័ន្ធក្នុងខេត្ត ជាមួយមន្ត្រីបច្ចេកទេស នៃក្រសួងពាក់ព័ន្ធ និងអ្នកម៉ៅការគម្រោង ដើម្បីពិនិត្យលើវឌ្ឍនភាព និងពិភាក្សាលើគម្រោងក្រោមអធិបតីលោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ជាវ តាយ អភិបាលខេត្តកំពត។
កិច្ចប្រជុំនេះបានលើកជារបៀបវារៈសំខាន់យកមកពិនិត្យនិងពិភាក្សា ក្នុងនោះពាក់ព័ន្ធគម្រោងគាំទ្រការគ្រប់គ្រង និងអនុវត្តការរចនាប្លង់លម្អិត និងការត្រួតពិនិត្យការសាងសង់ សម្រាប់ឈានដល់ការនុវត្តនៅអនុគម្រោងចំនួន២ រួមមានទី១៖ អនុគម្រោងប្រព័ន្ធប្រមូល និងប្រព្រឹត្តិកម្មសំអាតទឹកកខ្វក់ និងប្រព័ន្ធលូដោះទឹកភ្លៀង និងទី២៖ អនុគម្រោងការគ្រប់គ្រងសំណល់រឹងក្រុងកំពត។
ក្នុងកិច្ចប្រជុំនេះលោក ជាវ តាយ បានលើកបញ្ជាក់ថា គម្រោងប្រព័ន្ធប្រមូល និងប្រព្រឹត្តិកម្មសម្អាតទឹកកខ្វក់ និងប្រព័ន្ធលូដោះទឹកភ្លៀង និងការគ្រប់គ្រងសំណល់រឹងក្រុងកំពតនេះ គឺជាគម្រោងមួយបានសិក្សាវាយតម្លៃជាច្រើនឆ្នាំមកហើយ ប៉ុន្តែទើបតែបានចាប់ផ្ដើម ដំណើរការកសាងថ្មីៗនេះ ហើយកិច្ចប្រជុំនៅពេលនេះ គឺជាលើកដំបូងដែលយើងទាំងអស់គ្នា ត្រូវតែរួមគ្នាពិនិត្យពិភាក្សា និងវាយតម្លៃ ឱ្យបានកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីធ្វើការកែលម្អដោះស្រាយឱ្យបានសម្រេចសម្រាប់ការអនុវត្តគម្រោងនេះ ឱ្យទទួលបានលទ្ធផលជោគជ័យ។
លោក វង្ស ពិសិដ្ឋ បានឱ្យដឹងដែរថា គម្រោងខាងលើនេះ គឺជាគម្រោងមួយស្ថិតក្នុងគម្រោង អភិវឌ្ឍក្រុងរបៀង នៃមហាអនុតំបន់ទន្លេមេគង្គទី២ ក្រោមឥណទានកម្ចី របស់ធនាគារអភិវឌ្ឍអាស៊ី (ADB) គឺត្រូវបានរាជរដ្ឋាភិបាល អនុញ្ញាតឱ្យអនុវត្ត ក្នុងក្រុងចំនួន២ គឺក្រុងព្រះសីហនុ និងក្រុងកំពត។
លោក វង្ស ពិសិដ្ឋ ក៏បានស្នើដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចមន្ទីរជំនាញពាក់ព័ន្ធ ត្រូវចូលរួមបង្កើនកិច្ចសហការធ្វើយ៉ាងណាឱ្យដំណើរការ នៃការសាងសង់ប្រព្រឹត្តទៅដោយរលូនទទួលបានលទ្ធផល ជោគជ័យល្អប្រសើរ។
សូមបញ្ជាក់ថា គម្រោងនេះអនុវត្តជាពីរដំណាក់កាល គឺអនុគម្រោងទី១ នៅក្នុងក្រុងកំពត ក្នុងនោះកសាងនៅប្រព័ន្ធប្រមូល និងអាងប្រព្រឹត្តិកម្មសម្អាតទឹកកខ្វក់ និងប្រព័ន្ធដោះទឹកភ្លៀង និងការគ្រប់គ្រងសំណល់រឹង ដោយបានចាប់ផ្ដើមសាងសង់ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ រយៈពេល៧២០ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ ដែលមានថវិកាក្នុងកិច្ចសន្យាសាងសង់ចំនួន ៩.៩៦៩៧៧៦,៧៩ដុល្លារ។
អនុគម្រោងទី២ គឺអាងប្រព្រឹត្តិកម្មសំអាតទឹកកខ្វក់ ស្ថិតនៅក្នុងភូមិត្រពាំងកញ្ឆែត ឃុំកំពង់សំរោង ស្រុកទឹកឈូ ខេត្តកំពត មិនទាន់បានចុះហត្ថលេខា នៅឡើយទេ គឺស្ថិតនៅស្ថានភាពរចនា ប្លង់លំអិត លើផ្ទៃដី១០ហិកតា ដែលនឹងត្រូវបញ្ចប់នៅចុងត្រីមាសទី១ ឆ្នាំ២០២០នេះ នឹងធ្វើការដេញថ្លៃ នៅចុងត្រីមាសទី២ រយៈពេលអនុវត្តគម្រោង គឺ១២ខែ៕