(កោះកុង)៖ មន្រ្តីកងរាជអាវុធហត្ថខេត្តកោះកុង កាលពីថៃ្ងទី២៨ ខែមករា ឆ្នាំ២០២០ បាននាំខ្លួនយុវជនម្នាក់យកទៅធើ្វកិច្ចសន្យា និងអប់រំណែនាំ ក្រោយបុរសរូបនេះ បានបង្ហោះសារមិនពិតតាមរយៈបណ្តាញសង្គមហ្វេសប៊ុកថា មានជនជាតិចិន ២នាក់ បានឆ្លងជំងឺរលាកសួត ដែលបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី ហើយពួកគេទៅលេងកម្សាន្ត នៅក្នុងខេត្តកោះកុង។
ឧត្តមសេនីយ៍ត្រី ថុង ណារ៉ុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា យុវជនរូបនេះ មានហ្វេសប៊ុកឈ្មោះ ជុន ចិន។ ជុន ចិន បានបង្ហោះសារតាមរយៈបណ្តាញសង្គម កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ដោយសរសេរសារថា «នៅតារាសាគរមានអ្នកកើតជំងឺមេរោគ កូរ៉ូណាវីរ៉ុសហើយ»។
ឧត្តមសេនីយ៍ត្រី ថុង ណារ៉ុង បានបន្ថែមថា នេះជាព័ត៌មានមិនពិត ដែលកម្លាំងកងរាចអាវុធហត្ថស្រុក បានស្រាវជ្រាវដឹង ក៏នាំខ្លួនឈ្មោះ ជុន ចិន អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រែកស្មាច់ ឃុំកោះសេ្តច ស្រុកគីរីសាគរ ខេត្តកោះកុង យកធ្វើការសាកសួរ ឆ្លើយបំភ្លឺហើយអប់រំណែនាំឲ្យកែសម្រួលព័ត៌មាន និងបកស្រាយបង្ហោះសារឡើងវិញ ព្រោះនៅខេត្តកោះកុង ពុំមានជំងឺប្រភេទនេះរាលដាលដល់ទេ។ ក្រោយធ្វើការណែនាំនិងឲ្យបុរសនេះធ្វើកិច្ចសន្យារួច ទើបសមត្ថកិច្ចសម្រេចឲ្យគេវិលត្រឡប់ទៅលំនៅដ្ឋានវិញ។
លោក ជុន ចិន បានប្រាប់មន្ត្រីកងរាជអាវុធហត្ថខេត្តកោះកុងថា លោកបានយល់ច្រឡំ ដោយចែករម្លែកសារតពីគេគ្មានប្រភពច្បាស់លាស់។ ចំពោះសកម្មភាពនេះ លោកបានសន្យថា នឹងឈប់បង្ហោះព័ត៌មានមិនពិតទៀតហើយ និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឈប់ចែករម្លែកព័ត៌មានក្លែងក្លាយ ដែលបង្កឲ្យមានការយល់ច្រឡំបន្តទៀតផងដែរ។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ជនជាតិចិនចំនួន ២នាក់ ដែលបានស្នាក់នៅក្នុងខេត្តកោះកុង ពុំមានផ្ទុកមេរោគថ្មីកូរ៉ូណានោះទេ ហើយពេលនេះពួកគេបានធ្វើដំណើរវិលត្រឡប់ទៅប្រទេសចិនវិញហើយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។
រដ្ឋបាលខេត្តកោះកុង បានជូនដំណឹងដល់សាធារណជនទាំងក្នុងប្រទេស និងក្រៅប្រទេសយ៉ាងដូច្នេះថា កន្លងមកមានអ្នកសារព័ត៌មានខ្លះបានចុះផ្សាយថា មានជនជាតិចិន ២នាក់ ឈ្មោះ YIN GONGPING ភេទប្រុស អាយុ ៤៥ឆ្នាំ និងកូន ឈ្មោះ YIN ZHENGYIN ភេទប្រុស អាយុ ១៤ឆ្នាំ មកពីក្រុងវូហាន ខេត្តហ្វីប៉ី (HUPI) នៃសាធារណៈរដ្ឋប្រជាមានិតចិន បានមកស្នាក់នៅកំសាន្ត នៅក្នុងតំបន់វិសមកាលតារាសាគរ ស្រុកគីរីសាគរ ខេត្តកោះកុង ហើយសង្ស័យមានផ្ទុកមេរោគថ្មីកូរ៉ូណា (Corona)។ ប៉ុន្តែតាមការពិនិត្យយ៉ាងយកចិត្តទុកដាក់ ពីក្រុមគ្រូពេទ្យជំនាញរួចមក អ្នកទាំងពីរនោះ ពុំមានផ្ទុកមេរោគថ្មីកូរ៉ូណានោះទេ ហើយបច្ចុប្បន្ននេះ ជនជាតិចិនទាំងពីររូបបានធ្វើដំណើរ វិលត្រឡប់ទៅប្រទេសចិនវិញហើយ។
ការបញ្ជាក់ភ្លាមៗរបស់រដ្ឋបាលខេត្តកោះកុងខាងលើនេះ បានធ្វើឡើងក្រោយមានការផ្សាយតាមបណ្តាញព័ត៌មាន និងបណ្តាញសង្គមថា មានករណីឆ្លងមេរោគកូរ៉ូណា ២នាក់ នៅខេត្តកោះកុង។ គិតត្រឹមរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកជំងឺរលាកសួត កូរ៉ូណា តែម្នាក់ប៉ុណ្ណោះ គឺជនជាតិចិននៅខេត្តព្រះសីហនុ៕