(ឧត្តរមានជ័យ)៖ ប្រជាពលរដ្ឋរកស៊ីដឹកជញ្ចូនមាន់រស់ពីប្រទេសថៃ ឆ្លងកាត់ច្រកអូរស្មាច់ជាច្រើននាក់ តាមរយៈអង្គភាពព័ត៌មាន Frews News បានសំណូមពរដល់ស្ថាប័នជំនាញពាក់ព័ន្ធ ក៏ដូចជា អាជ្ញាធរខេត្តឧត្តរមានជ័យ ជួយជំរុញឲ្យក្រុមហ៊ុន S2V បញ្ចុះតម្លៃពី ១៨០០០រៀល មកត្រឹម ៨៤០០រៀល ក្នុងការដឹកជញ្ជូនមានមួយថ្កាដូចកាលពីមុន។
តំណាងប្រជាពលរដ្ឋរកស៊ីដឹកជញ្ជូនមាន់បានឲ្យដឹងថា កាលពីមុនការដឹកជញ្ជូនមាន់រស់ពីប្រទេសថៃ ឆ្លងកាត់ច្រកអូរស្មាច់ក្នុងមួយថ្កា ដែលមានមាន់រស់ប្រមាណ ១៨ក្បាល ទម្ងន់ប្រហែល ២០គីឡូក្រាម គឺបង់ប្រាក់តែ ៨៤០០រៀលតែប៉ុណ្ណោះ។ ប៉ុន្តែចាប់តាំងពីក្រុមហ៊ុន S2V ទទួលសិទ្ធិផ្តាច់មុខមក គឺត្រូវបង់លុយក្នុងថ្ការហូត ១៩៨០០រៀល ដែលធ្វើឲ្យប្រជាពលរដ្ឋ ជាអ្នករកស៊ីដឹកជញ្ជូនមាន់រស់ផ្ទុះការតវ៉ា ធ្វើឲ្យក្រុមហ៊ុនបញ្ចុះតម្លៃមកត្រឹម ១៨០០០រៀល ក្នុងមួយថ្កាវិញ។
ក្រុមអ្នករកស៊ីដឹកជញ្ជូនមាន់រស់ បានឲ្យដឹងទៀតថា ក្រៅពីនេះក្រុមហ៊ុន បានកំណត់ចំពោះការដឹកជញ្ជូនមាន់ទៀតផង ហើយចំពោះអ្នកដឹកដែលមិនមានបង្កាន់ដៃ ដែលចេញពីក្រុមហ៊ុនគឺគេឲ្យមន្ត្រីសមត្ថកិច្ចចាប់ភ្លាម។
លើសពីនេះទៀត ចំពោះអាជីវករដឹកមាន់យកទៅលក់បន្តនៅខេត្តសៀមរាប និងខេត្តដែលនៅជិតៗ គឺត្រូវបង់លុយឲ្យក្រុមហ៊ុនក្នុងមាន់រស់មួយគីឡូក្រាមតម្លៃ ៥០០រៀល ប៉ុន្តែបើដឹកយកទៅលក់ដល់ភ្នំពេញ គឺត្រូវបង់លុយឲ្យក្រុមហ៊ុនមួយគីឡូក្រាមរហូត ១០០០រៀលឯណោះ។
ម្យាងវិញទៀត បើតាមសំដីរបស់អាជីវករ បច្ចុប្បន្ននេះ ក្រុមហ៊ុន S2V មានរថយន្តធុនធំ ២គ្រឿង សម្រាប់ដឹកមាន់យកទៅភ្នំពេញដោយខ្លួនឯងទៀតផង ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋ ដែលចងការធានាគារទិញរថយន្តស៊ីឈ្នួលដឹកប្រឈមការបាត់មុខរបរ គ្មានលុយបង់ធានាគារទៀតផង។ និយាយរួម ក្រុមហ៊ុនបានម៉ៅផ្តាច់តែម្តង ដោយក្នុងមាន់មួយថ្កាតម្លៃ ២៥០០រៀល ដឹកទៅដល់ភ្នំពេញ។
ករណីខាងលើនេះ ក្រុមប្រជាពលរដ្ឋរកស៊ីដឹកជញ្ជូនមាន់ចេញពីប្រទេសថៃ និងក្រុមអាជីវករទិញមាន់យកទៅលក់បន្តទៅតាមបណ្តាខេត្តនានា សំណូមពរឲ្យស្ថាបន័ជំនាញពាក់ពន្ធ័ និងអាជ្ញាធរខេត្ត ជួយត្រួតពិនិត្យមើលសកម្មភាពរបស់ក្រុមហ៊ុន S2Vផង ព្រោះសព្វថ្ងៃនេះកំពុងតែធ្វើអ្វីស្រេចតែចិត្ត។ ទាក់ទងនិងការចោទប្រកាន់ខាងលើនេះ តំណាងក្រុមហ៊ុន S2V មិនអាចសុំការបំភ្លឺបានទេ។
ដោយឡែក លោកសូត្រ ស៊ីសុខឃៀង ប្រធានមន្ទីរកសិកម្ម រុក្ខប្រម៉ាញ់ និងនេសាទខេត្ត បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅព្រលប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ថា ក្នុងពេលឆាប់ៗនេះ មានក្រុមហ៊ុនមួយទៀត បានទទួលសិទ្ធិក្នុងការដឹកជញ្ជូនមាន់រស់នៅច្រកអូរស្មាច់នេះដែរ ដូច្នេះសរុបក្រុមហ៊ុនទាំងអស់ដែលមានសិទ្ធិដឹកជញ្ចូនមាន់នៅច្រកអូរស្មាច់ មាន២ក្រុមហ៊ុន ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋ ក៏ដូចជាអាជីវករមានភាពងាយស្រួល ក្នុងការជ្រើសសរើសក្រុមហ៊ុនណាមួយដែលគិតថាយកតម្លៃធូរថ្លៃជាង៕